ភ្នំពេញៈ ​ក្រសួង​អប់រំ យុវជន និង​កីឡា​ជូនដំណឹង​ដល់​ប្រធាន​មន្ទីរអប់រំ រាជធានី​ខេត្ដ​ឱ្យ​រៀបចំ​ដំណើរការ​ប្រឡងប្រណាំង​ជ្រើសរើស​ជយលាភី​លេខ​ ១ ​ថ្នាក់ក្រោម​ជាតិ រួច​បញ្ជូនមក​ក្រសួង​ឱ្យបាន​មុន​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដើម្បី​ជ្រើសរើស​ជយលាភី​ថ្នាក់ជាតិ ពានរង្វាន់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន នៅក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី ​៧ ​ឆ្នាំនេះ​។

យោងតាម​សេចក្ដី​ជូនដំណឹង ចុះហត្ថលេខា​ដោយ​លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួង​អប់រំ​ជម្រាប​ទៅ​ប្រធាន​មន្ទីរអប់រំ​រាជធានី ខេត្ដ កាលពី​ថ្ងៃទី​ ៣១ ខែមករា បានឱ្យ​ដឹងថា ក្រសួង​អប់រំ​នឹង​រៀបចំ​កម្មវិធី​ប្រឡងប្រណាំង​អាន​អត្ថបទ ស្មូត​កំណាព្យ និង​តែង​និពន្ធ ជ្រើសរើស​ជយលាភី​ថ្នាក់ជាតិ ពានរង្វាន់ របស់លោក ហ៊ុន សែន ដើម្បី​អបអរសាទរ​ទិវា​ជាតិ​អំណាន​លើក​ទី ​៧ ក្រោម​ប្រធានបទ «​អំណាន​ជួយ​លើកកម្ពស់​គុណភាព​ជីវិត​ក្នុងសង្គម​ឌីជីថល​»​។

សេចក្ដី​ជូនដំណឹង​បញ្ជាក់​​ថា​៖ «​អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​លោក លោកស្រី​ប្រធាន​រៀបចំ​ដំណើរការ​ប្រឡងប្រណាំង​ជ្រើសរើស​ជយលាភី​លេខ ​១ ថ្នាក់ក្រោម​ជាតិ​ទាំង ៣ វិញ្ញាសា ដោយ​ថត​ជា​វីដេអូ (​វិញ្ញាសា​អាន​អត្ថបទ និង​ស្មូត​កំណាព្យ​) និង​ស្នាដៃ​សំណៅ​ដើម​របស់​ជយលាភី​ផ្នែក​តែង​និពន្ធ​រួច​បញ្ចូន​មក​នាយកដ្ឋាន អភិវឌ្ឍន៍​កម្មវិធីសិក្សា​ឱ្យបាន​មុន​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ​ ២០២២ ជា​កំហិត​»​។

វិញ្ញាសា​ប្រឡងប្រណាំង​ទាំង​ ៣ ​នេះ​រួមមាន ការតែង​និពន្ធ (​អត្ថបទ​ពាក្យកាព្យ ឬ​ពាក្យរាយ​) សម្រាប់​សិស្ស​មធ្យម​សិក្សា​ទុតិយភូមិ​។ ការស្មូត​កំណាព្យ សម្រាប់​សិស្ស​មធ្យមសិក្សា​បឋមភូមិ និង​ការអាន​អត្ថបទ​សម្រាប់​សិស្ស​បឋមសិក្សា​។

បើតាម​សេចក្ដី​ជូនដំណឹង កាលបរិច្ឆេទ​ប្រឡងប្រណាំង​យក​ជ័យលាភី​ថ្នាក់ជាតិ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​ ៩ ដល់ទី​ ១០ ខែមីនា ឆ្នាំ ​២០២២​។ ទីកន្លែង​ប្រឡង​នៅ​អគារ​រដ្ឋបាល​ថ្មី ក្រសួង​អប់រំ​ជាប់​សាលាបឋមសិក្សា​ចៅពញាហុក​។ សម្រាប់​ព័ត៌មាន​បន្ថែម​ចំពោះ​ការប្រឡង​នេះ​អាច​ទំនាក់ទំនង​លេខ​ទូរស័ព្ទ និង​តេឡេក្រាម ០១២ ៩២ ៨៦ ៩១​។

លោក ហោ សុខៈ នាយក​កម្មវិធី​អំណាន និង​ជា​អ្នកជំនាញ​ខាង​អំណាន​នៃ​អង្គការ Room to Read ប្រចាំ​កម្ពុជា​បាន​លើកឡើងថា នៅពេលដែល​មេរោគ​កូវីដ​ ១៩ បាន​ចូល​មកដល់​ប្រទេស​កម្ពុជា ការងារ​អំណាន វិស័យ​អំណាន កាន់តែ​ដើរតួនាទី​សំខាន់ ចំពោះ​ប្រជាជន​កម្ពុជា​គ្រប់រូប ពិសេស​មាតាបិតា អ្នកអាណាព្យាបាល ពីព្រោះ​នៅ​អំឡុងពេល​សាលារៀន​ផ្អាក​បណ្ដោះអាសន្ន គឺ​មិនមាន​គ្រូ​ទៅ​បង្រៀន​ដល់ផ្ទះ​ឡើយ គឺ​មានតែ​ពួកគេ​រៀន​ដោយ​ខ្លួនឯង​តាមរយៈ​ការអាន​។

