កំពង់ស្ពឺៈ ​ពលរដ្ឋ ៦ ​នាក់​នៅ​ស្រុក​ឱរ៉ាល់​ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ឈ្មោះ ប៉ែន សារិទ្ធ ទាហាន «​ង ៧០» ហើយ​ត្រូវបាន​តុលាការ​កោះហៅ​ឱ្យចូល​បំភ្លឺ​នៅ​ថ្ងៃទី ២៧ ខែមករា បានដាក់​ពាក្យសុំ​ពន្យារពេល​ទៅ​ថ្ងៃទី ១៤ ខែកុម្ភៈ​វិញ ដោយសារ​ទើបតែ​ទទួលបាន​មេធាវី​មិនទាន់បាន​ពិភាក្សា​ពី​រឿងក្តី​នៅឡើយ ខណៈដែល​អាជ្ញាធរ​បានបញ្ជាក់​ថា ដី​ជម្លោះ​នោះ​គឺជា​ដី​របស់​ភាគី​ដើមបណ្តឹង​ដែល​មិន​ស្ថិតនៅក្នុង​ដី​សហគមន៍​ពលរដ្ឋ​ឡើយ​។

លោក សឹង សុខុម តំណាង​ប្រជាពលរដ្ឋ​ក្នុង​ជម្លោះដីធ្លី​នេះ ថ្លែង​នៅ​ថ្ងៃទី​ ៣១ ខែមករា​ថា ពលរដ្ឋ​ ៦ ​នាក់​បាន​ទៅ​ដាក់​ពាក្យសុំ​ពន្យារពេល​ចូល​បំភ្លឺ​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​ ២៦ ខែមករា​ដើម្បី​ស្វែងរក​មេធាវី​។ តំណាង​ពលរដ្ឋ​ម្នាក់នេះ​ប្រាប់ថា មកដល់​ថ្ងៃទី ៣១ ខែមករា​មាន​មេធាវី​មកពី​អង្គការ​លីកាដូ​ព្រម​ជួយ​ការពារក្តី​ចំពោះ​ពលរដ្ឋ​ទាំង​ ៦​ នាក់​ហើយ ប៉ុន្តែ​នៅ​មិនទាន់បាន​ជជែក​​ពិភាក្សាគ្នា​នៅឡើយ​។

លោក សឹង សុខុម អះអាង​ថា បញ្ហា​ជម្លោះដីធ្លី​នេះ​កើតឡើង​ដោយសារ​ខាង​ក្រុម​ទាហាន «​ង៧០» បាន​ទៅយក​ដី​សហគមន៍​ឧត្តម​ស្រែពស់​ស្ថិតនៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ដោយមាន​អនុក្រឹត្យ​ជា​សំអាង ប៉ុន្តែ​ការចូល​មក​យក​ដី​នេះ​គឺ​មិនបាន​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ ដែល​ខំ​ការពារ​ថែរក្សា​នៅ​ទីនោះ​ទេ ហេតុនេះ​ទើប​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មិនព្រម និង​បានធ្វើ​ការប្តូរ​វេន​គ្នា​យាម​ទីតាំង​នេះ​។

លោក​ប្រាប់ថា រូបភាព​នៃ​ការ​ចូលមក​យក​ដី​សហគមន៍​ដោយ​ប្រើ​ឈ្មោះ ក្រុម​ទាហាន «​ង៧០» ដោយ​របៀប​ខិលខូច​មាន​ច្រើនដង​មកហើយ​។ ក្នុងនោះ​លើក​ទី​ ១ គឺ​ស្នើសុំ​ឱ្យទៅ​ទាហាន «​ង៧០» សម្រាប់​យុទ្ធជន​ពិការ ៤១ ​គ្រួសារ​មាន​ផ្ទៃដី​ចំនួន​ ៧៨​ហិកតា ប៉ុន្តែ​ការពិត គឺ​មិនបាន​ទៅលើ​យុទ្ធ​ជនពិការ ៤១ គ្រួសារ​ពិតប្រាកដ​នោះទេ គឺ​ធ្លាក់​ទៅលើ​ដៃ​បុគ្គល​ប៉ុន្មាន​នាក់ បាន​យក​ដី​នោះ​ទៅ​លក់​យកលុយ​ចែកគ្នា​។

