ភ្នំពេញៈ នគរបាល​ខណ្ឌ​មានជ័យ​កំពុង​រៀបចំ​សំណុំរឿង​ដើម្បី​បញ្ជូន​បុរស​សង្ស័យ​ម្នាក់​ទៅ​តុលាការ បន្ទាប់ពី​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ៣១​ មករា ឆ្នាំ​ ២០២២ ពាក់ព័ន្ធ​ចាប់​នារី​ម្នាក់​រំលោភ​សេពសន្ថវៈ​ប្រព្រឹត្ត​នៅ​សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣​។

លោក ហ៊ុន រតនា អធិការរង​នគរបាល​ខណ្ឌមានជ័យ​ឱ្យដឹង​នៅ​ថ្ងៃទី​ ១ កុម្ភៈ​ថា ជនសង្ស័យ​ឈ្មោះ ហេង ហៀង អាយុ ៣០ ​ឆ្នាំ​មាន​របរ​ជា​កម្មករ​សំណង់​។ រីឯ​នារី​រងគ្រោះ​ឈ្មោះ ស.ប អាយុ ២៩ ​ឆ្នាំ​ជា​ស្ត្រី​មេម៉ាយ និង​មាន​របរ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ដែល​ទាំង​ ២​ នាក់​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ក្នុង​ភូមិ​ដំណាក់ធំ ៣ សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣​។

លោក​ប្រាប់ថា​៖ «​ឥឡូវនេះ​យើង​ក៏​កំពុង​កសាង​សំណុំរឿង​ដើម្បី​ត្រៀម​បញ្ជូន​ជនសង្ស័យ​ទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​ដែរ​»​។ លោក រតនា មិនបាន​បញ្ជាក់​លម្អិត​ពី​មូលហេតុ​នៃ​ដំណើរ​រឿងនេះ​ទេ​។ ប៉ុន្តែ​បើតាម​មន្ត្រីនគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣ បាន​ប្រាប់​ដោយ​សុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះថា​រវាង​ជនសង្ស័យ និង​នារី​រងគ្រោះ​ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ជាន់​ទី​ ៤ ហើយ​ជនសង្ស័យ ក៏មាន​ប្រពន្ធ​កំពុង​រស់នៅ​ជាមួយគ្នា​ផងដែរ​។ លុះ​នៅ​ថ្ងៃទី​ ៣១ មករា ឆ្នាំ​ ២០២២ ដែលជា​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន ជនសង្ស័យ​រួមទាំង​អ្នករស់នៅ​ក្បែរៗ​បន្ទប់​ជួល​នោះ​បាន​ជុំគ្នា​ផឹកស៊ី​។ ជនសង្ស័យ​បាន​ផឹកស្រា​ស្រវឹង​ខ្លាំង​រហូតដល់​ម៉ោងជាង​ ៧ ​យប់ ហើយ​ជនសង្ស័យ​បាន​ដើរ​ចេញពី​វង់​ផឹកស៊ី​ទៅ​គោះទ្វារ​បន្ទប់​របស់​នារី​រងគ្រោះ​។ ដោយសារតែ​ឮ​សំឡេង​ជនសង្ស័យ​ទើប​ជន​រងគ្រោះ​បើកទ្វារ​បន្ទប់​ស្រាប់តែ​ជនសង្ស័យ​ចាប់​នារី​រងគ្រោះ​រំលោភ​រហូត​បានសម្រេច​តែម្តង​។ ក្រោយពី​ជនសង្ស័យ​រំលោភ​រួច​នាង​ក៏​មកប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្ទឹងមានជ័យ​ទី​ ៣​។

មន្ត្រី​ដដែល​បន្ថែមថា​៖ «​ពេលនោះ​ប្រហែលជា​ជនសង្ស័យ​មិន​ចាប់អារម្មណ៍​ថា ជនរងគ្រោះ​ប្តឹង​នគរបាល​ផង​ក៏​មិនដឹង​ទើប​មិន​រត់គេចខ្លួន ហើយ​កម្លាំង​យើង​បាន​ចាប់គាត់​នៅ​យប់​ថ្ងៃ​ដដែល​នោះ​ បន្ទាប់ពី​បង្កហេតុ ប្រហែល​កន្លះ​ម៉ោង​»​។ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ពិតជា​បាន​ចាប់រំលោភ​នារី​រងគ្រោះ​បានសម្រេច ១ ​លើក​ពិតប្រាកដ​មែន តែ​នៅពេលនោះ​រូបគេ​ស្រវឹងស្រា​ធ្វើឱ្យ​បាត់បង់​ស្មារតី​។

លោក ឈុន សារ៉ាវី មេភូមិ​ដំណាក់ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​ឱ្យដឹងថា ពិតជា​មាន​ករណី​រំលោភ​សេពសន្ថវៈ​នៅក្នុង​មូលដ្ឋាន​របស់លោក​មែន​កាលពី​ថ្ងៃទី​ ៣១ ​មករា ហើយ​រវាង​នារី​រងគ្រោះ និង​ជនសង្ស័យ​ជា​បងប្អូនធម៌​នឹង​គ្នា​។ លោក​មេភូមិ សារ៉ាវី ថា​៖ «​វា​ពិបាក​ដែរ ឥឡូវនេះ ព្រោះ​មនុស្ស​ស្រី និង​មនុស្ស​ប្រុស បងធម៌​ប្អូនធម៌​នឹង​គ្នា​នេះ​ពិបាក​ស្មាន​បានដែរ​។ ខាង​ប្រុស​មើលឃើញ​ប្អូនធម៌​សាច់​សខ្ចី​ទប់ចិត្ត​មិនបាន វា​កើត​ទៅជា​រឿង​បែបនេះ​ទៅ​»៕