ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គជប​) ជ្រើសរើស​សមាសភាព​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​គធ.ខប ​)​ ចំនួន​ ១៧៥ ​រូប ដើម្បី​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ នាពេលខាងមុខ​ក្នុង​ឆ្នាំ ​២០២២ នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ.ជ.ប. ចុះ​ថ្ងៃទី​ ៣០ ខែមករា ឱ្យដឹងថា សមាសភាព ​១៧៥ ​រូប ដែល​ប្រឡង​ជាប់​សម្រាប់​រាជធានី​- ខេត្ត​នីមួយៗ​មាន​សមាជិក​ចំនួន​ ៧ ​រូប ដោយ​ឆ្លងកាត់​វិញ្ញាសា​ប្រឡង​សំណួរ​សរសេរ​-QCM និង​សម្ភាស​ចំណេះដឹង​ទូទៅ​ទាក់ទង​នឹង​ការបោះឆ្នោត​ជាដើម​។

គ.ជ.ប. បន្តថា មុខតំណែង​ដែល​ប្រកាស​ជ្រើសរើស រួមមាន​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត សមាជិក​ទទួលបន្ទុក​ផ្នែក​រដ្ឋបាល និង​សមាជិក​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​។ សមាជិក​ទទួលបន្ទុក​ផ្នែក​ប្រតិបត្តិ​ការបោះឆ្នោត និង​បច្ចេកទេស សមាជិក​ទទួលបន្ទុក​ផ្នែក​សេវាកម្ម​ច្បាប់ វិវាទកម្ម និង​សន្តិសុខ​បោះឆ្នោត និង​សមាជិក​ទទួលបន្ទុក​ផ្នែក​អប់រំ ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​។

គ.ជ.ប. បញ្ជាក់ថា សមាសភាព​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​ទាំង​ ១៧៥ ​រូប​នឹងត្រូវ​បំពេញភារកិច្ច​ចាប់​ពីថ្ងៃ​អង្គារ​ទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២២ រហូត​ដល់​ថៃ្ង​ព្រហស្បតិ៍ ទី​ ៣០ មិថុនា ឆ្នាំ​ ២០២២ សម្រាប់​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​ ៥​។

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក​ ហង្ស ពុទ្ធា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ដំណើរការ​បោះឆ្នោត​ជា​ប្រតិបត្តិការ​ធំ​នៅ​ទូទាំងប្រទេស ហើយ​ប្រតិបត្តិការ​នេះ​ទាមទារ​ឱ្យមាន​មន្ត្រី​ជំនាញ​ធ្វើការ​បន្ថែម ដើម្បីឱ្យ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​រលូន​។

លោក​ថ្លែងថា​៖ «​ការជ្រើសរើស​នេះ គឺ គជប ខ្លួនឯងបាន​អនុវត្ត​ច្បាប់​ដោយ​តម្រូវ​នឹង​ច្បាប់ គជប​។ ព្រោះ​ការិយាល័យ​បោះឆ្នោត​ទូទាំងប្រទេស​សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​ ១ ៦៥២​។ អ៊ីចឹង ដើម្បី​ចាត់ចែង​ការិយាល័យ​នេះ​បាន​ទើប​យើង​បង្កើត​គណៈកម្មការ​រាជធានី​-​ខេត្ត និង​ជ្រើសរើស​សមាសភាព​ដើម្បី​បំពេញការងារ​»​។

បើតាម​លោក ហង្ស ពុទ្ធា បន្ទាប់ពី​បង្កើត​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​ហើយ គ.ជ.ប. នឹង​បង្កើត​គណៈកម្មការ​ឃុំ​-​សង្កាត់​រៀបចំ​ការបោះឆ្នោត​។ បន្ទាប់មក​ត្រូវបង្កើត​គណៈកម្មការ​ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​ថែម​-​ទៀត​។ គណៈកម្មការ​ទាំងនេះ បង្កើតឡើង​នៅពេល​មានការ​បោះឆ្នោត​តែប៉ុណ្ណោះ​។ ក្រោយ​ការបោះឆ្នោត​រួចរាល់ គណៈកម្មការ​នេះ​ត្រូវ​រំសាយ​វិញ​ជា​ស្វ័យប្រវត្តិ​។

នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌ ដើម្បី​ការបោះឆ្នោត​នៅ​កម្ពុជា​ (​និកហ្វិច​) លោក​ សំ គន្ធាមី ​បង្ហាញ ក្តី​រំពឹងថា សមាសភាព​ទាំងនោះ​នឹងចូលរួម​បំពេញការងារ​ពាក់ព័ន្ធ​ការបោះឆ្នោត​ប្រកបដោយ​តម្លាភាព​។

លោក​ថ្លែងថា​៖ «​ការជ្រើសរើស​សមាសភាព​នោះ​ល្អ​ហើយ តែ​សង្ឃឹមថា គាត់​ធ្វើការ​មាន​តម្លាភាព ហើយ​យើង​នឹង​រង់ចាំ​សង្កេតការណ៍​បន្ថែមទៀត​»​។

គ.ជ.ប. ឱ្យដឹងថា ការប្រឡង​ជ្រើសរើស​នេះ​មាន​មន្ត្រីរាជការ គ.ជ.ប. បម្រើ​ការងារ​នៅ​លេខាធិ​រដ្ឋាន​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​លធ.ខប​) ​មួយ​ចំនួន​បានដាក់​ពាក្យ​ប្រឡង ហើយ​បាន​ជាប់​ជា​ប្រធាន ឬ​ជា​អនុប្រធាន ឬ​ជា​សមាជិក​នៃ​គណៈកម្មការ​រាជធានី​-​ខេត្ត រៀបចំ​ការបោះឆ្នោត ដែលជា​ហេតុ​ធ្វើឱ្យ​កន្លែង​មន្ត្រី​លេខាធិការដ្ឋាន​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​មួយចំនួន​នៅ​ទំនេរ​។

អនុលោម​តាម​ស្មារតី​មាត្រា ​២៣ នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ការគណៈកម្មាធិការ​ជាតិរ​រៀបចំ​ការបោះឆ្នោត​សម្រេច​តែងតាំង​ប្រធាន និង​អនុប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត​ (​លធ.ខប) ​ដោយ​ប្រគល់​ភារកិច្ច​ជូន​អគ្គលេខាធិការ​ (​គជប​) ​ក្នុងការ​រៀបចំ​សមាសភាព​នេះ​។

ក្នុង​ដំណើរ​ការរៀបចំ​សមាសភាព​ខាងលើ អគ្គលេខាធិការ គ.ជ.ប. ត្រូវ​ផ្តល់​អាទិភាព​ចំពោះ​ប្រធាន​ផ្នែក​នៃ លធ.ខប ដែល​មិនបាន​ជាប់​ក្នុង​សមាសភាព​គណៈកម្មការ​រាជធានី​-​ខេត្ត​រៀបចំ​ការបោះឆ្នោត ឬ​ក្នុងករណី​ចាំបាច់ អគ្គលេខាធិការ​ គ.ជ.ប. អាច​ពិនិត្យ​មើល​សមាសភាព​ក្នុងចំណោម​បេក្ខជន​ប្រឡង​មុខតំណែង​ប្រធាន ឬ​អនុប្រធាន ឬ​សមាជិក​ណា ដែលមាន​គុណសម្បត្តិ លក្ខណ​សម្បត្តិ និង​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​បំពេញការងារ​ក្នុង​មុខតំណែង​ទំនេរ​នេះ​។

សូមជម្រាបថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​ ៥ ឆ្នាំ ២០២២ ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​កំណត់​យក​ថ្ងៃទី​ ៥ ខែមិថុនា ឆ្នាំ​ ២០២២ ខាងមុខនេះ​៕