ភ្នំពេញ/បន្ទាយមានជ័យៈ ​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​ រាជធានី​ភ្នំពេញ កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​រាជធានី​ភ្នំពេញ បន្ទាប់​​ពី​ចាប់ខ្លួន​ពីថ្ងៃ​ទី​ ២៩ ខែមករា ឆ្នាំ​ ២០២២ ពាក់ព័ន្ធ​ករណី​ឆក់​កាបូប​ធ្វើឱ្យ​ស្ត្រី​ម្នាក់​ដួល​បោក​ក្បាល​ និង​ស្លាប់​នៅ​មន្ទីរពេទ្យ ប្រព្រឹត្ត​នៅ​ម្តុំ​ផ្សារ​សេនជូរីផ្លាហ្សា ក្នុង​សង្កាត់​កាកាប​ទី​ ១ ខណ្ឌ​​ពោធិ៍សែនជ័យ​កាលពី​ថ្ងៃទី​ ១៥ មករា ខណៈ​ក្រុមចោរប្លន់​ ២ ​នាក់​ផ្សេងទៀត​ក៏ត្រូវ​បាន​នគរបាល​បញ្ជូនទៅ​តុលាការខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​ ៣១ មករា ឆ្នាំ ​២០២២​។

លោក ជា សុវណ្ណ អធិការរង​នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣១ មករា ថា ជនសង្ស័យ​ឈ្មោះ ជុំ សុខបញ្ញា ភេទ​ប្រុស អាយុ ​១៨​ ឆ្នាំ ជា​សិស្ស រស់នៅ​ភូមិ​ត្រពាំងគល់ សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។

លោក​ថា​៖ «​យើង​កំពុង​បន្ត​នីតិវិធី​លើ​សំណុំរឿង និង​កំពុង​សាកសួរ​ជនសង្ស័យ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​នៅឡើយ​ទេ​នៅថ្ងៃនេះ ​(​ថ្ងៃទី​ ៣១ ​មករា​)​។

ប៉ុន្តែ​យើង​បាន​បញ្ជូន​កំណត់ហេតុ​របស់​ជនសង្ស័​យ​ម្នាក់នេះ​ទៅ​តុលាការ​មុន​ហើយ​»​។

គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​ ១៥ មករា ឆ្នាំ​ ២០២២ មុន​កើតហេតុ ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុក កាន់និកា អាយុ ​៤១ ​ឆ្នាំ បាន​ជិះ​ម៉ូតូ​តែម្នាក់ឯង​ចេញពីផ្ទះ​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​​ចោមចៅ​ទី​ ៣ ទៅ​ផ្សារ​សេនជូរីផ្លាហ្សា​បំណង​ទិញ​អីវ៉ាន់​។ ​លុះ​ធ្វើដំណើរ​ដល់​ចំណុច​កើតហេតុ​នៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចោរឆក់​កាបូប​លុយ​របស់គាត់​ធ្វើឱ្យ​ជនរងគ្រោះ​ដួល​ម៉ូតូ​បោក​ក្បាល​នឹង​ថ្នល់​។ ​ភ្លាមៗ​​នោះ​នគរបាល​មូលដ្ឋាន​បាន​ដឹក​ទៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ដើម្បី​សង្គ្រោះ តែ​រហូត​ដល់​ថ្ងៃទី​ ១៩ មករា គាត់​ក៏បាន​ស្លាប់​។

ករណី​ដោយឡែក​មួយទៀត​កាលពី​ថ្ងៃទី​ ៣១ មករា នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បន្ទាយមានជ័យ​បាន​បញ្ជូន​បុរស​សង្ស័យ​ ២​នាក់​ទៅ​សាលាដំបូង​ខេត្ត បន្ទាប់ពី​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ២៩ មករា ពាក់ព័ន្ធ​នឹង​អំពើ​ឆក់​ប្លន់ ។

លោក​ ភឿង ម៉ាន់សិង្ហ នាយ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្តបន្ទាយមានជ័យ​បានឱ្យដឹង​នៅ​ថ្ងៃទី​ ៣១ មករា ថា ជនសង្ស័យ ​២ ​នាក់​នោះ ទី​ ១- ​ឈ្មោះ សុក សុវណ្ណ ហៅ មិត្ត អាយុ​ ១៨ ​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឡៅ ចិនឡុង អាយុ​ ២២ ​ឆ្នាំ​។

ពួកគេ​ជា​កម្មករ​រស់នៅ​ភូមិ-​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ​ចំណែក​ជនរងគ្រោះ​ឈ្មោះ ហង្ស កក្កដា ភេទ​ប្រុស អាយុ​ ៤១ ​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​ ១ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។

លោក ម៉ាន់សិង្ហ បាន​បញ្ជាក់ថា​៖ «​ក្រុម​ជនសង្ស័យ​យើង​បាន​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​ហើយ​ (​ថ្ងៃទី​ ៣១ មករា​)​។

ខាង​តំណាង​អយ្យការ​កំពុង​សាកសួរ​ពួកគាត់ ប៉ុន្តែ​ខ្ញុំ​មិនទាន់​​ដឹងថា តំណាង​អយ្យការ​លោក​ចោទ​បទ​អី​ទេ​»​។

លោក ​ប្រឹម សុផល នាយនគរបាល​ប៉ុស្តិ៍​ផ្សារកណ្តាល​​ក្រុង​ប៉ោយប៉ែត ប្រាប់​នៅ​ថ្ងៃទី​ ៣១ មករា​ថា កាលពី​វេលា​ម៉ោងជាង​ ៨ ​យប់​ថ្ងៃទី​ ២៩ មករា ឆ្នាំ​ ២០២២ ជន​សង្ស័យ​ទាំង ​២ ​នាក់​បាន​ហៅ​ជនរងគ្រោះ​ដែលជា​អ្នករត់ម៉ូតូឌុប​ឱ្យ​ឌុប​ពួកគេ​។ ​លុះដល់​កន្លែង​ស្ងាត់​មួយ ក្នុង​ភូមិ​-​សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ក៏បាន​វាយ​ជនរងគ្រោះ​បណ្តាលឱ្យ​ជាំភ្នែក​ស្តាំ រួច​ក៏​នាំគ្នា​ជិះ​ម៉ូតូ​របស់​ជនរងគ្រោះ គេចខ្លួនបាត់​តែម្ដង​។

លោក​បន្តថា ភ្លាមៗ​នោះ បុរសរងគ្រោះ​បានមក​ប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ផ្សារកណ្តាល​របស់លោក ហើយ​លោក​បាន​ទាក់ទង​ទៅ​នគរបាល​សង្កាត់​ប៉ោយប៉ែត​ និង​ចាប់ខ្លួនបាន​នៅ​យប់​ថ្ងៃ​ដដែល​នោះ នៅក្នុង​ហាង​ខារ៉ាអូខេ​មួយកន្លែង​ក្នុង​សង្កាត់​-​ក្រុង​ប៉ោយប៉ែត រីឯ​ម៉ូតូ​​របស់​ជនរងគ្រោះ គឺ​ក្រុម​ជនសង្ស័យ​បាន​យកទៅ​បញ្ចាំ​៕