ភ្នំពេញៈ ​ក្នុង​រយៈពេល​ ១​ ខែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (អ.ប.ព.) ​ទទួលបាន​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​ និង​បំណុល​ជាង ​១​ ម៉ឺន​ច្បាប់​ដោយ​ក្នុងនោះ​មាន​ក្រសួង​ស្ថាប័ន​រាជធានី​ខេត្ត​ជិត ​៦០ ​ស្ថាប័ន​បានបញ្ចប់​ការប្រកាស​របស់ខ្លួន​ ១០០ ​ភាគរយ ខណៈ​អ្នក​នៅ​សេសសល់​មានតែ​ប្រមាណ​ ​៣០​ នាក់​ប៉ុណ្ណោះ​។

កាលពី​ខែតុលា​ឆ្នាំមុន អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានចេញ​សេចក្ដី​ជូនដំណឹង ស្ដីពី​កាលបរិច្ឆេទ​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប ​២ ​ឆ្នាំ សម្រាប់​ឆ្នាំ​ ២០២២ ​ដែលមាន​រយៈពេល​ ១​ ខែ​ពេញ​គិត​ចាប់ពី​ថ្ងៃទី​ ១ ​មករា ដល់​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​​បានឱ្យដឹង​ក្នុង​សេចក្តី​ជូនដំណឹង​ស្ដីពី​លទ្ធផល​នៃ​ការទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​តាម​របប​ ២​ ឆ្នាំ​សម្រាប់​ឆ្នាំ​ ២០២២ ​ថា ត្រឹម​ថ្ងៃទី​ ៣១ មករា នាយកដ្ឋាន​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ​​ និង​បំណុល​សរុប ១៤ ៤៤៧ ​ច្បាប់ ខណៈ​ក្នុង​ថ្ងៃ​ចុងក្រោយ ​គឺ​ទទួលបាន​ចំនួន​ ១២​ ច្បាប់​។

អ.ប.ព. បានឱ្យដឹង​បន្តថា ចំពោះ​ក្រសួង​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដែល​បានបញ្ចប់​ការប្រកាស ១០០% ​គឺមាន​ចំនួន​ ៥៨ ​ស្ថាប័ន​ដោយ​ក្នុងនោះ​ក្រសួង​-​ស្ថាប័ន​ថ្នាក់ជាតិ​មាន​ចំនួន​ ៣៣ ​ស្ថាប័ន និង​រាជធានី​-​ខេត្ត ដែល​​ជា​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ​មាន​ចំនួន​ ២៥​។

អង្គភាព​ប្រឆាំង​អំពើពុករលួយ​​បាន​បញ្ជាក់ថា​ «​ក្រសួង​-​ស្ថាប័ន​ចំនួន​ ៣៣ ​ដែល​បានបញ្ចប់​ការប្រកាស​ទ្រព្យសម្បត្តិ ១០០ ​ភាគរយ គឺមាន ១- ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ២-​ ក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ៣- ​ក្រសួង​កិច្ចការនារី ៤- ​ស្ថាប័ន​ប្រឆាំង​អំពើពុករលួយ​ ៥- ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ៦- ​ក្រសួង​ព្រះបរមរាជវាំង ៧- ​អាជ្ញាធរ​សវនកម្ម​ជាតិ ៨- ​ធនាគារ​ជាតិ​នៃ​កម្ពុជា ៩- ​ក្រសួង​បរិស្ថាន ១០- ​ក្រសួង​យុត្តិធម៌ ១១- ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។

ស្ថាប័ន​នេះ​បញ្ជាក់​បន្តថា​៖ «១២-​ ក្រសួង​អប់រំ យុវជន និង​កីឡា ១៣- ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ១៤- ​ក្រសួងផែនការ ១៥-​ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ១៦- ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ១៧- ​ក្រុមប្រឹក្សា​ធម្មនុញ្ញ ១៨ -​ក្រសួងទេសចរណ៍ ១៩- ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ២០- ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ២១- ​ក្រសួង​ធម្មការ និង​សាសនា ២២- ​ក្រសួង​សុខាភិបាល ២៣- ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ២៤- ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ២៥-​ ក្រសួង​អភិវឌ្ឍន៍ជនបទ ២៦- ​ក្រសួង​រ៉ែ និង​ថាមពល ២៧- ​ព្រឹទ្ធសភា ២៨- ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ២៩- ​ក្រសួងមហាផ្ទៃ ផ្នែក​រដ្ឋបាល​ស៊ីវិល ៣០- ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ៣១- ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ៣២- ​ទីស្តីការ​គណៈរដ្ឋមន្ត្រី និង​ ៣៣- ​ទីស្តីការក្រសួង​ការពារជាតិ​»​។

