ភ្នំពេញៈ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ​ប្រកាស​ពី​សកម្មភាព​ការងារ​មួយចំនួន​របស់ខ្លួន ដែល​សម្រេចបាន​ក្នុង​រយៈពេល​កន្លងមក​ក្នុង​អាណតិ្ត​ទី ​៣ ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​ដោយ​ក្នុងនោះ​សំណុំរឿង​ពុករលួយ​ប្រមាណ​ ៥០ ត្រូវបាន​ប្តឹង​មក​ស្ថាប័ន​នេះ​ឱ្យ​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជា​បន្តបន្ទាប់​។

ការប្រកាស​នេះ​បានធ្វើ​ឡើង​ក្រោយ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ក្នុង​កិច្ចប្រជុំ​លើក​ទី​ ៨ អាណត្តិ​ទី​ ៣ ​របស់ខ្លួន ដោយមាន​វត្តមាន​ចំនួន​ ១០ ​រូប លើ​ ១១​ រូប ក្រោម​អធិបតីភាព​លោក ​តុប សំ ប្រធាន​ក្រុមប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២២​។

សេចក្តី​ជូនដំណឹង​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចុះ​ថ្ងៃទី​ ៣១ ​មករា ឱ្យដឹងថា ក្នុង​កិច្ចប្រជុំ​នោះ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី​ ៧ អាណត្តិ​ទី​ ៣ ​ផងដែរ​។

សេចក្តី​ជូនដំណឹង​បញ្ជាក់ថា​៖ «​ក្នុង​កិច្ចប្រជុំ​នោះ លោក​ ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​រាយការណ៍​អំពី​សកម្មភាព​ការងារ​មួយចំនួន​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដូចជា​ការងារ​ពាក្យ​ប្ដឹង ការងារ​បង្ការ និង​ទប់ស្កាត់ និង​ការងារ​បណ្តុះបណ្តាល​ជាដើម​»​។

លោក​ ឱម យ៉ិនទៀង លើកឡើង​ថា រយៈពេល​កន្លងមកនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ​បាន​ទទួល​ពាក្យ​ប្តឹង​ចំនួន​ ៥០​ បណ្តឹង​ក្នុងនោះ​ទទួល​ពី​ជនអនាមិក​ចំនួន​ ២៨​ បណ្តឹង ស្មើនឹង​ ៥៦ ​ភាគរយ​។ ចំពោះ​ពាក្យបណ្តឹង​ទាំង​ ៥០ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចាត់ការ​លើ​ពាក្យ​ប្ដឹង​ចំនួន​ ២៧ ដោយបាន​ស្រាវជ្រាវ និង​បញ្ចប់ ហើយ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​បណ្តឹង​រួចហើយ​។

លោក​បញ្ជាក់ថា​៖ «​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏បាន​ធ្វើលិខិត​ឱ្យ​សាមី​សា្ថប័ន សាមីខ្លួន​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​ចំនួន​ ១៥ ​លិខិត និង​ធ្វើលិខិត​កោះហៅ​មក​ស្តាប់​ការបំភ្លឺ​ចំនួន​ ២២​ លិខិត ដែល​សាមី​ស្ថាប័ន សាមីខ្លួន​បាន​បំភ្លឺ និង​ភា្ជប់​ឯកសារ​បង្អែក​ចំនួន​ ២៣​ លិខិត និង​ធ្វើលិខិត​អន្តរាគមន៍​ចំនួន ​១ ​លិខិត​»​។

ចំណែក​ការងារ​បង្ការ និង​ទប់ស្កាត់​វិញ​លោក​ ឱម យ៉ិនទៀង និយាយថា អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ចូលរួម​សង្កេតការណ៍​ការប្រឡង​ចំនួន​ ៦ ​លើក ហើយ​បាន​បើក​វគ្គ​បណ្តុះបណ្តាល បំពាក់បំប៉ន​ផ្នែក​ច្បាប់ និង​ជំនាញ​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​អង្គភាព​ជូន​ដល់​មន្ត្រី​របស់ខ្លួន​ចំនួន ៥ ​វគ្គ ដើម្បី​ពង្រឹង និង​ពង្រីក​សមត្ថភាព​របស់​មន្ត្រី​ក្នុងការ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​កាន់តែ​ល្អ​ថែមទៀត​។

ជាមួយ​គ្នានេះ ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ​បាន​វាយតម្លៃ​ខ្ពស់​នូវ​ការចូលរួម និង​គាំទ្រ​ពី​មន្ត្រីរាជការ ប្រជាជន និង​មជ្ឈដ្ឋាន​នានា​ក្នុង​ឆ្នាំ​កន្លងទៅ កាន់តែ​ច្រើនឡើង និង​សកម្ម​ឡើង​រួម​គា្ន​កាត់បន្ថយ​អំពើ​អសកម្ម និង​អំពើ​ពុករលួយ​គួរឱ្យ​កត់សម្គាល់​។

ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុករលួយ​លើកឡើង​ថា​៖ «​សំណូមពរ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មាន​របាយកាណ៍​ជូន​សាធារណៈ​អំពី​ពាក្យ​ប្តឹង​ឱ្យបាន​ពិស្តារ​ជាង​នេះ ដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំ​ថា ពាក្យ​ប្តឹង​មកហើយ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មិនបាន​យកចិត្ត​ទុកដាក់​ដោះស្រាយ​»​។

លោក​ សន ជ័យ ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា និយាយ​ថា សកម្មភាព​នានា​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ គឺ​មាន​វិធីសាស្ត្រ​ជាច្រើន សម្រាប់​ធ្វើការ​វាយតម្លៃ​ទៅលើ​ប្រសិទ្ធភាព​នៃ​ការងារ​របស់​អង្គភាព​មួយ​នេះ​។ លោក​ថា ជាមួយ​នឹង​ការវាយតម្លៃ​នេះ ការដាក់​ចំណាត់ថ្នាក់​ពី​ស្ថានភាព​អំពើពុករលួយ​នៅ​កម្ពុជា​ពី​បណ្តា​អង្គការ​អន្តរជាតិ​ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ឆ្លុះបញ្ចាំង​ពី​អំពើ​ពុករលួយ និង​ប្រសិទ្ធភាព​របស់​ស្ថាប័ន​នេះដែរ​។

លោក​បញ្ជាក់ថា​៖ «​បើសិនជា​សម្ទុះ​នៃ​តួលេខ​អំពើពុករលួយ​នៅមានកម្រិត​ខ្ពស់ អ៊ីចឹង​គេ​អាច​មានការ​សន្និដ្ឋានបាន​ថា នៅមាន​ចំណុច​ខ្វះខាត​នៅឡើយ​នៅក្នុង​វិធានការ​ប្រឆាំង​អំពើ​ពុករលួយ ហើយ​ទំនងជា​ផែនការ​យុទ្ធសាស្ត្រ​របស់​អង្គភាព​នេះ​នៅមាន​កម្រិត បើ​ធៀប​នឹង​ការប្រព្រឹត្ត​អំពើពុករលួយ​»៕