ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​បានចាត់ទុក​របាយការណ៍​អំពី​ការកាប់​ឈើ​ខុសច្បាប់​នៅក្នុង​ដែនជម្រក​សត្វព្រៃ​ឡង់ និង​ព្រៃ​ព្រះរកា​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ ថា​ជា​យុទ្ធនាការ​បំផ្លាញ​មុខមាត់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​បំផ្លើសការពិត​ដើម្បី​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដែលជា​កញ្ចប់​ថវិកា​ពី​ម្ចាស់ជំនួយ​របស់​ពួកគេ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានចាត់ទុក​ការចេញ​របាយការណ៍​របស់​ក្រុម​សមាគម និង​អង្គការ​ទាំង ​៣ ​នេះ គឺជា​ផែនការ​ដ៏អសោច​ក្នុងការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​ចាត់ទុក​ក្រុម​សកម្មជន និង​អង្គការ​ក្នុង​ស្រុក​ថា​ស៊ីជោរ​តាម​ការ​បញ្ចើចបញ្ចើ​របស់​បរទេស និង​ត្រូវបាន​គេ​ប្រើប្រាស់​តាមរយៈ​ការផ្តល់​ថវិកា​គាំទ្រ​គម្រោង​បំផ្លាញ​ប្រទេស​ខ្លួនឯង​ដោយ​មិនដឹង​ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ សម្រាប់​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន ប្រសិន​បើ​មិន​សរសេរ​របាយការណ៍​អាក្រក់​ពី​កម្ពុជា​នោះ​ពួកគេ​នឹងមិន​ទទួលបាន​ជំនួយ​បន្ត​ពី​ម្ចាស់ជំនួយ​ឡើយ​»​។ «​អ្វីដែល​អង្គការ​គ្មាន​វិជ្ជាជីវៈ និង​អង្គការ​មាន​ចរិត​នយោបាយ Amnesty International និង​សហគមន៍ និង​អង្គការ​សម្ព័ន្ធមិត្ត​របស់​ពួកគេ​ធ្វើ​គឺ​បង្ហាញ​យ៉ាងច្បាស់​ជា​យុទ្ធនាការ​ប្រឆាំង​នឹង​កម្ពុជា​។ ប៉ុន្តែ​គោលបំណង ទុច្ចរិត​របស់​ពួកគេ​មិនបាន​ជោគជ័យ​ឡើយ ព្រោះ​ស្ថានភាព​ជាក់ស្តែង​មិន​ដូច​អ្វីដែល​ពួកគេ​លើកឡើង​បំភ្លៃ​ក្នុង​របាយការណ៍​»​។

ក្នុង​ ១ ​សបា្តហ៍​កន្លងមកនេះ ក្រុម​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អង្គការ​អន្តរជាតិ​មួយចំនួន​បានចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​ស្ថានភាព​នៃ​ការការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​នៅ​កម្ពុជា ដែល​រួមមាន​របាយការណ៍​ពី​សាកលវិទ្យាល័យ Copenhagen និង​ក្រុម​បណ្តាញ​សហគមន៍​ក្នុងស្រុក​ពី​គម្រោង​យុត្តិធម៌​បរិស្ថាន​។

ហើយ​នៅ​ថ្ងៃទី ​២៨ ខែមករា ឆ្នាំ ២០២២ នេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) បាន​ផ្សាយ​ចេញ​របាយការណ៍​មួយ​ក្រោម​ចំណងជើង​ថា «​ការកាប់​ឈើ​ខុសច្បាប់​ធ្វើឱ្យ​អន្តរាយ​ដល់​សិទ្ធិ និង​វប្បធម៌​របស់​ជនជាតិ​-​ដើម​ភាគតិច​» ទាក់ទង​នឹង​ដែនជម្រក​សត្វព្រៃ​ចំនួន ​២ គឺ ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃឡង់ និង​ព្រៃ​ព្រះរកា​។

ការចេញ​របាយការណ៍​ជា​បន្តបន្ទាប់​របស់​ក្រុម​អង្គការ​ទាំងនោះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​អះអាង ថា មាន​ការសម្របសម្រួល​រៀបចំ​ជា​លក្ខណៈ​ប្រព័ន្ធ​ក្នុង​យុទ្ធនាការ​បំផ្លាញ​មុខមាត់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ និង​ព្យាយាម​បង្កើត​ការយល់ច្រឡំ​របស់​ពលរដ្ឋ​លើ​កិច្ចការ​អភិរក្ស ខណៈ​កម្ពុជា​ត្រូវបាន​ពិភពលោក​កោតសរសើរ​ថា​ជា​ប្រជាជាតិ​ដំបូង​គេ​នៅ​អាស៊ីអាគ្នេយ៍​ដែល​បានដាក់​ចេញ​នូវ​ផែនការ​ ដើម្បី​សម្រេច​ឱ្យបាន​នូវ​អព្យាក្រឹ​​កាបូន​នៅ​ឆ្នាំ​ ២០៥០ និង​ការដែល​កម្ពុជា​ទទួលជោគជ័យ​ជា​បន្តបន្ទាប់​លក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​អន្តរជាតិ​។

