មណ្ឌលគិរីៈ ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី ស្នើ​ដល់​អាជ្ញាធរ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ សហការគ្នា​ជំរុញ​ការផ្គត់ផ្គង់​អគ្គីសនី​ឱ្យបាន​ដល់ទី​ជនបទ​ដាច់ស្រយាល ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កំណើនប្រជាជន និង​ការអភិវឌ្ឍ​នៅលើ​ទឹកដី​ដែល​សម្បូរ​ដោយ​ធនធានធម្មជាតិ និង​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​។

ដើម្បី​សម្រេច​គោលដៅ​យុទ្ធសាស្ត្រ​ក្នុងការ​ផ្គត់ផ្គង់​ថាមពល​អគ្គិសនី ឱ្យបាន​ដល់​ប្រជាជន​នៅ​ទីជនបទ​ដាច់ស្រយាល ក្រុមប្រឹក្សា​ខេត្តមណ្ឌលគិរី បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៣២ នៅ​ថ្ងៃទី ២ ខែកុម្ភៈ​នេះ ដើម្បី​លើកឡើង​ពី​វឌ្ឍនភាព​របស់​ខេត្ត​។ ក្នុង​កិច្ចប្រជុំ​នោះ អភិបាលក្រុង​-​ស្រុក​ចំនួន ៥ បាន​រាយការណ៍​ជូន​អង្គប្រជុំ​ពី​ភូមិ​-​ឃុំ​ដែល​ពុំទាន់​មាន​ភ្លើងអគ្គិសនី​ប្រើប្រាស់ ដោយសារ​តំបន់​មួយចំនួន មិនទាន់មាន​ផ្លូវ ឬ​ស្ថានភាព​ផ្លូវ​ពិបាក​ក្នុង​ការដឹក​សម្ភារៈ​បរិ​ក្ខា​អគ្គិសនី​ចូលទៅ​ដល់។

ឆ្លើយតប​ទៅនឹង​បញ្ហា​នេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក ម៉ែន ង៉ុ​យ បានស្នើ​ដល់​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ត្រូវ​សហការគ្នា​ជំរុញ​ការផ្គត់ផ្គង់​អគ្គិសនី​ឱ្យបាន​ដល់ទី​ជនបទ​ដាច់ស្រយាល​ទូទាំង​ខេត្តមណ្ឌលគិរី ។ បន្ថែម​ពីនេះ​លោក ក៏បាន​ជំរុញ​ឱ្យ​ជ្ញា​ធរ និង​អង្គភាព​ជំនាញ ពិភាក្សា​និង​លើក​ផែន​ការកសាង ជួសជុល​ផ្លូវ ទាំងនោះ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ផង និង​ជាពិសេស​ជួយ​ព​ន្លឿ​ន​ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី​ទៅតាម​ទីជនបទ ស្របតាម​គោលដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល ធានា​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រប់​ភូមិ​ទូទាំងប្រទេស​ត្រឹម​ឆ្នាំ ២០២០ និង​សម្រាប់​គ្រប់​គ្រួសារ មាន​អគ្គិសនី​ប្រើប្រាស់​ត្រឹម​ឆ្នាំ ២០៣០។

