
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថ្លែងនៅក្នុងសន្និសីទ SSAEM Conference ឆ្នាំ ២០២១។
អ្វីទៅគឺជាភាពជាពលរដ្ឋសកល? ពលរដ្ឋសកល គឺជាពលរដ្ឋដែលជាសមាជិកនៃសកលជាតិទាំងមូល ដោយមិនមានការរើសអើង ប្រកាន់ខ្ជាប់នូវការចែករំលែកវប្បធម៌ ទទួល ស្គាល់ និងឱ្យតម្លៃវប្បធម៌ចម្រុះនៃជាតិសាសន៍ដទៃ និងមានការទទួលខុសត្រូវ ខ្វាយខ្វល់ទៅលើបញ្ហានយោបាយ បញ្ហាសេដ្ឋកិច្ច បញ្ហាបរិស្ថាន និងបញ្ហាសង្គមទូទាំងសកលលោក។ ក្រឡេកមើលនៅក្នុងសង្គមខ្មែរ ការអប់រំភាពជាពលរដ្ឋសកល ជាកិច្ចការមួយ ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងបន្ដខិតខំប្រឹងប្រែងបង្រៀនអ្នកសិក្សា។ ក្នុងន័យនេះ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ដ្រ និងសកម្មភាពតាមកម្មវិធីសិក្សាមួយចំនួន ដើម្បីផ្ដល់ជាពុទ្ធិដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សឱ្យយល់កាន់តែច្បាស់ពីភាពជាពលរដ្ឋសកល។ ខ្លឹមសារអត្ថបទប្រចាំខែកុម្ភៈ ឆ្នាំ ២០២២ នេះផ្តោតទៅលើការអប់រំអំពីភាពជាពលរដ្ឋសកល ដោយរំលេចឡើងនូវសកម្មភាពរបស់ក្រសួងអប់រំ យុវជន និងកីឡាក្នុងការផ្សព្វផ្សាយនូវចំណេះដឹងស្ដីពីភាពជាពលរដ្ឋសកលនៅក្នុងក្របខ័ណ្ឌវិស័យអប់រំ។
បន្ទាប់មកនឹងមានខ្លឹមសារស្ដីពីគោលនយោបាយជាតិស្ដីពី «ការសិក្សាពេញមួយជីវិត» និង «យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣» ដែលជាសមាសភាពសំខាន់ចូលរួមដល់ការលើកកម្ពស់ និងការបញ្ជ្រាបភាពជាពលរដ្ឋសកល។
ដើម្បីយល់ច្បាស់ពីភាពជាពលរដ្ឋសកល សិស្សានុសិស្សត្រូវស្វែងយល់ពី សូចនាករគោលដូចជា (១) ការទទួលខុសត្រូវក្នុងសង្គម (២) សមត្ថភាពសកល និង (៣) ការចូលរួមរបស់ពលរដ្ឋសកល និងតួនាទីមួយចំនួនរបស់ភាពជាពលរដ្ឋសកល ដូចជា ការទទួលខុសត្រូវក្នុងការស្វែងយល់ពីទស្សនៈផ្ទាល់ខ្លួន និងទស្សនៈអ្នកដទៃលើបញ្ហាសកល ការគោរពគោលការណ៍នៃវប្បធម៌ចម្រុះ បង្កើតទំនាក់ទំនងជាមួយមនុស្សមកពីប្រទេស និងវប្បធម៌ផ្សេងៗស្វែងយល់ពីបញ្ហាសកលលោក និងចូលរួមបញ្ចេញមតិសម្រាប់ការអភិវឌ្ឍសហគមន៍ពិភពលោក។ ដើម្បីបញ្ជ្រាបការអប់រំពលរដ្ឋសកលទៅក្នុងផ្នត់គំនិតរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយនឹងមជ្ឈមណ្ឌលអប់រំសម្រាប់ការយោគយល់អន្តរជាតិ (UNESCO APCEIU) បានប្រារព្ធសិក្ខាសាលាស្ដីពី «ការកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍ និងការបញ្ជ្រាបការអប់រំពលរដ្ឋសកលក្នុងកម្មវិធីសិក្សា» ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយចូលរួមពីអង្គភាពពាក់ព័ន្ធ តំណាងអង្គការដៃគូវិស័យអប់រំនានា កាលពីថ្ងៃទី ១៨-១៩ ខែកក្កដា ឆ្នាំ ២០១៦។ សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណងធំៗចំនួន ៣ ដូចជា (១) លើកកម្ពស់ការយល់ដឹង និងសញ្ញាណនៃការអប់រំពលរដ្ឋសកល និងលើកទឹកចិត្តអ្នកចូលរួម ដើម្បីគាំទ្រភាពជាពលរដ្ឋសកលក្នុងការអភិវឌ្ឍកម្មវិធី និងសម្របសម្រួល (២) ចូលរួម និងបង្ហាញពីស្ថានភាពបច្ចុប្បន្ន សំណូមពរ ការខ្វះខាត និងសក្ដានុពលនៃការចូលរួមតាមកម្រិតនៃការអភិវឌ្ឍកម្មវិធីការអប់រំពលរដ្ឋសកល និង (៣) ផ្ដល់ទិន្នន័យសម្រាប់ការវិភាគស្ថានភាពជាតិ និងការអភិវឌ្ឍកម្មវិធីសិក្សា។