លោក ភក្ត្រា ថ្លែងថា នៅ​រៀងរាល់​ដើមឆ្នាំ​នីមួយៗ​គឺជា​រដូវកាល​ដែល​សមាគម និង​អង្គការ​សង្គម​ស៊ីវិល​ចេញ​របាយការណ៍​ដើម្បី​ធ្វើ​អាជីវកម្ម និង​ទាញ​ចំណេញ​ផលប្រយោជន៍​ពី​បញ្ហា​បរិស្ថាន និង​ធនធានធម្មជាតិ​ក្នុង​គោលដៅ​ដើម្បី​ធ្វើ​របាយការណ៍​ប្រចាំឆ្នាំ​ដែល​ពួកគេ​ចាយលុយ​ម្ចាស់ជំនួយ​ផង និង​ដើម្បី​ស្វែងរក​ការគាំទ្រ​ថវិកា​បន្ថែមទៀត​សម្រាប់​ឆ្នាំ​ទៅមុខ​។

លោក​បន្តថា​៖ «​ម្ចាស់ជំនួយ​គួរ​ពិចារណា​បន្ថែម​ផ្តល់​ការគាំទ្រ​ចំពោះ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​បម្រើ​ឧត្តម​ប្រយោជន៍​ពិតប្រាកដ​ជាជាង​គាំទ្រ​ចំពោះ​ក្រុម​អ្នក​តាំងខ្លួន​ជា​អ្នក​ស្រឡាញ់ និង​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​ធ្វើ​មុខ​ជំនួញ ទាញ​ចំណេញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ពោរពេញ​ដោយ​ជំងឺ​តួឯក គិតថា​មានតែ​ខ្លួន និង​បក្ខ​ពួកខ្លួន​ប៉ុណ្ណោះ​ដែល​ស្រឡាញ់ និង​ការពារ​ធនធាន​ធម្មជាតិ​។ ចំណែក​មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន អង្គការ​ក្រៅ​រដ្ឋា​បាល​ភាគច្រើន​ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល និង​ប្រជាសហគមន៍​តំបន់ការពារធម្មជាតិ​ដែល​លះបង់​សព្វបែបយ៉ាង​ដើម្បី​បុព្វហេតុ​បរិស្ថាន​ និង​ធនធានធម្មជាតិ បែរជា​ត្រូវបាន​ចោទប្រកាន់ថា​ជា​អ្នក​បំផ្លាញ​ធនធាន​ធម្មជាតិ​ទៅវិញ​»​។

ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ពី​បញ្ហា​ពុករលួយ​លោក នេត្រ ភក្ត្រា ឱ្យ​អង្គការ Amnesty International បង្ហាញ​ភ័ស្តុតាង​ឱ្យ​ច្បាស់លាស់ ថា​តើ​បុគ្គល​ណា​ម្នាក់​ពិតប្រាក​ដដែល​បាន​ប្រព្រឹត្ត​នោះ​ចៀសវាង​ការនិយាយ​ចោទប្រកាន់​ដោយ​គ្មាន​ភ័ស្តុតាង​ជាទូទៅ​ក្នុង​ចេតនា​បង្ខូចកេរ្តិ៍​ឈ្មោះ​របស់​មន្ត្រី​ក្រសួង​បរិស្ថាន​ទាំងមូល​។

លោក​បញ្ជាក់ថា ប្រសិន​មាន​ភ័ស្តុតាង​ច្បាស់លាស់​មែន ក្រសួងបរិស្ថាន​សូម​ស្វាគមន៍ និង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ចោទប្រកាន់​ទាំងនោះ​។ ប៉ុន្តែ​បើ​ត្រឹម​លើកឡើង​បែប​អនាមិក​នោះ​បង្ហាញថា អង្គការ Amnesty International គ្រាន់តែ​ជា​អង្គការ​ប្រឌិត​របាយការណ៍​ឡើង​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា និង​សងសឹក​ជំនួស​ឱ្យ​បក្ខ​ពួកខ្លួន​នៅក្នុង​ស្រុក​ដែល​កំពុងតែ​បំពាន​ច្បាប់ និង​ធ្វើ​សកម្មភាព​វិទ្ធង្សនា​ប្រឆាំង​កម្ពុជា ជ្រក​ក្រោម​ស្លាក​អ្នក​ស្រឡាញ់​បរិស្ថាន និង​ធនធានធម្មជាតិ​តែប៉ុណ្ណោះ​។ ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​នេះ​ពួកគេ​បាន​ធ្វើជា​ច្រើនដង​រួចមកហើយ និង​គ្មាន​តម្លៃ​ទៀត​ទេ​។

​លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​គូសបញ្ជាក់ថា មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន​ដែល​បាននិង​កំពុង​បំពេញ​តួនាទី​ប្រកបដោយ​ការទទួល​ខុសត្រូវ និង​វិជ្ជាជីវៈ​ក្នុង​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​»​។