ចំពោះ​រាជធានី​-​ខេត្ត​ ២៥ ​វិញ​​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានឱ្យដឹង​ដែរ​ថា គឺមាន​ ១-​ ខេត្ត​មណ្ឌលគិរី ២-​ ខេត្តពោធិ៍សាត់ ៣-​ ខេត្តកំពង់ចាម ៤-​ ខេត្ត​ត្បូងឃ្មុំ ៥-​ខេត្តរតនគិរី ៦- ​ខេត្ត​ស្វាយរៀង ៧- ​ខេត្តក្រចេះ ៨- ​ខេត្ត​បន្ទាយមានជ័យ ៩- ​ខេត្តតាកែវ ១០- ​ខេត្ត​កែប ១១- ​ខេត្តកណ្តាល ១២- ​ខេត្តកោះកុង ១៣- ​រាជធានី​ភ្នំពេញ ១៤- ​ខេត្ត​ព្រះសីហនុ ១៥- ​ខេត្តកំពង់ធំ ១៦- ​ខេត្ត​សៀមរាប ១៧-​ ខេត្តកំពត ១៨- ​ខេត្ត​ប៉ៃលិន ១៩- ​ខេត្ត​ឧត្តរមានជ័យ ២០- ​ខេត្តកំពង់ស្ពឺ ២១- ​ខេត្ត​ព្រៃវែង ២២- ​ខេត្តព្រះវិហារ ២៣- ​ខេត្តស្ទឹងត្រែង ២៤- ​ខេត្ត​កំពង់ឆ្នាំង និង​ ២៥- ​ខេត្តបាត់ដំបង​។

ក្រៅពី​ការទទួល​ឯកសារ​ប្រកាស​តាម​របប ​២ ​ឆ្នាំ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ពី​មន្ត្រី​ចំនួន​ ៤១៥ ​រូប​តាម​មូលហេតុ​ផ្សេង​​ទៀត ដូចជា ការតែងតាំង​ថ្មី​ចំនួន​ ២៩៦ ​រូប ការលាឈប់​ពី​ការងារ​ចំនួន​ ១៣​ រូប និង​ការបញ្ឈប់​ពី​ការងារ​ ២​ រូប​រួមទាំង​ការចូល​និវត្តន៍​ចំនួន​ ១០៤ ​រូប​។

លោក ខូយ លឹមហុង ឧបការី​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១ កុម្ភៈ​ថា រហូតមកទល់​ពេលនេះ មន្ត្រី​ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​ឆ្នាំ​ ២០២២​ នេះ ហើយ​មិនទាន់​មក​បានមក​ប្រកាស​គឺមាន​ចំនួន​តិចតួច​បំផុត​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្នុង​ការប្រកាស​ក្នុង​ពេលនេះ គឺមាន​ស្ថាប័ន​ចំនួន​ប៉ុន្មាន​ដែរ ដែល​មន្ត្រី​គាត់​មិនទាន់​មក​ប្រកាស​គ្រប់​។​ គ្រាន់តែ​ថា ចំនួន​នេះ គឺ​តិចតួច​បំផុត ក្រោយ​ការពិនិត្យ​មើលទៅ គឺ​ចំនួន​នេះ​មិន​ដល់ ៣០ ​នាក់​ទេ ហើយ​ក្រសួង​នីមួយៗ​​ហ្នឹង ដោយសារ​មិនទាន់បាន​​បញ្ចប់​ ១០០​ ភាគរយ ដូច​ក្រសួង​ពាណិជ្ជកម្ម​អី ដោយសារ​តែ​នៅសល់​មន្ត្រី​ម្នាក់​អី​អ៊ីចឹងទៅ​។ ក្នុងចំណោម​ ៣០ ​នាក់​នេះ គឺ​មួយចំនួន​យើង​ទាក់ទង​អត់​បាន ចំណែក​មួយចំនួនទៀត​គាត់​ទៅ​រស់នៅ​ក្រៅប្រទេស​»​។

