ភ្នំពេញៈ ក្រសួងបរិស្ថាន​ណែនាំ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​ចាត់វិធានការ​ចាំបាច់​មួយ​ចំនួន ដើម្បី​គ្រប់គ្រង​គុណភាព​ខ្យល់​ឱ្យបាន​ល្អ ខណៈ​លទ្ធផល​ពី​ស្ថានីយ​ត្រួតពិនិត្យ​បង្ហាញ​ស្ថានភាព​គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ ពិសេស​កម្រិត​កំហាប់​ភាគល្អិត​និចល PM10 និង PM 2.5 អាច​កើនឡើង​លើស​កម្រិត​ស្តង់ដា​នៅ​បណ្តា​ខេត្ត​មួយចំនួន ដែល​អាច​បង្ក​ផលប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​បរិស្ថាន នា​ថ្ងៃទី​ ៣១ មករា ឱ្យដឹង​ថា តាម​លទ្ធផល​នៃ​ការអនុវត្ត​តាមដាន​គុណភាព​ខ្យល់​ពី​ស្ថានីយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ ដែល​ក្រសួងបរិស្ថាន​បាន​ដំឡើង​នៅតាម​បណ្តា​រាជធានី​-​ខេត្ត ទូទាំង​ប្រទេស​បង្ហាញថា​​ស្ថានភាព គុណភាព​ខ្យល់​មានការ​ធ្លាក់ចុះ​គួរឱ្យ​បារម្ភ​។ ជាពិសេស​កម្រិត​កំហាប់​ភាគល្អិត​និចល PM10 និង PM 2.5 អាច​កើនឡើង​លើស​កម្រិតស្តង់ដា​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដែលជា​ហានិភ័យ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។

PM2.5 គឺជា​ភាគល្អិត​និចល​តូចៗ​នៅក្នុង​ខ្យល់ ដែលមាន​អង្កត់ផ្ចិត​តូច​ជាង​ ២,៥ ​មីក្រុង​។ ភាគល្អិត​និចល​នេះ​មាន​ប្រភព​មកពី​ការដុត​ឥន្ធនៈ​ហ្វូស៊ីល និង​កម្ទេចធូលី​ផ្សេងៗ​។ កម្រិត​កំហាប់​ភាគល្អិត​នេះ​ស្ថិតក្នុង​កម្រិតស្តង់ដា​ ៥០​ អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែ​នៅ​គ្រប់​រាជធានី​-​ខេត្ត​មិនទាន់មាន​ខេត្ត​ណាមួយ​មានការ​កើនឡើង​ដល់​កម្រិត​ស្តង់ដា​នៅឡើយ​ទេ​។ ទោះយ៉ាងណា​មាន​ខេត្ត​ចំនួន ​៤ មានការ​កើនឡើង​ដល់​កម្រិត​ក្រោម​ ៥០ ក្នុងនោះ​ខេត្តសៀមរាប មាន​កម្រិត​ ៤៣.៩០ ខេត្ត​ព្រះវិហារ​មាន​កម្រិត​ ៤១.២១ ខេត្ត​ស្ទឹងត្រែង​មាន​ ៤១.៤៣ និង​ខេត្តមណ្ឌលគិរី មាន​ ៤០.០៩​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​ពី​ក្រសួង​បរិស្ថាន​។

ក្រសួង​បញ្ជាក់ថា ប្រភព ​និង​សកម្មភាព​សំខាន់ៗ​ដែលជា​ហេតុ​បង្កឱ្យមាន​កម្រិត​កំហាប់​ភាគល្អិត​និចល PM10 និង PM 2.5 មានការ​កើនឡើង​នេះ រួមមាន ការបញ្ចេញ​ផ្សែង​ពី​រោងចក្រ​ឧស្សាហកម្ម​ពី​យានយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត និង​ពី​ចំហេះ​ឥន្ធនៈ​ផ្សេងៗ​ទៀត​។ រីឯ ភ្លើង​ឆេះព្រៃ ការដុត​ព្រៃ ការដុត​វាលស្មៅ ការដុត​គល់​ជញ្ជ្រាំង ការដុត​សំរាម និង​សំណល់​រឹង​នៅ​ទី​ចំហ និង​ការឆេះ​សំរាម​ទីលាន​ចាក់​សំណល់ ការហុយធូលី​ពី​ការដ្ឋាន​សំណង់​ជាដើម ក៏​ជាហេតុ​បង្កឱ្យមាន​កម្រិត​កំហាប់ ភាគល្អិត​និចល​នេះ​កើនឡើង​ដែរ​។

