កំពង់ចាមៈ វិស័យ​ទឹកស្អាត និង​វិស័យ​អគ្គិសនី​នៅក្នុង​ខេត្តកំពង់ចាម​មាន​វិសាលភាព​គ្របដណ្តប់​ទូទាំង​ខេត្ត​ជិត ១០០ ភាគរយ​ហើយ​គិត​ត្រឹម​ដើមឆ្នាំ​ ២០២២ នេះ​ដោយ​ខេត្ត​នឹង​ខិតខំ​ជំរុញ​ឱ្យបាន​ ១០០ ​ភាគរយ​នៅត្រឹម​ឆ្នាំ​ ២០២៥​។

នៅ​សន្និសីទ​សារព័ត៌មាន​ស្ដីពី “​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​- សង្កាត់ និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋបាល​ខេត្តកំពង់ចាម​” នៅ​ព្រឹក​ថ្ងៃទី​ ១ ខែកុម្ភៈ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ចាម លោក ខ្លូត ផន មានប្រសាសន៍ថា​វិស័យ​ទឹកស្អាត​មាន​វិសាលភាព​គ្របដណ្តប់​ទូទាំង​ខេត្ត​បាន​ចំនួន ១០៧ ឃុំ លើ ១០៩ ឃុំ​សង្កាត់ ស្មើនឹង​ ៩៨ , ១៦ ភាគរយ និង​ភូមិ​ចំនួន ៨៧០ ភូមិ លើ ៩១៦ ភូមិ ស្មើនឹង​ ៩៤, ៣២ ​ភាគរយ​។ រីឯ វិស័យ​អគ្គិសនី​បាន​ភ្ជាប់​បណ្តាញ​ប្រើប្រាស់​ចំនួន ​៩១៤ ​ភូមិ លើ​ ៩១៦ ​ភូមិ ស្មើនឹង​ ៩៩, ៧៨ ភាគរយ​ដែលមាន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ចំនួន​ជាង ២១ ​ម៉ឺន​ខ្នង​ផ្ទះ​។

លោក​បញ្ជាក់ថា​៖ «​អ៊ីចឹង​រឿង​អគ្គិសនី និង​ទឹកស្អាត​ក៏​ជា​រឿង​អច្ឆរិយ​ដែរ ព្រោះ​កម្ពុជា​យើង​អត់​ដែល​ជួប ទើបតែ​សម័យនេះ​ទេ សម័យតេជោ​និយាយ​ដល់​ខេត្តកំពង់ចាម​នៅសល់តែ​ ២ ​ភូមិ​ទៀត​ទេ​រឿង​អគ្គិសនី​»​។

លោក​បន្តថា ប្រជាជន​ខេត្តកំពង់ចាម​មាន​អគ្គិសនី​ប្រើប្រាស់ និង​ទឹកស្អាត​ស្ទើរ​ទាំងអស់ ទោះ​នៅ​ចុងកាត់​មាត់ញក​ណា​ក៏មាន​។ លោក​បាន​រៀបរាប់​បទពិសោធ​ខ្វះ​ទឹក​កាលពី​ ៧​ ឆ្នាំមុន​ថា​៖ «​កាលពី​ឆ្នាំ​ ២០១៦ ជួប​ហានិភ័យ​គ្រោះ​អត់​ទឹក​ប្រើ រដ្ឋបាលខេត្ត​យក​ឡានទឹក​ដឹក​ជូន​ប្រជាពលរដ្ឋ ពិសេស​នៅ​ស្រុក​បាធាយ និង​ស្រុក​កងមាស​។ ប៉ុន្តែ​មកដល់​ឥឡូវ​បាន​ដល់​ស្ទើរ​គ្រប់កន្លែង ប្រជាជន​យើង​មិនមាន​ការខ្វះខាត​ទឹក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​»​។

ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម លោក អ៊ុម វិបុល មានប្រសាសន៍ថា វិស័យ​ទឹកស្អាត​នៅ​ខ្វះ​ ២​ ឃុំ​ទៀត​ដែល​ពុំទាន់​មាន​អ្នកវិនិយោគ​ស្ថិតនៅ​ស្រុក​ស្ទឹងត្រង់​។ លោក​ថា​៖ «​ឃុំ​ទាំង​ ២ ​នេះ ដោយសារ​ជា​តំបន់​ឃុំ​ដាច់ស្រយាល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​ហើយ​សក្តានុពល​នៃ​ការវិនិយោគ មិនមាន​ភាព​អំណោយផល គឺ​ប្រជាពលរដ្ឋ មិនមាន​លក្ខណៈ​រស់នៅ​ផ្តុំគ្នា ហើយ​រស់នៅ​រាយប៉ាយ អ៊ីចឹង​ធ្វើឱ្យ​កត្តាវិភាគ​សេដ្ឋកិច្ច​ក្នុង​ការវិនិយោគ​លើ​​វិស័យ​ទឹកស្អាត គេ​មិនមាន​ចំណាប់អារម្មណ៍​»​។

យ៉ាងណាមិញ​លោក​បាន​គូសបញ្ជាក់ថា ពាក់ព័ន្ធ​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​លើ​វិស័យ​ទឹកស្អាត​នៅ​ឆ្នាំ ២០២៣ គឺ ៩០ ​ភាគរយ​នឹង​ទទួលបាន​សេវាកម្ម​ទឹកស្អាត​ប្រើប្រាស់ ហើយ​នៅ​ឆ្នាំ​ ២០២៥ គឺ ១០០ ភាគរយ​ទទួលបាន​សេវាកម្ម​ទឹកស្អាត​ប្រើប្រាស់​។

