សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ស្នើសុំ​រាជរដ្ឋាភិបាល​ធ្វើការ​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​កាំជណ្តើរ​ច្រាំង​​កសិន្ធុ​ប្រាសាទអង្គរវត្ត​ផ្នែក​ខាងត្បូង​ប្រវែង​ ៦០ ​ម៉ែត្រ​បន្ថែមទៀត ក្រោយពី​អាជ្ញាធរ​នេះ​បានប្រកាស​នៅ​ថ្ងៃទី​ ២៨ ខែមករា​ថា បានបញ្ចប់​ការជួសជុល​ដោយ​ជោគជ័យ​ក្នុងដំណាក់កាល​ទី​ ១ ប្រវែង​ ៨០​ ម៉ែត្រ​។

លោក គឹម សុធិន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​នៅ​ថ្ងៃ​​ទី​ ៣០ ខែមករា​ថា បន្ទាប់ពី​បានបញ្ចប់​ការសាងសង់​ជំហាន​ទី​ ១ អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ត្រៀម​ស្នើសុំ​ធ្វើ​បន្ត​ ៦០ ​ម៉ែត្រ​បន្ថែមទៀត​មក​ខាងត្បូង​ផ្នែក​ពោង​បណ្តែត​ទឹក​។ លោក​ថា គម្រោង​ក្រោយ​​នេះ​អាច​នឹងត្រូវ​រុះរើ​ថ្ម​ដោយ​ផ្នែក​ និង​ត្រូវ​ពង្រឹង​ឡើងវិញ​តាមបែប​បុរាណ​។

លោក​ថ្លែងថា​៖ «​ជារួម​ផ្នែក​ខាង​ហ្នឹង​ដោយសារ​វា​ស្រុត​ថ្មខ្លាំង ១ ​ដុបៗ ប្រហែល​ជា​ត្រូវ​រើ ហើយ​យើង​ជួសជុល​​បែប​បុរាណ​យើង​វិញ​»​។

លោក​បាន​ឱ្យដឹងទៀតថា ចំពោះ​​ការជួសជុល​ជំហាន​ទី​ ១ ​ដំបូង អ្នក​​ជំនាញ​បាន​សាកល្បង​រុះរើ​មួយចំនួន​​ផងដែរ ប៉ុន្តែ​ដោយសារ ថ្ម​មាន​ការជាប់​​ដែក​តៀម​បារាំង​ដែល​បាន​ចាក់​លាយ​ស៊ីម៉ងត៍​ធ្វើឱ្យ​ជាប់​ពិបាក​ក្នុង​ការរើ ​ហេតុនេះ​អាជ្ញាធរ​ជាតិ​អប្សរា​មិនបាន​ធ្វើការ​រុះរើ​ឡើយ​។ ​ទីតាំង​នោះ​ត្រូវ​រង់ចាំ​សួរ​អ្នកជំនាញការ​អន្តរជាតិ​ធ្វើការ​ប្រជុំ​សម្រេច​ទើប​ដំណើរការ​បន្ត​ជួសជុល​ទៀត​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ ក្រោយពេល​ជួសជុល​ដំណាក់កាល​ទី​ ១ នោះ​គឺ​ជណ្តើរ​មាន​ភាពរឹងមាំ​ឡើង​​វិញ​លែង​រលុះ និង​អាច​តាំង​នៅបាន​រហូតដល់​ខ្ទង់រយ​ឆ្នាំ​។

លោក​បញ្ជាក់ថា​៖ «​អ្នកជំនាញ​ការអន្តរជាតិ​គេ​ប្រជុំ​ ICC-Angkor ទៅ គេ​ឱ្យ​យើង​ធ្វើ​ម៉េច​បាន​យើង​ធ្វើ​ទៀត ប៉ុន្តែ​យើង​បាន​ពង្រឹង វា​ហើយ​វា​លែងមាន​ហានិភ័យ​លែង​រលុះ​ហើយ​។ អានេះ គ្រឹះ​វា​បាន​ចូល​ជ្រៅ ហើយ​យើង​បាន​រើ​ទំនប់​ដីឥដ្ឋ ការពារ​អ្វីដែល​យើង​ចាក់​បេតុង​​ទ្រ​ទៀត យើង​យក​ដីឥដ្ឋ​មក​ទប់​បេតុង​​ហ្នឹង អ៊ីចឹង​ទឹក​វ៉ៃ​ក៏​វ៉ៃ​អត់​បែក​ដែរ​»​។

លោក ម៉ៅ សុខនី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​បាន​ឱ្យដឹងថា គម្រោង​លើក​តម្លៃ​សំណង់​បុរាណ​ និង​លើកកម្ពស់​សោភណភាព​ច្រាំង​កសិន្ធុ​ប្រាសាទអង្គរវត្ត​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល​ត្រូវបាន​បញ្ចប់​ការងារ​ជួសជុល​ជា​ស្ថាពរ បន្ទាប់ពី​ចាប់ផ្តើម​​តាំងពី​អំឡុង​ខែកញ្ញា ឆ្នាំ​ ២០២១ ​មក​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រោយពេល​បញ្ចប់​ការងារ​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​ក្នុងដំណាក់កាល​ទី​ ១ ​នេះ ក្រុមការងារ​រំពឹងថា​នឹង​ធ្វើឱ្យ​កាំជណ្តើរ​ច្រាំង​កសិន្ធុ​មាន​ភាពរឹងមាំ​យូរអង្វែង​បន្ត​ទៅមុខទៀត ព្រោះថា​ប្រសិនបើ​​មិនមាន​ការជួសជុល​ពង្រឹង​ទេ នាពេល​ខាងមុខ កាំជណ្តើរ​នៅតាម​ផ្នែក​ខ្លះ​នឹង​រលុះ​ធ្លាក់​ជា​ផ្ទាំង​ធំៗ​មិន​ងាយស្រួល​នឹង​ធ្វើការ​ជួសជុល​ឡើយ​»​។

បើតាម​អាជ្ញាធរ​ជាតិ​អប្សរា​គម្រោង​ជួសជុល​ពង្រឹង​រចនាសម្ព័ន្ធ​កាំជណ្តើរ​ច្រាំង​កសិន្ធុ​ផ្នែក​ខាងត្បូង​នៃ​ស្ពាន​ហាល​បាន​ចែកចេញជា ៣​ ដំណាក់កាល​ធំៗ​ក្នុង​ប្រវែង​សរុប​ ២០០ ​ម៉ែត្រ ដោយ​ប្រើពេល​ជួសជុល​អស់​ ៣ ​ឆ្នាំ​ទើប​រួចរាល់ ដោយ​ក្នុង​ដំណាក់កាល​ទី ​១ ធ្វើការ​ជួសជុល​ប្រវែង​ ៨០ ​ម៉ែត្រ​៕