ភ្នំពេញៈ រដ្ឋបាលខេត្ត​កណ្តាល ​ប្រកាស​ដាក់​ស្រុក​ចំនួន​៤ ជាស្រុក​ បញ្ឈប់​ ការ​បន្ទោបង់​ពាសវាល​ពាសកាល​(ODF)​និង​បាន​អំពាវនាវ​ដល់​ស្រុក​ផ្សេងៗ​ទៀត ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឱ្យបាន​ដឹង ​និង​ចូលរួម​សហការ ​ធ្វើ​យ៉ាង​ណា​ឱ្យ​ខេត្ត​នេះ​អាច​បញ្ឈប់​ការបន្ទោ​បង់​ពាសវាល​ពាសកាល ​នៅ​ទូទាំង​ខេត្ត​ក្នុង​ឆ្នាំ២០២២​នេះ។

ស្រុក​ចំនួន​៤ ​ក្នុង​ចំណោម​ក្រុង​-ស្រុក​ទាំង១១ ​របស់​ខេត្ត​កណ្ដាល ​បានដាក់​ជាស្រុក​បញ្ឈប់​ការបន្ទោបង់​ពាស​វាល​ពាស​កាល ​ក្នុង​នោះ​មាន ​ស្រុក​អង្គស្នួល ​ស្រុក​កណ្តាល​ស្ទឹង ​ស្រុក​ខ្សាច់កណ្តាល ​និង​ស្រុក​លើកដែក។​ ពិធី​ប្រកាស​ទទួល​ស្គាល់​ជា​ផ្លូវការ​ដល់​ស្រុក​ចំនួន​៤នេះ ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី២ ​ខែកុម្ភៈ ​ក្នុង​ក្រុង​តាខ្មៅ ​ខេត្តកណ្តាល​ក្រោម​អធិបតីភាព ​លោក​អ៊ុក រ៉ាប៊ុន ​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ។

លោក​អ៊ុក រ៉ាប៊ុន ​ថ្លែង​នាឱកាស​នោះថា ​ការផ្គត់ផ្គង់​ទឹក ​ការសម្អាត ​និង​អនាម័យ​ជនបទ​នេះ​ រាជរដ្ឋាភិបាល​បាន​កំណត់​គោលដៅ​យ៉ាង​ច្បាស់លាស់ ​ក្នុង​គោល​នយោបាយ​ជាតិ ​ស្តីពី ​ការកំណត់ ​នូវ​ទស្សនវិស័យ ​ការផ្គត់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ។

លោក​បានថ្លែងថា​៖«រាជរដ្ឋាភិបាល ​បាន​កំណត់​នូវ​ទស្សនវិស័យ​ការផ្គត់ផ្គង់​ទឹកស្អាត ​និង​អនាម័យ​ជនបទ​ ថា ​នៅ​ឆ្នាំ​២០២៥ ​ប្រជាពលរដ្ឋ​គ្រប់រូប ​ព្រមទាំង​អ្នក​រស់នៅ​ក្នុង​សហគមន៍​ជនបទ ត្រូវ​មាន​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត ​និង​អនាម័យ​គ្រប់គ្រាន់ ​រួមនឹង​បរិស្ថាន​ដែល​មាន​អនាម័យ​ស្អាត​ប្រកប​ដោយ​និរន្តរភាព»។

នា​ឱកាស​នោះ​ដែរ ​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ​ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ​នេះ ​ក្រសួង​បាន​និង​កំពុង​បន្ត​អនុវត្ត​នូវ​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី ​ការផ្គត់ផ្គង់​ទឹក ​ការសម្អាត ​និង​អនាម័យ​ជនបទ​ជំហាន​ទី២ ​ឆ្នាំ២០១៩​-២០២៣ ​ដោយ​កំណត់​យក​នូវ​គោលដៅ​អត្រា​គ្របដណ្តប់​ចំនួន ​៩០% ​លើ​ការទទួល​បាន​សេវា​ទឹកស្អាត ​និង​អនាម័យ​ជនបទ​នៅ​ឆ្នាំ២០២៣។

លោក​អ៊ុក រ៉ាប៊ុន ​ថ្លែងថា​៖«ទន្ទឹម​នឹងនេះ​ ក្រសួង​ក៏បាន​កំណត់​យក​ខេត្ត​ចំនួន៥ ​ឱ្យ​ក្លាយជា​ខេត្ត​ ដែល​បញ្ឈប់​ការបន្ទោ​បង់​ពាសវាល​ពាសកាល ​នៅ​ឆ្នាំ២០២៣ផ​ងដែរ ​ក្នុងនោះ ​រួមមាន​ខេត្ត​កំពង់ស្ពឺ ​ខេត្ត​កំពង់ឆ្នាំង ​ខេត្តកែប​ ខេត្ត​ព្រៃវែង ​និង​ខេត្ត​ស្វាយរៀង​ផង​ដែរ»។

