ព្រះសីហនុៈ តុលាការខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ៣០ ​មករា​បានសម្រេច​​ឃុំខ្លួន​បុរស​ជាតិចិន​ ៩ ​នាក់​ក្នុង​ចំណោម​ ១១​នាក់ ពាក់ព័ន្ធ​នឹង​ករណី​​ឃាតកម្ម និង​ការបង្ខាំង​មនុស្ស​ខុសច្បាប់ ខណៈ​បក្ខពួក​ ២ ​នាក់​ទៀត​នឹង​​ត្រូវ​បញ្ជូនទៅ​តុលាការ​តាម​ក្រោយ បន្ទាប់ពី​មានការ​ប្រទះឃើញ​សាកសព​មនុស្ស ​២ ​នាក់​នៅ​ទីតាំង​ ២ ​ផ្សេង​​គ្នា​កាលពី​ថ្ងៃទី​ ២១ ​មករា ឆ្នាំនេះ ។

លោក លី ចាន់ដារ៉ា អ្នកនាំពាក្យ​តុលាការខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១​ កុម្ភៈ​ថា ក្រុម​បុរសសង្ស័យ​ជា​ជនជាតិ​ចិន​ ៩​ នាក់ ដែល​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​ក្នុង​ពន្ធនាគារ​កាលពី​ថ្ងៃទី​ ៣០ ​មករា​។

ប៉ុន្តែ​នៅសល់​បុរស​សង្ស័យ​ជាតិចិន​ ២ ​នាក់​ទៀត​ក៏​នឹងត្រូវ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ដែរ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បញ្ចប់​ការសាកសួរ​​ និង​រៀបចំ​សំណុំរឿង​រួចរាល់​។

លោក​ថ្លែងថា​៖ «​រឿងនេះ​ចៅក្រម​ស៊ើបសួរ​បាន​បង្គាប់​ឱ្យ​ឃុំខ្លួន​កាលពី​ថ្ងៃទី​ ៣០ ខែមករា ឆ្នាំ​ ២០២២ ​ពី​បទឃាតកម្ម​គិតទុក​ជាមុន​តាម​មាត្រា​ ២០០ ​នៃ​ក្រមព្រហ្មទណ្ឌ និង​បទសន្និធិ​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត​»​។

លោក​ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ប្រាប់​នៅ​ថ្ងៃទី​ ១ ​កុម្ភៈ​ថា ការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ គឺ​លោក​បាន​សហការ​ជាមួយ​នាយកដ្ឋាន​កណ្តាល​សន្តិសុខ​ក្រសួង​មហាផ្ទៃ នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត ខេត្តព្រៃវែង និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​ថ្លែង​ប្រាប់ថា​៖ «​ក្រុម​ជន​ត្រូវចោទ​ទាំងនេះ ភាគច្រើន​យើង​បាន​ចាប់​នៅ​ខេត្ត​ព្រះសីហនុ ខេត្ត​កណ្តាល និង​នៅ​រាជធានី​ភ្នំពេញ​។ ​យើង​តាម​ចាប់​ពួកនេះ​ជា​ដំណាក់កាល​ហើយ​យើង​​បញ្ជូនទៅ​តុលាការ​បន្តបន្ទាប់​ដែរ​»​។

លោក​ឧត្តមសេនីយ៍​ទោ​ស្នងការ​បានឱ្យដឹងថា កាលពី​នៅ​ថ្ងៃទី​ ២១ ខែមករា ឆ្នាំ​ ២០២២ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​បានទទួល​ព័ត៌មាន​ថា មាន​ករណី​ប្រទះឃើញ​សាកសព​ដែល​គេ​កប់​ក្នុង​ដី និង​មាន​សភាព​ហើម​ស្អុយ​នៅ​ ២ ​ទីតាំង​ផ្សេង​ពីគ្នា​។

ទីតាំង​ទី​ ១ នៅ​ចំណុច​ខាងក្រោយ​​តំបន់​ឆាយណាថោន​ស្ថិតនៅ​ក្រុមទី​ ៨ ភូមិ​ ៦ សង្កាត់​ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។

ជនរងគ្រោះ​ឈ្មោះ ​LI HONG ហៅ Da Da ភេទ​ប្រុស អាយុ​ ៣០ ​ឆ្នាំ ជនជាតិ​ចិន​ និង​ទីតាំង​ទី​ ២ ​នៅ​ចំណុច​ភូមិ​អូរតាសេក ឃុំ​អូរឧកញ៉ាហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ ​ជនរងគ្រោះ​ជា​ជនជាតិ​អាស៊ី ភេទ​ស្រី អាយុ​ប្រហែល​ពី​ ២០ ​ទៅ​ ២៥ ​ឆ្នាំ​មាន​កម្ពស់​ ១,៥៥​ ម៉ែត្រ​សម្បុរស សក់​ពណ៌​ទង់ដែង​មិនទាន់​កំណត់​បាន​អត្តសញ្ញាណ​។

លោក​បន្តថា ចាប់ពី​មាន​ហេតុការណ៍​ប្រទះឃើញ​សាកសព​រហូតដល់​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ​២០២២ មក​គឺ​កម្លាំង​សមត្ថកិច្ច​របស់លោក​ឃាត់ខ្លួន​បាន​ជនសង្ស័យ និង​អ្នកពាក់ព័ន្ធ​ហេតុការណ៍​មក​សួរ​បំភ្លឺ​សរុប​ចំនួន​ ១៣ ​នាក់​។

ប៉ុន្តែ​ក្នុងនោះ​មានតែ​បុរស​ជនជាតិ​ចិន​ចំនួន​ ១១​ នាក់​ប៉ុណ្ណោះ​ដែល​ជាប់ពាក់ព័ន្ធ រីឯ​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់ និង​ស្ត្រីជន​ជាតិចិន​ម្នាក់ទៀត​ត្រូវបាន​ដោះលែង​វិញ​ដោយសារ​រក​មិនឃើញ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។

លោក​បន្ថែមថា ក្រុម​ឧក្រិដ្ឋជន​ទាំង ១១ ​នាក់​ខាងលើ​មាន​មនុស្ស​ ៦ ​នាក់​ជាប់​​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​។ ចំណែកឯ​មនុស្ស​ ៥ ​នាក់​ទៀត​ពាក់ព័ន្ធ​នឹង​ការបង្ខាំង​មនុស្ស​ខុសច្បាប់ ដែល​ក្រុម​ជនសង្ស័យ​បាន​បង្ខាំង​បុរស​ជនជាតិ​ចិន​ចំនួន​ ៣ ​នាក់​។ ​ក្រុម​នេះ​មាន​ជនជាតិ​ចិន​ចំនួន​ ៥ ​នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​៕