ដោយ​ពិនិត្យឃើញ​នូវ​បញ្ហា​ទាំងនេះ និង​ដើម្បី​កែលម្អ​គុណភាព​ខ្យល់​នៅតាម​រាជធានី​-​ខេត្ត ក្រសួង​បរិស្ថាន​បាន​ជម្រាបជូន​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត​នូវ​វិធានការ​មួយចំនួន​។ ទី​ ១ ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​ការដុត​សំរាម សំណល់​រឹង​នៅតាម​ទី​ចំហ ការឆេះ​នៅតាម​ទីលាន​ចាក់​សំណល់​។ ទី​ ២ ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ការ​ហុយធូលី​ពី​ការដ្ឋាន​សំណង់ និង​ការដ្ឋាន​កែលម្អ​ហេដ្ឋា​រចនាសម្ព័ន្ធ​ និង​ធូលី​ហុយ​នៅតាម​ដងផ្លូវ​។ ទី​ ៣ ធ្វើការ​សម្អាត​អនាម័យ​នៅតាម​ដងផ្លូវ​ និង​ទីសាធារណៈ​។ ទី​ ៤ អប់រំ​ប្រជាពលរដ្ឋ​កុំឱ្យ​ដុតសំរាម និង​សំណល់​រឹង ដុត​ស្មៅ គល់​ជញ្ជ្រាំង និង​សំណល់​កសិកម្ម​ផ្សេងៗ​ទៀត​។

ក្រសួង​បញ្ជាក់ថា​៖ «​សូម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត មាន​វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​បរិស្ថាន​ថ្លែងថា ស្ថានភាព​គុណភាព​ខ្យល់​នៅ​កម្ពុជា​នៅតែមាន​កម្រិត​ក្រោម​ស្តង់ដា​មាន​គុណភាពល្អ បើទោះបីជា​កម្រិត​កំហាប់​ភាគល្អិត​និចល​មានការ​កើនឡើង ជាពិសេស​កំហាប់​ប៉ារ៉ាម៉ែត្រ​ភាគល្អិត​និចល PM10 និង PM 2.5 បន្តិច​ក៏ដោយ​។

លោក​ ភក្ដ្រា ​ថ្លែងថា ការបំពុល​ខ្យល់​កំពុង​ក្លាយជា​បញ្ហា​ប្រឈម​ផ្នែក​បរិស្ថាន​ក្នុង​តំបន់​ និង​ពិភពលោក ដែល​ផលប៉ះពាល់​ពី​ការ​បំពុល​ខ្យល់​មាន​លក្ខណៈ​ធំធេង​។ ដោយសារតែ​សារធាតុបំពុល​ខ្យល់​អាច​សាយភាយ​បាន​ឆ្ងាយ បង្កឱ្យ​មាន​ការបំពុល​ឆ្លងដែន​រួមផ្សំ​នឹង​ឥទ្ធិពល​ពី​កត្តា​អាកាសធាតុ​ និង​ភូមិសាស្ត្រ បានធ្វើឱ្យ​ការបំពុល​ខ្យល់​ក្លាយជា​បញ្ហា​ប្រឈម​ចំពោះ​សុខភាព ដែល​ទាមទារ​ឱ្យ​គ្រប់​ប្រទេស​ទាំងអស់​មានការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​លើ​បញ្ហា​បំពុល​ខ្យល់​។ ប្រភព​នៃ​ការបំពុល​ខ្យល់​មានការ​កើនឡើង​ជា​លំដាប់​តាមរយៈ​មធ្យោបាយ​ធ្វើដំណើរ​។ ការប្រើប្រាស់​ថាមពល​ក្នុង​ដំណើរ​ការផលិតកម្ម សេវាកម្ម និង​លំនៅឋាន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់ បណ្តាល​ឱ្យមាន​កំណើន​នៃ​ការបញ្ចេញ​ឧស្ម័ន​បំពុលបរិយាកាស​។

លោក​ថ្លែងថា​៖ «​ជា​វិធានការ​នៃ​ការកាត់បន្ថយ​ការបំពុល​ខ្យល់ ក្រសួងបរិស្ថាន​បាន​ផ្តួចផ្តើម​រៀបចំ​ផែនការ​ខ្យល់​ស្អាត​កម្ពុជា ដោយ​មាន​កិច្ចសហការ​ផ្តល់​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ពី​កម្មវិធី​ភាពជា​ដៃគូ​ស្តីពី​ខ្យល់​ស្អាត​អាស៊ី​ប៉ាស៊ីហ្វិក​នៃ​កម្មវិធី​បរិស្ថាន​សហប្រជាជាតិ និង​វិទ្យាស្ថាន​បរិស្ថាន​ស្តុក​ហូលម៍​នៃ​ប្រទេស​ស៊ុយអ៊ែត​»​។

