ភ្នំពេញៈ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ឱ្យដឹងថា គម្រោង​ចំនួន ៥ កញ្ចប់ សម្រាប់​ស្តារ និង​ស្ថាបនា​ផ្លូវជាតិ​លេខ ៤ ​ឡើងវិញ​ត្រូវ​បាន​ដេញថ្លៃ​ចប់សព្វគ្រប់ ដោយ​ក្នុងនោះ​គម្រោង​ចំនួន ៣ ​កញ្ចប់​ត្រូវបាន​ចុះកិច្ចសន្យា​ដំណើរការ​សាងសង់ ហើយ​គម្រោង​ ២​កញ្ចប់​ទៀត គ្រោង​ចាប់ផ្តើម​នៅ​ខែ​មីនា​ខាងមុខ​។

ផ្លូវជាតិ​លេខ​ ៤ គឺជា​ផ្លូវ​សេដ្ឋកិច្ច​ដ៏​សំខាន់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​មាន​ចម្ងាយ​ប្រមាណ ២៣២ គីឡូម៉ែត្រ ហើយ​ស្ថានភាព​ជាក់ស្តែង​នៃ​ផ្លូវជាតិ​នេះ​បច្ចុប្បន្ន គឺមាន​ទំហំ​តូច និង​មាន​ចំណុច​ខ្លះ​ត្រូវ​រង​ការខូចខាត ដោយ​ការដឹក​លើស​ចំណុះ​របស់​រថយន្ត​ធុន​ធំ​ និង​ទឹក​ហូរ​កាត់​ផ្លូវ​នា​រដូវវស្សា​។

លោក ហេង រ័ត្នពិសិដ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ចូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣១ មករា​ថា បច្ចុប្បន្ន​គម្រោង​ស្តារ និង​ស្ថាបនា​ផ្លូវជាតិ​លេខ​ ៤ នេះ គឺមាន ៥ កញ្ចប់​ដោយ​ទទួលបាន​ថវិកា​ពី​ធនាគារ​ពិភពលោក​។ ក្រោយ​ការដាក់​ដេញថ្លៃ​ចប់សព្វគ្រប់ គម្រោង​ចំនួន ៣ កញ្ចប់​ត្រូវបាន​ក្រសួង ក្រុមហ៊ុន​ឯកជន និង​ធនាគារពិភពលោក​ចុះ​កិច្ចព្រមព្រៀង ដើម្បី​ធ្វើការ​ជួសជុល និង​សាងសង់ ខណៈ​គម្រោង​ចំនួន ២ ទៀត​ក្រោយ​ការដេញថ្លៃ​រួចរាល់​ក៏​កំពុង​ត្រៀម​ចុះ​កិច្ចព្រមព្រៀង សម្រាប់​ធ្វើការ​ជួសជុល និង​សាងសង់​ក្នុងពេល​ឆាប់ៗ​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «៥ កញ្ចប់​នេះ គឺ​បាន​ដេញថ្លៃ​រួចហើយ ហើយ​បាន​ចុះកិច្ចសន្យា ដើម្បី​ដំណើរការ​គម្រោង​ចំនួន ៣ រួចហើយ​។ ចំពោះ​គម្រោង ២ កញ្ចប់​ទៀត គឺ​ប្រហែលជា​ចុះកិច្ចសន្យា​នៅ​អំឡុង​ខែ ៣ អីហ្នឹង​ដោយ​គម្រោង​ទាំងអស់នេះ យើង​បាន​ដាក់ជូន​ធនាគារ​ពិភពលោក​រួច​អស់ហើយ​»​។