លោក​ថ្លែងថា​៖ «​យើង​បាន​កាត់​ដី​ឱ្យ​មួយ​សា​ទៅ ប៉ុន្តែ​វា​អត់​បាន​ទាហាន ង៧០ ឯណា​មក​នៅបាន ៤១ ​គ្រួសារ​ទេ បានតែ​ពួកគាត់​ប៉ុន្មាន​នាក់​នឹង​លក់ដូរ ហើយ​ធ្វើ​ចម្ការ ធ្វើ​អ្នកមាន​អ្នក​បាន​អ៊ីចឹងទៅ​»​។

បន្ទាប់មក​មានការ​ស្នើ​សុំ​កាត់​ដី​សហគមន៍​លើក​ទី​ ២ ម្តងទៀត (​មិន​ចាំ​ទំហំ​ដី​ពិតប្រាកដ​) ក៏​សហគមន៍​យល់ព្រម​ឱ្យ​ទៀត​។ ជាក់ស្តែង​ព្រៃ​សហគមន៍ បច្ចុប្បន្ន​នៅសល់​ប្រមាណ​ជា ៧០០ ហិកតា​ប៉ុណ្ណោះ​។ ចំណែក​លើក​ទី​ ៣​នេះ ក៏​នៅតែ​ពុំបាន​សួរ​យោបល់​ប្រជាពលរដ្ឋ​ដែល​ខំ​ថែរក្សា​ដីព្រៃ​សហគមន៍ ហើយ​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​យក​ដីព្រៃ​សហគមន៍​នេះ​កាលពី​ថ្ងៃ ២៣ និង​ ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១​ បាន​ប្រមាណ​ ៦ ​ទៅ​ ៧ ហិក​តា ប៉ុន្តែ​ដោយមាន​ពលរដ្ឋ​ប្រមាណ ៦០០ ​នាក់​បាន​ទៅ​ហាមឃាត់​ទើប​ដក​គ្រឿងចក្រ​ចេញ​វិញ​។

លោក​បញ្ជាក់ថា បន្ទាប់មក​ក៏មាន​ពាក្យបណ្ដឹង​ទៅ​ស្នងការ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត ដែលមាន​ទាំង​ឈ្មោះ​របស់លោក​ផងដែរ ដែល​រង​ការចោទប្រកាន់​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នកដទៃ និង​ជេរប្រមាថ​ជា​សាធារណៈ​ដែល​ពេលនោះ មាន​ប្រជាពលរដ្ឋ​ប្រមាណ ៦០០ នាក់​បាន​ឡើងទៅ​គាំទ្រ​តំណាង​សហគមន៍​ដែល​រង​ការ​ចោទប្រកាន់​នោះ ទើប​ស្នងការ​ខេត្ត​ពន្យារ​ការសាកសួរ​វិញ​។

តំណាង​ពលរដ្ឋ​ប្រាប់ថា​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​បាន​កោះហៅ​តំណាង​ពលរដ្ឋ​ចំនួន ៦ ​នាក់​រួមមាន លោក សឹង សុខុម លោក សយ សាត លោក​ ឈន ធា លោក ឡោ សុខលី លោក ឈន សារិទ្ធ និង លោក ឈួន ខឿន ចោទ​ពីបទ​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា គំរាម កំហែង ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​បង្ក​អសន្តិសុខ​ប៉ះពាល់​សង្គម និង​តម្រូវឱ្យ​ចូលខ្លួន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី​ ២៧ ខែមករា ឆ្នាំ​ ២០២២​។

យោងតាម​ដីកាកោះ​របស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារង តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ឱ្យដឹងថា អយ្យការ​កោះហៅ​ពលរដ្ឋ​ទាំង​ ៦ ​នាក់ ដើម្បី​សាកសួរ​ពី​ដំណើររឿង​ដែល​ឈ្មោះ ប៉ែន សារិទ្ធ បាន​ប្តឹង​ពាក់ព័ន្ធ​ករណី​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា គំរាមកំហែង ជេរប្រមាថ​ជា​សាធារណៈ និង​ញុះញង់​បង្ក​អសន្តិសុខ​ប៉ះពាល់​សង្គម​ដែល​ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ​ ស្រុក​ឱរ៉ាល់ កាលពី​ថ្ងៃទី​ ១៩ ខែតុលា ឆ្នាំ​ ២០២១​។