លោក​បន្ថែមថា​៖ «​ហើយ​ថ្មីៗ​នេះ ក្រសួងបរិស្ថាន​បានចេញ​ផ្សាយ​ផែនការ​ខ្យល់​ស្អាត​កម្ពុជា ដែលជា​ឯកសារ​យុទ្ធសាស្ត្រ​ជាតិ​សំដៅ​កំណត់​សកម្មភាព​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​បំពុល​ខ្យល់​នៅ​ប្រទេស​កម្ពុជា​»​។

បើតាម​លោក​នេត្រ ភក្ត្រា ឯកសារ​ជា​យុទ្ធសាស្ត្រ​នេះ​បាន​ផ្តល់នូវ​ទិដ្ឋភាព​សំខាន់ៗ រួមមាន ស្ថានភាព​គុណភាព​ខ្យល់​ (​បច្ចុប្បន្ន និង​និន្នាការ​ក្នុង​ឆ្នាំ​ ២០៣០)​។ ប្រភព​បំពុល​ខ្យល់​សំខាន់ៗ លិខិត​បទដ្ឋាន​គតិយុត្ត និង​វិធានការ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​បំពុលបរិយាកាស​តាម​វិស័យ​។ នេះ​ជា​លើក​ទី​ ១ ​ហើយ​ដែល​ការបញ្ចេញ​សារធាតុបំពុល​បរិយាកាស បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ត្រូវបាន​វាស់វែង​ក្នុង​កម្រិត​ជាតិ និង​វិធានការ​កាត់បន្ថយ​ការបំពុល​បរិយាកាស​ត្រូវ​បានដាក់​អនុវត្ត​ក្នុង​គោលបំណង​លើកកម្ពស់​គុណភាព​ខ្យល់ ការពារ សុខភាព​សាធារណៈ និង​បរិស្ថាន​ត្រូវ​បានកំណត់​ជាក់លាក់​។

ផែនការ​ខ្យល់​ស្អាត​កម្ពុជា​ត្រូវបាន​រៀបចំឡើង​ដោយ​ធ្វើ​សមាហរណកម្ម​ជាមួយ​គោលនយោបាយ និង​លិខិតបទដ្ឋាន​គតិយុត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដូចជា សារាចរ​លេខ​ ១ ស្តីពី​វិធានការ​ទប់ស្កាត់​ និង​កាត់បន្ថយ​ការបំពុល​ខ្យល់​សាធារណៈ​។ អនុក្រឹត្យ​ស្តីពី​ការត្រួតពិនិត្យ​ការបំពុល​ខ្យល់ និង​ការរំខាន​ដោយ​សំឡេង ដើម្បី​ដាក់ចេញ​ជា​វិធានការ​កាត់បន្ថយ​ការបញ្ចេញ​សារធាតុបំពុល​ខ្យល់​។ នេះ​បើតាម​លោក​ ភក្ដ្រា​។

ប្រទេស​កម្ពុជា ក៏​ដូច​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ដទៃទៀត​ដែរ ការកើនឡើង​ជា​លំដាប់​នូវ​មធ្យោបាយ​ធ្វើដំណើរ ការប្រើប្រាស់​ថាមពល​ក្នុង​ដំណើរការ​ផលិតកម្ម សេវាកម្ម និង​លំនៅឋាន និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សំណង់ បណ្តាលឱ្យមាន​កំណើន​នៃ​ការបញ្ចេញ​ឧស្ម័ន​បំពុលបរិយាកាស​នៅ​កម្ពុជា​។

ជាក់ស្ដែង តាម​ទិន្នន័យ​តាមដាន​គុណភាព​ខ្យល់​របស់​ក្រសួង​បរិស្ថាន​បង្ហាញថា​នៅ​ទីក្រុង​ភ្នំពេញ​ជា​រៀងរាល់ឆ្នាំ កំហាប់ PM2.5 ជា​មធ្យម​កើនឡើង​ពី ១៣.៥៩​ មីក្រូ​ក្រាម​ក្នុង​ ១​ ម៉ែត្រគុប​ក្នុង​ឆ្នាំ​ ២០១៧ និង​ ១៩.២៦ ​មីក្រូក្រាម​ក្នុង​ ១​ ម៉ែត្រគុប ក្នុង​ឆ្នាំ​ ២០១៨​។ វា​បាន​កើនឡើង​ដល់ ២១.១២ ​មីក្រូក្រាម​ក្នុង ១ ​ម៉ែត្រគុប ក្នុង​ឆ្នាំ​ ២០១៩ ហើយ​ឆ្នាំ​ ២០២១ ស្ថានភាព​ខ្យល់​មាន​ភាពល្អប្រសើរ​ស្ថិតក្រោម​បន្ទាត់​ស្តង់ដា​ជាតិ (២៥​ មីក្រូ​ក្រាម​ក្នុង​ ១ ​ម៉ែត្រគុប​)​។