សូមរំឭកឡើងវិញផងដែរថា ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ចូលខ្លឹមសារសីលធម៌ពលរដ្ឋចូលគ្រប់កម្មវិធីសិក្សាគ្រប់កម្រិតថ្នាក់ (អត្ថបទស្ដីពី «ការពង្រឹងសីលធម៌សិស្សដើម្បីលើកកម្ពស់គុណភាពអប់រំ» ចុះផ្សាយនៅថ្ងៃទី ៣ កុម្ភៈ ២០២១) ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្សគ្រប់កម្រិតថ្នាក់ឱ្យក្លាយជាពលរដ្ឋសកលដែលមានចរិយាសម្បទា វិជ្ជាសម្បទា បំណិនសម្បទា និងគុណតម្លៃឆ្លើយតបនឹងបរិបទជាតិ តំបន់ និងពិភពលោក។ នេះសបញ្ជាក់ឱ្យឃើញថា ភាពជាពលរដ្ឋសកលបានបញ្ជ្រាបចូលទៅក្នុងកម្មវិធីសិក្សា ដើម្បីជួយឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សស្វែងយល់បន្ថែមនូវភាពជាពលរដ្ឋសកលឱ្យកាន់តែទូលំទូលាយ។
ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡាបានសម្របសម្រួល និងរៀបចំគោលនយោបាយជាតិស្ដីពី «ការសិក្សាពេញមួយជីវិត» ដោយទទួលបានការឯកភាពពីគណៈរដ្ឋមន្ត្រីក្នុងសម័យប្រជុំពេញអង្គនាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ សម្រាប់ជាត្រីវិស័យក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពថ្កើងថ្កាន។
គោលនយោបាយជាតិស្ដីពី «ការសិក្សាពេញមួយជីវិត» មានគោលបំណងផ្ដល់ឱកាស និងគាំទ្រឱ្យប្រជាជនគ្រប់រូបទទួលបានការសិក្សាតាមគ្រប់រូបភាព និងប្រើប្រាស់ចំណេះដឹងតាមជំនាញដែលទទួលបានដើម្បីបង្កើនប្រសិទ្ធភាព គុណភាព ផលិតភាពការងារ និងប្រាក់ ចំណូល ស្របតាមយុគសម័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងសង្គមពុទ្ធិ។ ដើម្បីសម្រេចនូវគោលបំណងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រមួយចំនួន ដោយនៅក្នុងនោះយុទ្ធសាស្ត្រទី ៨ ត្រូវបានផ្ដោតលើការលើកកម្ពស់វប្បធម៌រស់នៅជាពលរដ្ឋសកល។ ខ្លឹមសារនៃយុទ្ធសាស្ត្រទី ៨ នេះ សំដៅ លើ (១) ការលើកកម្ពស់ចលនាពលរដ្ឋគ្រប់រូប ជាពិសេសយុវជនឱ្យចូលរួមក្នុងការងារស្ម័គ្រចិត្តតាមគ្រប់រូបភាព (២) បណ្ដុះវប្បធម៌ចែករំលែកចំណេះដឹង បទពិសោធដោយស្ម័គ្រចិត្តពីក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងសង្គមស៊ីវិល (៣) បង្កើនការទាក់ទាញ ជំរុញ និងលើក ទឹកចិត្តដល់បុគ្គលិកស្ថាប័នរដ្ឋ និងឯកជនឱ្យអនុវត្តការសិក្សាពេញមួយជីវិត (៤) លើកទឹកចិត្តឱ្យពលរដ្ឋគ្រប់រូប ជាពិសេសក្រុមជនបាត់បង់ឱកាសបានចូលរួម និងបានទទួលផលប្រយោជន៍ពីកម្មវិធីសិក្សាពេញមួយជីវិត (៥) បង្កើនឱកាសទទួលបានការងារធ្វើសម្រាប់អ្នកដែលបានឆ្លងកាត់ប្រព័ន្ធបណ្ដុះបណ្ដាលច្បាស់លាស់ ដោយលើកទឹកចិត្ត និងផ្ដល់អាទិភាពដល់អ្នកធ្វើការងារស្ម័គ្រចិត្ត និង (៦) លើកទឹកចិត្តដល់គ្រួសារ សហគមន៍ឱ្យស្រឡាញ់ការសិក្សាពេញមួយជីវិត លុបបំបាត់ការរើសអើងគ្រប់រូបភាព និងរស់នៅប្រកបដោយសុខដុម។