យ៉ាងណាក្តី លោក ហេង រ័ត្នពិសិដ្ឋ មិនទាន់​អាច​បញ្ជាក់​លម្អិត ជុំវិញ​គម្រោង​ទាំង​ ៥ ​កញ្ចប់​បានទេ​ថា តើ​នឹងត្រូវ​ចំណាយ​ថវិកា​ប៉ុន្មាន និង​កញ្ចប់​នីមួយៗ​ត្រូវធ្វើការស្តារ និង​ស្ថាបនា​ត្រង់ចំណុច​ណាខ្លះ​នោះទេ​ដោយ​គ្រាន់តែ​បញ្ជាក់ថា គម្រោង​ទាំង ៥ ​កញ្ចប់ គឺ​សម្រាប់​ស្តារ​ និង​ស្ថាបនា​ដោយ​ផ្តោតទៅលើ​កន្លែង​ដែលមាន​បញ្ហា និង​ប្រឈម​នឹង​ការជន់លិច ឬ​ខូចខាត​ធ្ងន់ធ្ងរ​។

លោក​បញ្ជាក់ថា​៖ «​ដោយសារតែ​ស្ថានភាព​ផ្លូវជាតិ​លេខ​ ៤ ​នេះ​មាន​ស្ថាន​ភាពខុសៗ​គ្នា ហើយ​គម្រោង​នីមួយៗ​ត្រូវការ​កញ្ចប់​ថវិកា​ដោយឡែក សម្រាប់ធ្វើ​ការស្តារ​ និង​ស្ថាបនា​ផ្លូវ​ទើបបានជា​ក្រសួង​សាធារណការ​ និង​ធនាគារ​ពិភពលោក ដែល​ជាការ​ផ្តល់ទុន​វិនិយោគ​ត្រូវធ្វើការ​បែងចែក​ការស្ថាបនា​ផ្លូវ​ទាំងនេះ​ជា​កញ្ចប់ៗ​»​។

លោក ស៊ូ ​ស៊ុន្ធរ៉ា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ចូន​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣១ មករា​ថា តាមរយៈ​ការអនុវត្ត​គម្រោង​ពង្រីក​ផ្លូវជាតិ​លេខ​ ៤​ នេះ មន្ត្រី​ជំនាញ​បាន​ចុះមក​វាស់វែង​ និង​ជួសជុល​កន្លែង​មាន​សំបុកមាន់​ជា​បន្តបន្ទាប់​តាម​បណ្តាយ​ផ្លូវ​ដែល​កាត់​តាម​ខេត្ត​កំពង់ស្ពឺ​នេះ​។

លោក​មើលឃើញ​ថា ក្រោយ​គម្រោង​នេះ​ត្រូវបាន​អនុម័ត និង​ប្រគល់ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ធ្វើការ​ស្តារ និង​ស្ថាបនា​នោះ​បញ្ហា​ដែល​ប្រជាពលរដ្ឋ​តែងតែ​ជួបប្រទះ​ក្នុងពេល​ធ្វើដំណើរ​នឹង​ត្រូវបាន​កាត់បន្ថយ ហើយ​វា​នឹងចូលរួម​ផ្តល់​អត្ថប្រយោជន៍​ដល់​ការធ្វើ​ដំណើរ​របស់​ពលរដ្ឋ​។ លោក​បញ្ជាក់​ថា​៖ «​ខាង​ក្រុមហ៊ុន​គេ​បាន​ចុះមក​វាស់វែង និង​បិទ​សំបុកមាន់​បន្ត​ពី​មន្ទីរ​សាធារណការ​ខេត្តហើយ​។ គេ​បាន​ដើរ​ជួសជុល​ផ្លូវ​សម្បុកមាន់ (​ផ្លូវ​ខូច​) ពី​មន្ទីរ​យើង​។ ចំពោះ​ខេត្ត​យើង​បាន​រាយការណ៍​ជូន​ក្រសួង​រួចហើយ​នូវ​ចំណុច​ដែល​ប៉ះពាល់​ខ្លាំង ដែល​យើង​ឃើញថា ត្រង់​បង្គោលគីឡូម៉ែត្រ​ ៤៣ ចន្លោះ​គីឡូម៉ែត្រ​ ៦៦ ទៅ​ ៦៧ ជាដើម ព្រោះ​កន្លែង​ហ្នឹង គឺ​តែងតែ​ដក់​ទឹក និង​លិច​ទឹកជា​ប្រចាំ​»​។