នាយករង​រដ្ឋបាលខេត្ត​មណ្ឌលគិរី​លោក នាង វណ្ណៈ ថ្លែងថា ដោយសារ​ខេត្តមណ្ឌលគិរី​មាន​ផ្ទៃដី​ធំ ហើយ​ពលរដ្ឋ​គាត់​រស់នៅ​តំបន់​ដាច់ស្រយាល​មាន​ច្រើន ដែល​ធ្វើឱ្យ អគ្គិសនី​ខេត្ត​ពិបាកធ្វើ​ដំណើរ​ទៅដល់​ទីតាំង​ទាំងនោះ​។ លោក​បន្តថា ទោះបីជា​ភូមិ​មួយចំនួន​មិនទាន់មាន​អគ្គិសនី​ប្រើប្រាស់ ប៉ុន្តែ​ពលរដ្ឋ​ខ្លះ​គាត់​ប្រើប្រាស់​សូ​ឡា ខណៈ​គ្រួសារ​មាន​ជីវភាព​ធូ​ធារ​បាន​ប្រើប្រាស់​ម៉ាស៊ីនភ្លើង​។ លោក​ថា​៖«​ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​យើង​ប្រឹងប្រែង​ដែរ ក្នុង​ការតភ្ជាប់​បណ្តាញ​ផ្គត់ផ្គង់​អគ្គិសនី​ឱ្យបាន​គ្រប់​ភូមិ ហើយ​បច្ចុប្បន្ន​ការផ្គត់ផ្គង់​ក៏បាន​ច្រើន​ដែរ​ប្រមាណ ៩០​ភាគរយ​»​។​

លោក​បានឱ្យដឹងថា សម្រាប់​ការប្រើប្រាស់​អគ្គិសនី​ក្នុង​ក្រុង​សែន​មនោ​រម្យ​បានមកពី វា​រី​អគ្គិសនី​ខ្នាតតូច​ដែលជា​ជំនួយ​របស់​ជប៉ុន រួមជាមួយ​ម៉ាស៊ីនភ្លើង​កម្លាំង ៣៦០ គីឡូវ៉ាត់​និង​មួយផ្នែក​ទៀត​ទិញ​អគ្គិសនី​ពី​វៀតណាម សម្រាប់​បម្រើ​បន្ថែម​ដល់​ការប្រើប្រាស់​។​

លោក​ថា​៖«​ហើយ​ឥឡូវនេះ​ខាង​អគ្គិសនី កំពុង​សិក្សា​លទ្ធភាព​ពី​ការផ្គត់ផ្គង់​អគ្គិសនី ពី វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ហើយ​បើ​អាច​ផ្គត់ផ្គង់​គ្រាន់ ប្រហែលជា​អាច​កាត់ផ្តាច់​នូវ​ការទិញ​ពី​វៀតណាម​»​។​

លោក វណ្ណៈ ឱ្យដឹងថា គិត​ត្រឹម​ឆ្នាំ ដើមឆ្នាំ ២០២២​នេះ ប្រជាជន​សរុប​ក្នុង​ខេត្តមណ្ឌលគិរី​មាន​ចំនួន ៩២០០០​នាក់ ដែលមាន​ក្រុង ១ ស្រុក ៤ សង្កាត់ ៤ ឃុំ ១៧ និង ៩២ ភូមិ​។​

ដោយឡែក​នៅ​កិច្ចប្រជុំ​នោះដែរ អភិបាលរង​ខេត្តមណ្ឌលគិរី លោក ជាក់ ម៉េង​ហ៊ាង បាន​ជម្រាបជូន​អង្គប្រជុំ នូវ​សកម្មភាព​ការងារ​សំខាន់ៗ​របស់​ខេត្ត​ដែល​បានធ្វើ​ក្នុង​ខែ មករា កន្លងមកនេះ ដោយបាន នេះ ថ្នាក់​ខេត្ត បាន​ស្ដារ និង​កសាង​ប្រព័ន្ធធារាសាស្ត្រ នៅ​ចំណុច​ទំនប់​លើ ទំនប់​ក្រោម​និង​អូរ​ទេ ដើម្បី​ពង្រីក​ទំហំ​ប្រភព​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​ក្រុង​សែន​មនោ​រម្យ សម្រេចបាន​ជាង ៤០​ភាគរយ​។

លោក​ថា​៖ «បន្ទាប់ពី​ការសាងសង់​រួចរាល់​ជា​ស្ថាពរ តំបន់​ទាំងនេះ​នឹង​ជួយ​លើកតម្កើង​សោភ័ណភាព​ខេត្ត ជា​តំបន់​លំហែកាយ ការដើរ​ហាត់ប្រាណ​រប​ស់​ប្រជាពលរដ្ឋ និង ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ៕