យ៉ាងណា លោក ខូយ លឹមហុង បាន​អះអាងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​នៅតែ​ទុក​ឱកាស​ដល់​មន្ត្រី ​ឬ​អ្នក​ដែល​ជាប់​កាតព្វកិច្ច​នេះ​ឱ្យមក​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​ដោយ​លើក​មូលហេតុ​សមស្រប ក៏ប៉ុន្តែ​ចំពោះ​អ្នកមាន​ចេតនា​គេចវេះ​នឹងត្រូវ​ប្រឈមមុខ​នឹង​ច្បាប់​ជា​ធរមាន​។

បើតាម​លោក ខូយ លឹមហុង មន្ត្រី​ទូទាំង​ប្រទេស​ដែល​ជាប់​កាតព្វកិច្ច​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប គឺ​មាន​ប្រមាណ ៥​ ម៉ឺន​នាក់​ក្នុងនោះ​អ្នកត្រូវការ​ប្រកាស​ក្នុង​ឆ្នាំ​សេស​មាន​ប្រមាណ ៣ ៥០០០ ​នាក់ ខណៈ​អ្នក​ត្រូវ​ប្រកាស​ក្នុង​ឆ្នាំ​គូ​មាន​ប្រមាណ ១៥ ០០០ ​នាក់​។

លោក​បាន​ពន្យល់​ថ‍ា​៖ «​យើង​ប្រកាស​នេះ​គឺ​របប​ ២ ​ឆ្នាំ​មានន័យ​ថា អ្នក​ដែល​ប្រកាស​ក្នុង​ឆ្នាំ​គូ​ត្រូវ​នឹង​ឆ្នាំ​ ២០១៨ ឬ​ ២០២០ និង​ ២០២២ ​នេះឯង ដោយ​អ្នក​ណា​ដែល​បានប្រកាស​ទ្រព្យសម្បត្តិ​​នៅក្នុង​ឆ្នាំ​គូ​តាំងពី​ដំបូង គឺ​គាត់​នឹង​បន្ត​កាតព្វកិច្ច​នេះ​រហូតមក​អ៊ីចឹង​ឯង​។ ចំណែក​ ១​ ផ្នែក​ទៀត គឺ​គាត់​ប្រកាស​ឆ្នាំ​សេស ដូចជា អ្នកនឹង​ត្រូវ​ប្រកាស​ឆ្នាំ ២០២៣ គឺ​អ្នក​ដែល​ធ្លាប់​ប្រកាស​កាលពី​ឆ្នាំ​ ២០១៩ ឬ ​២០២១»​។

កាលពី​ឆ្នាំ​ ២០១១ រាជរដ្ឋាភិបាល​កម្ពុជា​បានប្រកាស​ឱ្យ​មន្ត្រីរាជការ​គ្រប់​បណ្តា​ស្ថាប័ន​ទាំងអស់​ត្រូវ​ប្រកាស​ទ្រព្យសម្បត្តិ​ជា​លើកដំបូង ហើយ​អ្នក​ដែល​ជាប់​កាតព្វកិច្ច​នេះ គឺមាន​ដូចជា សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា និង​សមាជិក​រាជរដ្ឋាភិបាល មន្ត្រី​សាធារណៈ​ដែលមាន​អាណត្តិ​ជ្រើសតាំង និង​ចៅក្រម​អាសនៈ ចៅក្រម​អយ្យការ សារការី ក្រឡាបញ្ជី និង​អាជ្ញាសាលា​។

ចំពោះ​សមាជិក​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ ប្រធាន អនុប្រធាន និង​មន្ត្រី​ទាំងអស់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មន្ត្រីរាជការ​ស៊ីវិល​យោធា នគរបាលជាតិ និង​អ្នករាជការ​សាធារណៈ​ផ្សេងទៀត​ដែល​ត្រូវបាន​តែងតាំង​ដោយ​ព្រះរាជក្រឹត្យ ឬ​អនុក្រឹត្យ មន្ត្រី​ផ្សេងទៀត​ដែល​តែងតាំង​ដោយ​ប្រកាស ហើយ​ត្រូវបាន​កំណត់ឱ្យ​ប្រកាស​ទ្រព្យសម្បត្តិ និង​​បំណុល​តាម​បញ្ជី​ដែល​រៀបចំឡើង​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ បន្ទាប់ពី​បាន​ពិគ្រោះយោបល់​ជាមួយ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ រួមទាំង​ថ្នាក់ដឹកនាំ​នៃ​សង្គម​ស៊ីវិល​ក៏ត្រូវ​ជាប់​កាតព្វកិច្ច​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ក្នុង​រយៈពេល​ ២​ ឆ្នាំ​ម្តង​ផងដែរ​៕