
គំរូអគារសាលាខេត្តព្រះសីហនុថ្មីដែលនឹងត្រូវសាងសង់នាពេលខាងមុខ។ រូបថត ហ្វេសប៊ុក
ព្រះសីហនុៈ រដ្ឋបាលខេត្តព្រះសីហនុគ្រោងបើកដំណើរការសាងសង់អគារសាលាខេត្តព្រះសីហនុថ្មីនៅដើមខែមីនា ដោយប្រើការសាងសង់រយៈ ១៨ ខែ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍនៃការផ្តល់សេវាសាធារណៈ និងដើម្បីធ្វើឱ្យស័ក្តិសមជាខេត្តដែលមានសក្តានុពលដល់សេដ្ឋកិច្ចជាតិ។
រដ្ឋបាលខេត្តព្រះសីហនុពីថ្ងៃទី ៣០ ខែមករា បានបើកកិច្ចប្រជុំត្រៀមរុះរើអគារសាលាខេត្តសព្វថ្ងៃ ដើម្បីសាងសង់ថ្មីជំនួសវិញ។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីរាជការខេត្តព្រះសីហនុ។ លោក គួច ចំរើន មានប្រសាសន៍ថា ការសាងសង់អគារថ្មីនេះ បានទទួលការឯកភាពពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីលោក ជា សុផារ៉ា។ អគារសាលាខេត្តព្រះសីហនុគ្រោងនឹងបើកដំណើរការសាងសង់នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០២២ ដោយគ្រោងប្រើរយៈពេលសាងសង់ ១៨ ខែ។ លោកថា៖ «អគារសាលាខេត្តមានកម្ពស់ ៤ ជាន់ និងផ្ទៃក្រឡាសរុប ៤៤ ០៩៣ ម៉ែត្រការ៉េ។ ចំពោះស្ថាបត្យកម្មនៃអគារយកតាមរចនាប័ទ្មប្រាសាទសំបូរព្រៃគុក ដែលជាអគារមានលក្ខណៈខ្មែរទំនើបស៊ីវីល័យ»។
អភិបាលរងខេត្តព្រះសីហនុលោក ឡុង ឌីម៉ង់ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា បើតាមគោលការណ៍ក្រុមជំនាញនឹងត្រៀមរុះរើអគារសាលាខេត្តចាស់នៅក្នុងអំឡុងខែកុម្ភៈនេះ។ ការសាងសង់នេះស្ថិតនៅលើទីតាំងចាស់ដដែល គឺនៅវិថី ២ ធ្នូ សង្កាត់ ៣ ក្រុងព្រះសីហនុ។ លោកបន្តថា៖ «ការដែលយើងរៀបចំសង់អគារថ្មីនេះ យើងដឹងស្រាប់ថា ខេត្តព្រះសីហនុមានការអភិវឌ្ឍលឿនទៅមុខ រីឯហេដ្ឋារចនាសម្ព័ន្ធដែលជាប្រយោជន៍សាធារណៈត្រូវបានរៀបចំល្អប្រសើរអស់ហើយ អ៊ីចឹងដើម្បីឱ្យសាកសមជាខេត្តតំណាងឱ្យសក្តានុពលសេដ្ឋកិច្ចជាតិដ៏សំខាន់ រាជរដ្ឋាភិបាលក៏បានឯកភាព ដោយអនុញ្ញាតឱ្យខេត្តរៀបចំអគារសាលាខេត្តថ្មី ស្អាត ប្រកបដោយអត្តសញ្ញាណ»។ ការសាងសង់អគារថ្មីនេះ ដើម្បីឆ្លើយតបទៅនឹងការអភិវឌ្ឍ កំណើនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងសម្រួលដល់កិច្ចការងាររដ្ឋបាលខេត្ត។ បើតាមលោក ឡុង ឌីម៉ង់ អគារសាលាខេត្តថ្មីនេះ គឺជាប្លង់ស្ថាបត្យកម្មរៀបចំចេញដោយស្ថាបត្យករខ្មែរដែលជាអ្នកជំនាញពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ហ៊ុន សែន បានថ្លែងនៅក្នុងពិធីបើកសម្ពោធអគារទីស្តីការក្រសួងរៀបចំដែនដី កាលពីខែវិច្ឆិកា ឆ្នាំ ២០២១ ថា ថវិកាប្រមាណជាង ៣ លានដុល្លារ ត្រូវបានអនុម័តសម្រាប់គម្រោងសាងសង់អគារដ្ឋបាលថ្មីនៃសាលាខេត្តព្រះសីហនុ។
ពាក់ព័ន្ធនឹងការសាងសង់អគាររដ្ឋបាលនៅតាមក្រសួង និងស្ថាប័នរដ្ឋនានា រាជរដ្ឋាភិបាលបានអនុម័តទឹកប្រាក់ ៦០ លានដុល្លារ ដើម្បីសាងសង់អគាររដ្ឋបាលនៃទីស្តីការក្រសួងមហាផ្ទៃ ដែលត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០២១៕