បើតាម​លោក ភក្ត្រា បច្ចុប្បន្ននេះ​ស្ថានភាព​នៃ​ការការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ​មាន​ភាពល្អប្រសើរ កម្រិត​នៃ​ភាព​រេចរឹល​នៃ​ព្រៃឈើ​មានការ​ធ្លាក់ចុះ ហើយ​កម្ពុជា​បាន​និងកំពុង​ការពារ និង​អភិរក្ស​ព្រៃ​ធម្មជាតិ​ដែល​នៅ​សស់ និង​បាន​លក់​ឥណទាន​កាបូន​នៅលើ​ទីផ្សារ​ស្ម័គ្រចិត្ត​ថែមទៀត​ផង​ចាប់តាំងពី​ឆ្នាំ​ ២០១៦ មក ក្រោម​ពាក្យស្លោក «​ថែរ​រក្សា​ឈើ​ឈរ ដើម្បី​រក​ចំណូល​»​។

លោក​បានឱ្យដឹងថា ប្រទេស​កម្ពុជា​ បាន​ប្តេជ្ញា​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ត្រួតពិនិត្យ​ព្រៃឈើ​ជាតិ និង​ប្រព័ន្ធ​ព័ត៌មាន​សុវត្ថិភាព​បរិស្ថាន និង​សង្គម សម្រាប់​ការអនុវត្ត​គម្រោង​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ពី​ការបាត់បង់ និង​រេចរឹល​ព្រៃឈើ (REDD+) និង​កំណត់​គោលដៅ​កាត់បន្ថយ​អត្រា​នៃ​ការបាត់បង់​ព្រៃឈើ​មក​ត្រឹម​ពាក់កណ្តាល​នៅត្រឹម​ឆ្នាំ​ ២០៣០ ក្នុង​វិស័យ​ព្រៃឈើ និង​ការប្រើប្រាស់​ដី (FOLU) ស្របតាម​យុទ្ធសាស្ត្រ​រ៉េដ​បូក​ជាតិ​កម្ពុជា​។

ក្រសួងបរិស្ថាន​មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ការពារ និង​គោរព​សិទ្ធិ​របស់​ជនជាតិដើម​ភាគតិច​គួយ​ដែល​រស់នៅក្នុង​តំបន់​ការពារ​ធម្មជាតិ ដោយបាន​ចែករំលែក​ការទទួល​ខុសត្រូវ​ដល់​ពួកគេ​ក្នុង​កិច្ចការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​ការបង្កើត​សហគមន៍ តំបន់​ការពារ​ធម្មជាតិ និង​ទទួលស្គាល់​ពួកគេ​តាមផ្លូវ​ច្បាប់​។ ក្នុងចំណោម​សហគមន៍​តំបន់​ការពារធម្មជាតិ​ទាំង ១៨២ នៅក្នុង​តំបន់​ការពារ​ធម្មជាតិ មាន​សហគមន៍​របស់​ជនជាតិដើម​ភាគតិច​ចំនួន ៥២ ក្នុងនោះ​រាប់ទាំង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​គួយ​ក្នុង​ខេត្តព្រះវិហារ​ចំនួន ៨ ដែល​កំពុងតែ​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រសួងបរិស្ថាន​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​។

លោក​បញ្ជាក់ថា​៖ «​ពួកគេ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ​ក្នុង​ការចុះ​ល្បាត​ព្រៃ​ដែល​អនុញ្ញាត​ដោយ​ច្បាប់ និង​ទទួលបាន​កិច្ចសហការ​ល្អ​ពី​ក្រសួង​បរិស្ថាន ព្រមទាំង​ទទួលបាន​អត្ថប្រយោជន៍​ជាច្រើន​ពី​ក្រសួងបរិស្ថាន​ក្នុង​ការលើកកម្ពស់​ជីវ​ភាព​រស់នៅ​របស់​ពួកគាត់​តាមរយៈ​ការបង្កើត​មុខរបរ បង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​»​។

លោក ភក្ត្រា ថា អ្វីដែល​អង្គការ Amnesty International លើកឡើង​លើ​ករណី​ជនជាតិដើម​ភាគតិច​គួយ​ក្នុង​របាយការណ៍​ពួកគេ គឺជា​ការភូត កុហក និង​បង្កប់​ចរិត​នយោបាយ​ក្នុងការ​ចោទប្រកាន់​គ្មាន​មូលដ្ឋាន​ប្រឆាំងនឹង​កម្ពុជា​។ អង្គការ​នេះ​បាន​ព្យាយាម​ក្នុងការ​ការពារ​ក្រុម​ជន​ខិលខូច​មួយចំនួន ដែល​ជ្រក​ក្រោម​ស្លាក​អ្នក​ស្រឡាញ់​ធនធានធម្មជាតិ និង​បរិស្ថាន និង​ពេលនេះ​បាន​យក​ករណី​ជនជាតិដើម​ភាគតិច​មក​កេងចំណេញ​នយោបាយ​។ ពួកគេ​មិនមែន​ជា​អ្នក​តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ស្របច្បាប់​ឡើយ តែ​ជា​សកម្មជន​នយោបាយ​ជ្រក​ក្រោម​ស្លាក​បរិស្ថាន និង​ធនធានធម្មជាតិ​ច្រើនជាង​៕

វីដេអូ៖