លោក គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា ការស្តារ និង​ស្ថាបនា​ផ្លូវ​នេះ គឺ​រឿង​មួយ​ចាំបាច់​បំផុត ព្រោះ​ផ្លូវ​ ១ ​ខ្សែ​នេះ​គឺជា​ផ្លូវ​តភ្ជាប់​ទៅ​តំបន់​ទេសចរណ៍ និង​ជា​ផ្នែក​ដ៏សំខាន់​មួយ​សម្រាប់​សេដ្ឋកិច្ច​របស់​កម្ពុជា​។ ការស្តារ និង​ស្ថាបនា​ផ្លូវ​នេះ​ក៏មាន​លក្ខណៈ​សំខាន់​ផងដែរ​ដល់​សុវត្ថិភាព​ចរាចរណ៍ ដែល​លោក​រំពឹងថា គម្រោង​ស្តារ និង​ស្ថាបនា​ផ្លូវ​នេះ​នឹង​អាចធ្វើ​ឱ្យបាន ២ គន្លង​ទៅ ២ ​គន្លង​មក ដើម្បី​ផ្តល់​ភាពងាយស្រួល និង​កាត់បន្ថយ​ការកកស្ទះ​ជាពិសេស​គ្រោះថ្នាក់​ចរាចរណ៍​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គឺ​គាត់​មាន​ការយកចិត្ត​ទុកដាក់​ហើយ តែ​ខ្ញុំ​សុំ​បន្ថែម​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ខាង​សុវត្ថិភាព​ចរាចរណ៍ ដោយ​បន្ថែម​ឱ្យមាន​នូវ​ស្លាក​សញ្ញា​សុវត្ថិភាព​ត្រឹមត្រូវ​។ បើ​អាច​ធ្វើបាន​ដូច​ផ្លូវជាតិ​លេខ ៣ មាន​បំពាក់​កាមេរ៉ា​មាន​ស្ពាន​អាកាស​ឆ្លង​សម្រួល​ដល់​ការធ្វើដំណើរ គឺជា​រឿង​ប្រសើរ​។ តែ​ទាំងនេះ ក៏​អាស្រ័យទៅលើ​ធនធាន​របស់​រដ្ឋាភិបាល​ដែរ​»​។

យ៉ាងណាក្តី​សម្រាប់​លោក គឹម បញ្ញា យល់ថា ការស្តារ និង​ស្ថាបនា​ផ្លូវជាតិ​លេខ​ ៤ ​នេះ​ក៏​គួរតែ​ធ្វើការ​សាងសង់ ឬ​ស្ថាបនា​បន្ទាប់ពី​ផ្លូវ​ល្បឿនលឿន​បាន​សាងសង់​ចប់​រួចរាល់ ព្រោះថា​នៅពេល​មានការ​សាងសង់​ផ្លូវ​ ១ ​ខ្សែ​នេះ គឺ​ច្បាស់​ជាមាន​ការបិទផ្លូវ​ដែល​ធ្វើឱ្យមាន​ការកកស្ទះ​ដល់​ការធ្វើដំណើរ បង្ក​ការរំខាន និង​ខាតបង់​ពេលវេលា​ជាដើម​។

សូមជម្រាប​ថា កន្លងមក​រដ្ឋាភិបាល​ធ្លាប់​ប្រកាសថា ផ្លូវជាតិ​លេខ ​៤ ​នេះ គឺ​គ្រោង​នឹង​ពង្រីក​ទំហំ​ពី ៧ ​ទៅ​ ១០ ​ម៉ែត្រ​បន្ថែមទៀត​ពីលើ​ផ្លូវ​ដែលមាន​ស្រាប់ លើកលែងតែ​កន្លែង​ខ្លះ​ដែល​បាន​ពង្រីក​រួចហើយ ដូចជា​នៅ​ម្តុំ​ទី​រួម​ខេត្តកំពង់ស្ពឺ និង​ខណ្ឌ​ចោមចៅ រាជធានី​ភ្នំពេញ​៕