លោក ប៉ែន សារិទ្ធ ដែលជា​ភាគី​ដើមបណ្តឹង មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​លើ​បញ្ហា​នេះ​បានទេ​។ ប៉ុន្តែ លោក ទេព ណែម មេឃុំ​ត្រពាំងជោរ​ថ្លែងថា ដីព្រៃ​ដែលមាន​គ្រឿងចក្រ​ចូល​ឈូសឆាយ ស្ថិតក្នុង​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ នោះ​ជា​ដី​របស់​ក្រសួងបរិស្ថាន​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ដែល​ប្រមុខ​រដ្ឋាភិបាល​សម្រេច​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​គ្រួសារ​យោធិន ៤១ គ្រួសារ ដែលមាន​លោក​ ប៉ែន សារិទ្ធ ជា​តំណាង​សម្រាប់​សាងសង់​លំនៅឋាន​ និង​បង្កបង្កើនផល​។

លោក​មេឃុំ​ថា​៖ «​ខាង​ទាហាន គាត់​សុំ​ស្នើ​ដី ១ កន្លែង​ហ្នឹង​ប្រហែល​ជាង ២០០ ​ហិកតា សម្រាប់​គ្រួសារ​កងទ័ព​។ ដី​ហ្នឹង​វា​មិន​នៅក្នុង​សហគមន៍​ទេវា​នៅជាប់​ដី​សហគមន៍​ផ្នែក​ខាងជើង​»​។

យោងតាម​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ បញ្ជាក់ថា មានការ​ធ្វើ​អនុប្បយោគ​ផ្ទៃដី​ទំហំ ២៦២,២៤ ហិកតា​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ភូមិសាស្ត្រ​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំងជោរ ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្មសិទ្ធិ​ជូន​ក្រុម​គ្រួសារ​យោធិន​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ពជើងគោក និង​ពលរដ្ឋ​សរុប​ចំនួន ៤១ គ្រួសារ​សម្រាប់​សាងសង់​លំនៅឋាន និង​បង្កបង្កើនផល​ស្របច្បាប់​។

ចំណែក​លិខិត​របស់​មន្ទីរបរិស្ថាន​ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃទី ១៣ ខែតុលា ២០២១ បញ្ជាក់ថា បាន​ស្នើសុំ​ដាក់​គ្រឿងចក្រ​ចំនួន ៥ គ្រឿង សម្រាប់​ចុះ​កំណត់​ព្រំ និង​ឈូសឆាយ​​ដី​ក្រុមគ្រួសារ​យោធិន​បញ្ជាការដ្ឋាន​រថក្រោះ​កងទ័ព​ជើងគោក​ និង​ប្រជាពលរដ្ឋ​ចំនួន ៤១ គ្រួសារ​នៅ​ទីតាំង​នោះ​ត្រូវបាន​អភិបាលខេត្ត​កំពង់ស្ពឺ​ចុះហត្ថលេខា​ឯកភាព​ផងដែរ​។

លោក អំ សំអាត នាយករង អង្គការ​លីកាដូ​ថ្លែងថា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​បាន អាជ្ញាធរ​ពាក់ព័ន្ធ​រួមជាមួយ​ប្រជាពលរដ្ឋ​គួរតែ​ជួប​ជជែក​គ្នា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ល្អ​ជាង​ការ​តតាំង​គ្នា​តាមផ្លូវ​តុលាការ​។ លោក​ថា ពលរដ្ឋ​ចង់​រក្សា​ព្រៃ​ទុកជា​របស់​រួម​ជា​សម្បត្តិ​រដ្ឋ ចំណែក​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ប្រគល់ជូន​អតីតយុទ្ធជន​ក៏​ជា​មធ្យោបាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ដោះស្រាយ​ជូន​អតីតយុទ្ធជន​ដែរ​។

លោក​ថា​៖ «​អ៊ីចឹង​ចំណុច​ហ្នឹង មានការ​ខ្វែងគំនិត​គ្នា​ដែល​គួរ​ណាស់​តែ​ជួប​ជជែក​គ្នា ហើយ​និង​ស្វែងរក​ដំណោះស្រាយ​ឱ្យបាន​ត្រឹមត្រូវ សមរម្យ​ណាមួយ ដើម្បី​បញ្ចៀស​អំពី​បាតុភាព​ដែល​កើតឡើង​ហ្នឹង ជាពិសេស​យើង​មិន​ចង់ឃើញ​ទេ​ទាក់ទង​នឹង​ការ​ប្តឹងផ្តល់​សហគមន៍ ឬ​តំណាង​សហគមន៍​ទៅ​តុលាការ​វា​ជា​វិធីសាស្ត្រ​មួយ​ដែល​មិនល្អ​»៕