ដើម្បី​ឈានទៅ​សម្រេច​បាន​នូវ​ទស្សន​វិស័យ​១០០% ​លោក​អ៊ុក រ៉ាប៊ុន ​បានអំពាវនាវ​ដល់​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ការចូលរួម ​និង​សហការ​សម្រាប់​សកម្មភាព​លើកកម្ពស់​អនាម័យ​ជនបទ​ឱ្យកាន់តែ​ប្រសើរ​ឡើង​ថែមទៀត​តាម​រយៈ​ការអនុវត្ត​នូវ​ផែនការ​សកម្មភាព​ជាតិ​ស្តីពី​ការផ្គតផ្គង់​ទឹក ​ការសម្អាត ​និង​អនាម័យ​ជនបទ។

អភិបាល​ខេត្ត​កណ្តាល ​លោក​គង់ សោភ័ណ្ឌ ​ក៏បាន​លើកឡើង​ដែរ​ថា ​ការលើក​កម្ពស់​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត ​និង​អនាម័យ​ជនបទ ​តាមរយៈ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​បានជួយ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជនបទ​មាន​ទឹកស្អាត​ប្រើ​ប្រាស់​ មាន​អនាម័យ​ស្អាត ​មាន​បរិស្ថាន​ល្អ ​មាន​បង្គន់​អនាម័យ​ប្រើ​ប្រាស់។ កាត់បន្ថយ​ជំងឺ​ឆ្លង​តាមរយៈ​ទឹក​មិនស្អាត ​ឬ​បន្ទោ​បង់​ក្រៅ​បង្គន់​ជាដើម ​ដែល​បាន​ជួយ​សន្សំ​សំចៃ​ថវិកា​ផង​ដែរ។

លោក​បញ្ជាក់ថា​៖«ឆ្លៀត​ឱកាស​នេះ​ដែរ​ ខ្ញុំ​សុំ​ស្នើ​ដល់​អភិបាល​ក្រុង​-ស្រុក​ចំនួន​៧ផ្សេង​ទៀត ​និង​មេឃុំ-​ចៅសង្កាត់​ ត្រូវ​ចូលរួម​សហការ​និង​អនុវត្ត​ឱ្យបាន​ពេញលេញ​និង​ច្បាស់​លាស់។ យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្លាំងក្លា​ជំរុញ​ដល់​ថ្នាក់​ដឹក​នាំ​ភូមិ ​ដែល​ជាជន​បង្គោល​ភូមិ ​និង​ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ​ឱ្យ​ពួកគាត់​បានដឹង ​និង​ចូលរួម​សហការ​ ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​កណ្ដាល ​របស់​យើង​សម្រេច​បាន​ ODF ​ទូទាំង​ខេត្ត​នៅ​ឆ្នាំ២០២២»។

ទន្ទឹម​នឹងនោះ ​លោក​អភិបាល​ខេត្ត ​ក៏បាន​កោត​សរសើរ ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់​ផ្គង់​ទឹកស្អាត ​និង​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត ​និង​បណ្តា​អង្គការ​ដៃគូ ​ដែលបាន​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​គាំទ្រ​និង​ចូលរួម​ចំណែក​អនុវត្ត​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​នេះ។ លើកកម្ពស់​អនាម័យ​ក៏ដូច​វិស័យ​ផ្សេងៗ​ទៀត​នៅ​ខេត្ត​កណ្តាល​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង។

ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កណ្តាល ​លោកស្រី​ជី ថាវី ​បានឱ្យដឹង​ថា ​សម្រាប់​ខេត្ត​កណ្តាល ​គ្រួសារ​ដែល​មាន​ទឹក​ស្អាត​ប្រើប្រាស់​មាន​ចំនួន​៨៤.១% ​និង​គ្រួសារ​ទម្លាប់​ទទួលទាន​ទឹកស្អាត ​មាន​៩៤.៧%។ ផ្ទះ​ដែល​មាន​បង្គន់​អនាម័យ​ប្រើប្រាស់​មាន​៩៥% ​ឯ​ខ្នងផ្ទះ​ប្រើ​បង្គន់​រួម មាន​៤.៥%។ ចំណែក​ខ្នង​ផ្ទះ​ដែល​គ្មាន​បង្គន់​អនាម័យ​ប្រើ​ មាន​០.៥% ​ស្មើនឹង​១ ៣៥១ខ្នង​ផ្ទះ​ទៀត​តែ​ប៉ុណ្ណោះ។

ស្រុក​ទាំង​៤ ​ក្នុង​ខេត្ត​កណ្តាល ​ដែល​បានបញ្ឈប់​ការបន្ទោបង់​ពាសវាល​ពាសកាល​(ODF) ​កាលនោះ ​សរុប​មាន​ចំនួន​៥៣ឃុំ ​និង​៤៤៥ភូមិ។

គួរ​រំឭក​ផងដែរ​ថា ​ខេត្ត​ស្វាយរៀង ​ជាខេត្ត​ដំបូង​គេ​ក្នុង​ប្រទេស​កម្ពុជា ​ដែល​បាន​ក្លាយ​ជា​ខេត្ត​បញ្ឈប់​ការបន្ទោបង់​ពាសវាល​ពាសកាល​ ដោយសារ​ការប្ដេជ្ញា​របស់​អាជ្ញាធរ​ខេត្ត ​និង​អាជ្ញាធរ​មូលដ្ឋាន​បញ្ជ្រាប​ការយល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ ​ដែល​ជោគជ័យ​នេះ​មាន​ការឧបត្ថម្ភ​ពី​អង្គការ​ដៃគូ​ផង​ដែរ៕