ដើម្បីគាំទ្រ ជំរុញ និងលើកកម្ពស់ការអប់រំភាពជាពលរដ្ឋសកលដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សក្នុងវិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវ «យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣» នៅក្នុងឆ្នាំ ២០១៨ ដោយផ្តោតលើយុទ្ធសាស្ត្រកំណែទម្រង់ចំនួន ៤ ដូចជា (១) យុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងអប់រំ (២) យុទ្ធសាស្ត្រកំណែទម្រង់ឧត្តមសិក្សា (៣) យុទ្ធសាស្ត្រកំណែទម្រង់ការអភិវឌ្ឍយុវជន និង (៤) យុទ្ធសាស្ត្រកំណែទម្រង់ការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា។ សម្រាប់យុទ្ធសាស្ត្រកំណែទម្រង់ការគ្រប់គ្រងការសិក្សា យុទ្ធសាស្ត្រគោលចំនួន ៤ ត្រូវបានដាក់ចេញ ពោលគឺ (១) កំណែទម្រង់ការគ្រប់គ្រងការសិក្សា (២) កំណែទម្រង់ការគ្រប់គ្រងរដ្ឋបាល (៣) កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និង (៤) កំណែទម្រង់ការគ្រប់គ្រងធនធានមនុស្ស។ ជារួម យុទ្ធសាស្ត្រគោលទាំងនេះមានគោលបំណង ដើម្បីលើកកម្ពស់ភាពជាពលរដ្ឋមានគុណភាពទាំងថ្នាក់ជាតិ និងសកលលោក ដោយផ្ដោតលើចំណេះដឹង ជំនាញ និងបំណិនជីវិត ក៏ដូចជាការគោរពច្បាប់ និងសណ្ដាប់ធ្នាប់សហគមន៍ ការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមក្នុងសកម្មភាពនយោបាយ ព្រមទាំងការយល់ដឹងពីស្ថានភាពសកលលោក ការគោរពជាតិសាសន៍ និងតម្លៃមនុស្ស និងការធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរ និងមានការទទួលខុសត្រូវខ្ពស់។ លើសពីនេះទៅទៀត យុទ្ធសាស្ដ្រទាំងអស់នេះបង្កប់នូវខ្លឹមសារសំដៅដល់ការលើកកម្ពស់ និងការផ្សព្វផ្សាយនូវចំណេះដឹងភាពជាពលរដ្ឋសកលដល់បុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សតាមកម្មវិធីសិក្សាគ្រប់កម្រិតថ្នាក់។
ជារួម អត្ថន័យ និងខ្លឹមសារនៃភាពជាពលរដ្ឋសកលត្រូវបានបន្ដបញ្ជ្រាបឱ្យរឹតតែមានភាពទូលំទូលាយនៅក្នុងវិស័យអប់រំ និងសង្គមកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡាបាននិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ និងផ្សព្វផ្សាយឱ្យកាន់តែមានភាពទូលំទូលាយ ដើម្បីបញ្ជ្រាបចូលក្នុងផ្នត់គំនិតអ្នកសិក្សាតាមរយៈការអប់រំគ្រប់រូបភាព និងការដាក់ចេញនូវគោលនយោបាយជាតិស្ដីពី «ការសិក្សាពេញមួយជីវិត» និង «យុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ២០១៨-២០២៣» ដូចបានរៀបរាប់ខាងលើ៕