លោក​បានឱ្យដឹងថា ក្នុងដំណាក់កាល​នៃ​ការរីករាលដាល​មេរោគ​កូវីដ ​១៩ អង្គការ Room to Read បាន​ផលិត​សៀវភៅ​សម្រាប់​ឪពុកម្ដាយ​បង្រៀន​កូន​នៅតាម​ផ្ទះ និង​បង្កើត​បណ្ដាញ​ក្រុម​តេឡេក្រាម​ជាមួយ​ឪពុកម្ដាយ​នៅតាម​តំបន់​ខេត្ដ​គោលដៅ​ដែល​ក្នុងនោះ​មាន​សាលារៀន​ជាង ២៦០ សាលារៀន​បង្កើន​សកម្មភាព​ការអាន​ដល់​កុមារ​នៅតាម​ផ្ទះ តាមរយៈ​ការផ្ញើ​ជូន​វីដេអូ​មេរៀន ការអាន​ប្រចាំថ្ងៃ​ជាដើម​។ ជា​លទ្ធផល​មាន​ឪពុកម្ដាយ អ្នកអាណាព្យាបាល​សិស្ស​រាប់ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​។ លោក​ថ្លែងថា​៖ «​ទិវា​ជាតិ​អំណាន​ជា​រៀងរាល់ឆ្នាំ ដែល​ក្រសួង​អប់រំ​រៀបចំ​ឡើង​គោលបំណង​រួម គឺ​ដើម្បី​ជំរុញ​ដល់​សិស្សានុសិស្ស កុមារ ឱ្យមាន​ការសិក្សា​ស្រាវជ្រាវ អាន និង​សង្ខេប មេរៀន​ដោយ​ខ្លួនឯង​ដែល​វា​ជា​ផ្នែក​មួយ​ជំរុញ​ដល់​ការអាន​»​។

បើតាម​លោក សុខៈ ក្នុង​ទិវា​អំណាន​ឆ្នាំនេះ ក្រសួង​អប់រំ​បាន​អនុញ្ញាត​ឱ្យ​លោក​ធ្វើជា​វាគ្មិន​មួយរូប​ក្នុង​ចំណោម​វាគ្មិន​កិត្តិយស​ដើម្បី​ធ្វើ​បទបង្ហាញ​ដល់​សាលារៀន​ទាំងអស់​បាន​ឃើញថា តើ​ត្រូវ​ធ្វើយ៉ាងណា​ឱ្យមាន​សកម្មភាព​នៃ​ការអាន​ និង​មាន​ទម្លាប់​អាន​នៅក្នុង​សាលារៀន​។ លោក​បញ្ជាក់ថា​៖ «​អ្វីដែល​ក្រសួង​ចង់ឱ្យ​ខ្ញុំ​បង្ហាញ​ក្នុង​ទិវា​អំ​ណាន​នា​ថ្ងៃទី​ ១១ ​មីនា​ខាងមុខ​នោះ គឺ​បង្ហាញ​ពី​សូចនាករ​ធំៗ​ដែល​សាលារៀន​ថ្នាក់រៀន ឬក៏​បណ្ណាល័យ​ដែល​គាំទ្រ​ជួយ​ដល់​បំណិន​នៃ​ការអាន​នោះ​ថា​តើ​មាន​លក្ខណៈ​បែប​ម៉េច​ជាដើម​»​។

ទិវា​ជាតិ​អំណាន​លើក​ទី​ ៦​ ឆ្នាំមុន ក្រសួង​អប់រំ​បានរៀបចំ​តាម​អនឡាញ​ក្រោម​ប្រធានបទ «​អំណាន​ក្នុង​បរិបទ​កូវីដ-១៩»​។ មាន​មនុស្ស​ប្រមាណ ៣០០ នាក់​បាន​ចូលរួម​តាម​ប្រព័ន្ធ​អនឡាញ​ហ្ស៊ូម​។ នៅក្នុង​ទិវា​ជាតិ​អំណាន​ឆ្នាំមុន​បានរៀបចំ​ឡើង​ក្រោម​ប្រធានបទ​ជាច្រើន​យកមក​ពិភាក្សា​ចាប់ពី​ថ្ងៃទី​ ១២ ដល់​ថ្ងៃទី​ ១៤ ខែមីនា ឆ្នាំ​ ២០២១ ដោយ​ហៅថា​ សប្តាហ៍​សៀវភៅ​៕