បើទោះបីជា​កំហាប់​ភាគល្អិត​និចល​ស្ថិតក្រោម​បន្ទាត់​ស្តង់ដា​ជាតិ (២៥ ​មីក្រូក្រាម​ក្នុង​ ១​ ម៉ែត្រគុប​) ក៏ដោយ ប៉ុន្តែ​និន្នាការ​នៃ​ការ​កើនឡើង​កំហាប់​សារធាតុបំពុល​ខ្យល់​ពី​ ១ ​ឆ្នាំ ទៅ ១ ​ឆ្នាំ ក្នុង​បរិយាកាស គឺមាន​កម្រិត​គួរឱ្យ​កត់សម្គាល់ ដែល​ទាមទារ​ការយកចិត្ត​ទុកដាក់​ក្នុងការ​ចាត់វិធានការ​កាត់បន្ថយ​។

ខណៈ​មាន​ជំងឺ​មួយចំនួន​ដែល​បណ្តាល​មកពី​ការប៉ះពាល់​ជាមួយ​ភាគល្អិត​និចល​ក្នុង​រយៈពេល​វែង ដូចជា​ប៉ះពាល់​ដល់​ទារក​ (​កើតមុន​កំណត់​ទម្ងន់​មិន​គ្រប់​) ជំងឺ​ផ្លូវដង្ហើម​ចំពោះ​កុមារ​ក្រិន​សរសៃ​ឈាម ការវិវឌ្ឍ​ប្រព័ន្ធ​ប្រសាទ​ និង​សមត្ថភាព​ខួរក្បាល គឺ​ការបំពុល​ខ្យល់​បណ្តាលឱ្យមាន​ផលប៉ះពាល់​អវិជ្ជមាន​ជាច្រើន​ចំពោះ​សុខភាព​សាធារណៈ​បរិស្ថាន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។

បើ​យោងតាម​អង្គការ​សុខភាព​ពិភពលោក ការបំពុល​ខ្យល់​សាធារណៈ​បានសម្លាប់​មនុស្ស​ប្រមាណ ៤,២ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ដែល​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច និង​អាស៊ីអាគ្នេយ៍​ជា​តំបន់​ដែល​រង​ផលប៉ះពាល់​ច្រើនជាងគេ (WHO ឆ្នាំ​ ២០១៦)​។

លោក​ ភក្ដ្រា ​បាន​អំពាវនាវ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​មន្ទីរ​បរិស្ថាន​រាជធានី​-​ខេត្ត ដាក់​វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រក្សាបាន​នូវ​គុណភាព​ខ្យល់​ល្អប្រសើរ​ដល់​ពលរដ្ឋ​កម្ពុជា​។

លោក​ ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​ឱ្យដឹងថា ក្រោយ​ទទួលបាន​សេចក្ដី​ជូនដំណឹង​របស់​ក្រសួងបរិស្ថាន មន្ទីរ​បាន​បន្ត​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​បណ្តា​ស្រុក​នៅ​ទូទាំង​ខេត្ដ ហើយ​បណ្ដា​ស្រុក​បាន​បន្ត​ផ្សព្វផ្សាយ​ណែនាំ​ដល់​ភូមិ​ឃុំ ដល់​ប្រជាពលរដ្ឋ​ក្នុង​ការទប់ស្កាត់​ការធ្វើ​សកម្មភាព​បង្កឱ្យ​មាន​ការបំពុល​ខ្យល់​នេះ​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​ម្សិលមិញ​ [​ថ្ងៃទី​ ៣១ ខែមករា​] តាម​ស្រុក​មួយចំនួន​បានចេញ​សេចក្ដី​ជូនដំណឹង​បន្ត​ដល់​ភូមិ​- ឃុំ និង​បងប្អូន​ប្រជាពលរដ្ឋ ដើម្បី​ទប់ស្កាត់​ការដុត​ជញ្ជ្រាំង ការដុត​កាកសំណល់​សំរាម សំណល់​រឹង​ជាដើម​»​។

ទាក់ទង​នឹង​ភាពល្អិត​និចល PM2.5 ក្នុង​បរិយាកាស​នៅ​ខេត្ដ​សៀមរាប​កើន​ឡើងដល់​កម្រិត​ ៤៣.៩០ កាលពី​ថ្ងៃទី​ ៣០ ខែមករា និង​ធ្លាក់​ចុះមក​នៅក្រោម​កម្រិត​ ៣០ នៅ​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២​។ លោក​ ស៊ុន គង់ បញ្ជាក់ថា ភាគល្អិត​និចល​ក្នុង​បរិយាកាស​ក្នុង​ខេត្ដ​សៀមរាប​កើនឡើង​ភាគច្រើន គឺ​ដោយសារ​ការដុត​ជញ្ជ្រាំង និង​សំណល់​សំរាម​របស់​ប្រជាពលរដ្ឋ​៕