បន្ថែម​ពីនេះ​លោក​បាន​ជំរុញ​ដល់​សេវាករ​ដែលមាន​អាជ្ញាប័ណ្ណ​ស្រាប់ គួរ​ពង្រីក​បណ្តាញ​ចែកចាយ​ទឹក​ដើម្បី​ឱ្យដល់​គោលដៅ​មូលដ្ឋាន​ប្រជាជន​។

ពាក់ព័ន្ធ​វិស័យ​អគ្គិសនី​ដែល​នៅសល់​ ២ ​ភូមិ​ទៀត​ខ្វះ​អគ្គិសនី​ប្រើប្រាស់ ក្នុងចំណោម ៩១៦ ភូមិ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល លោក លី ចាន់ធី បាន​ថ្លែង​​ថា​៖ «២ ​ភូមិ​ដែល​មិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នោះ​ជា​ភូមិ​នៅ​តំបន់​ដាច់ស្រយាល ទី​ ១ ​ភូមិ​តំបន់​កោះ​តូច​នៅ​ស្រុក​កងមាស ដោយសារ​ទីតាំង​នោះ​ជា​តំបន់​កោះ នៅ​កណ្តាល​ទន្លេ ធ្វើឱ្យ​មាន​ការពិបាក​ក្នុង​ការតបណ្តាញ​អគ្គិសនី​ចូល​»​។

លោក​បញ្ជាក់ថា​៖ «​ភូមិ​មួយទៀត​នៅ​ស្រុក​ស្ទឹងត្រង់ ដោយសារ​ទីតាំង​នេះ​នៅ​តំបន់​ចម្ការកៅស៊ូ ហើយ​វា​ជា​ចម្ការកៅស៊ូ​របស់​ឯកជន ដូច្នេះ​ពាក់ព័ន្ធ​ការវិនិយោគ​នេះ អគ្គិសនី​កម្ពុជា និង​អគ្គិសនី​ខេត្ត​ក៏បាន​ខិតខំ​ពង្រីក​ទៅ​ទី​នោះដែរ​ ប៉ុន្តែ​បច្ចុប្បន្ន​នៅមាន​ការដោះស្រាយ​ពី​បញ្ហា​នេះ​សិន​»​។

ពាក់ព័ន្ធ​ការអភិវឌ្ឍ​ខេត្ត​លោក ខ្លូត ផន ​បាន​លើកឡើងថា គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ​ដែល​បានផ្តល់​សិទ្ធិអំណាច និង​ផ្តល់​មូលនិធិ​ដល់​ឃុំ សង្កាត់​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការអភិវឌ្ឍ​នៅតាម​មូលដ្ឋាន​ និង​សម្រេចបាន​សមិទ្ធផល​ជាច្រើន​។

លោក​បាន​បន្តថា ការអនុវត្ត​គម្រោង​ក្នុង​ខេត្ត​ក្នុង​ឆ្នាំ ​២០២១ រដ្ឋបាលខេត្ត​បាន​អភិវឌ្ឍ​ចំនួន​ ១៧ គម្រោង រីឯ​ឃុំ​សង្កាត់ ១៣៩ គម្រោង និង​នៅ​ស្រុក​មាន ៣៤ គម្រោង​។

លោក​បន្តទៀតថា​ក្រោយពី​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ គឺជា​រឿង​ថ្មី​មួយ​សម្រាប់​កម្ពុជា ដើម្បី​សម្រួល​កិច្ចការ​ផ្សេងទៀត​ឱ្យទៅ​កៀក​នឹង​ប្រជាពលរដ្ឋ​។ លោក​ថា​៖ «​ខ្ញុំ​លើក​ឧទាហរណ៍​ថា ការអភិវឌ្ឍ​ឃុំ​មួយ​កន្លងមក​យើង​មិនទាន់​ទម្លាក់​មូលនិធិ​ឱ្យ​ឃុំ សង្កាត់​យើង​មិនទាន់​មាន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់​នៅ​ឆ្នាំ​ ២០០២»​។

លោក​បាន​បន្តថា​៖ «​អ៊ីចឹង​ឃុំ សង្កាត់​អត់​មាន​ថវិកា​ទេ អ្វីៗ​គឺ​ក្រសួង​ស្ថាប័ន និង​រាជរដ្ឋាភិបាល​ជា​អ្នកអនុវត្ត ហើយ​ឃុំ​ខ្លះ​បាន ឃុំ​ខ្លះ​អត់​បានទេ ប៉ុន្តែ​ដល់​យើង​ធ្វើ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ក្រោយ​ការបោះឆ្នោត ២០០២ មក ឃុំ​-​សង្កាត់​មាន​មូលនិធិ​ផ្ទាល់ខ្លួន​ហើយ​មកដល់​ឥឡូវ​មូលនិធិ​នេះ​ពី​ ១ ​ឆ្នាំទៅ​ ១ ​ឆ្នាំ​កាន់តែ​កើន​ដែល​យើង​អាច​សម្រេច និង​អភិវឌ្ឍន៍​នៅក្នុង​មូលដ្ឋាន​ឃុំ​-​សង្កាត់ បាន​ច្រើន​»៕