ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បានប្រកាស​ពី​ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​ ២០២១ ​នៅតាម​គោលដៅ​មួយចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី​-​ខេត្ត ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​​ទី​ ១ ខែកុម្ភៈ​ឆ្នាំ​ ២០២២ ​តទៅ​។

យោងតាម​លិខិត​ជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ស្តីពី​ការចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​ ២០២១ ដែល​ភ្នំពេញ ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ បានឱ្យដឹងថា មន្ត្រី​ពន្ធដារ​នឹង​ដឹកនាំ ក្រុមការងារ​ចម្រុះ រាជធានី ខេត្ត ចុះ​ពិនិត្យ​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​នៅតាម​គោលដៅ​មួយចំនួន ។

ក្នុង​លិខិត​សរសេរថា «​ក្រុម​ការងារ​ចម្រុះ រាជធានី​-​ខេត្ត ដឹកនាំ​ដោយ​មន្ត្រី​ពន្ធដារ រួម​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ​នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​ ២០២១ ​នៅតាម​គោលដៅ​មួយចំនួន​លើ​កំណាត់​ផ្លូវ​សំខាន់ៗ​នៃ​រាជធានី​-​ខេត្ត ចាប់ពី​ថ្ងៃទី ​១ ខែកុម្ភៈ​​ឆ្នាំ​ ២០២២ តទៅ​»​។

អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឱ្យដឹងទៀតថា ការចុះ​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ដោយ​អនុលោម​តាម​ប្រកាស លេខ ៥៣១ សហវ.ប្រក ចុះ​ថ្ងៃទី​ ៣០ ខែ​​ឧសភា ឆ្នាំ​ ២០១៨ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ និង​ចំណារ​ឯកភាព​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ចុះ​ថ្ងៃទី ​៣០ ខែធ្នូ ឆ្នាំ​ ២០២០ លើ​​លិខិត​លេខ ១០៧៦៥ សហវ​, អពដ​ចុះ​ថ្ងៃទី ​២៥ ខែធ្នូ ឆ្នាំ​ ២០២០ របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​។

លិខិត​ដដែល​បាន​បញ្ជាក់ថា ករណី​ម្ចាស់​យានយន្ត​ខកខាន​មិនបាន​ប្រកាស​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ និង​យានជំនិះ​ប្រចាំឆ្នាំ​ ២០២១ កន្លងទៅ​សូម​រួសរាន់​ទៅ​ប្រកាស​បង់ពន្ធ​ ​និង​បង់ប្រាក់​ពិន័យ​តាមច្បាប់​ជាធរមាន​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ឬ​នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា ក.អ ឬ​នៅ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ឬ​នៅ​ធនាគារ​វឌ្ឍនៈ ឬ​នៅ​ធនាគារ​កម្ពុជា​សាធារណៈ​ឬ​នៅ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ឬ​នៅ​ធនាគារ​ស្ថាបនា​ភីអិលស៊ី​ ឬ​នៅ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក.អ ឬ​នៅ​ធនាគារ​វឌ្ឍនៈ​អាស៊ី​ចំកាត់ ​(ABA)​ ឬ​អាច​បង់​តាមរយៈ​កម្មវិធី​ “GDT Taxpayer App” ដែល​អាច​ទាញយក​ចេញពី App Store ចំពោះ iOS ឬ​ Play Store ចំពោះ Android សម្រាប់​យានយន្ត​ដែល​ធ្លាប់បាន​ប្រកាស​បង់ពន្ធ​កន្លងមក ។

ក្នុង​លិខិត​នោះ អគ្គនាយកដ្ឋាន​ពន្ធដារ​បានបង្ហាញ​ក្តីសង្ឃឹម​​ថា ម្ចាស់​យានយន្ត​ទាំងអស់​នឹង​​គោរព​កាតព្វកិច្ច​សារពើពន្ធ​ និង​រួសរាន់​ទៅ​ប្រកាស​បង់ពន្ធ​ឱ្យបាន​គ្រប់ៗ​គ្នា និង​បាន​ទាន់ពេលវេលា​​ស្របតាម​បទប្បញ្ញត្តិ​នៃ​ច្បាប់​​ដើម្បី​ចៀសវាង​នូវ​ក្រុមការងារ​ចម្រុះ​ឃាត់​យានយន្ត​តាមផ្លូវ​តម្រូវឱ្យ​បង់ប្រាក់​ពន្ធ​ដែល​នាំ​ឱ្យ​ខកខាន​ពេលវេលា និង​កកស្ទះចរាចរណ៍ ដែល​អាច​កើត​​មាននូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ទាក់ទង​សុំ​ការបំភ្លឺ​ពី​លោក សែម រតនា ប្រធានការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​បានទេ នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ ប៉ុន្តែ លោក​ សាន សុខសីហា អ្នក​នាំពាក្យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់ថា ចំពោះ​កិច្ចការងារ​នេះ មន្ត្រី​ពន្ធដារ​ជា​អ្នកដឹកនាំ ចំណែក​សមត្ថកិច្ច​នគរបាល​គ្រាន់តែ​ចូលរួម​សហការ ហេតុនេះ​បើ​ទទួល​បាន​ការស្នើសុំ​សហការ​នឹង​ចុះ​អនុវត្ត​ការងារ​ភ្លាម​។

លោក ចាន់ សុធី នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង និង​លោក ពុធ ស៊ីង នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​បាន​ថ្លែង​ដូចគ្នា​កាលពីថ្ងៃ​ទី​ ១​ ខែកុម្ភៈ​ថា មន្ត្រី​ពន្ធដារ​បានស្នើ​សុំ​កម្លាំង​មន្ត្រី​នគរបាល​ចរាចរណ៍​ក្នុង​ខេត្ត​នីមួយៗ​​ចំនួន​ ៣ ​រូប ដើម្បី​ចូលរួម​ការចុះ​ពិនិត្យ​យាន្ត​យន្ត ដែល​មិន​ទាន់​បាន​បង់ពន្ធ​ផ្លូវ ប៉ុន្តែ​ចំពោះ​ការចុះ​ទៅកាន់​គោលដៅ​ណាថ្ងៃ​ណា​នោះ មន្ត្រី​ពន្ធដារ​មិនទាន់បាន​បញ្ជាក់ប្រាប់​ឱ្យ​ច្បាស់​​នៅឡើយ​ទេ​៕

វីដេអូ៖