ភ្នំពេញៈ លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជំរុញ​ឱ្យ​មន្ត្រី​នៅក្នុង​ក្រសួង​នេះ ត្រូវ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ ខណៈ​មាន​ការកើនឡើង​នៃ​ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ខែមករា​កន្លងមក ដោយ​កើន​ដល់​ ៦​ នាក់​ក្នុង​ ១​ ថ្ងៃ​ដែល​បង្ក​ឱ្យ​ខាតបង់​សេដ្ឋកិច្ច​ប្រមាណ ៤៥០ លាន​ដុល្លារ ក្នុង​ ១​ ឆ្នាំ​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រី​​រាជការ ដែល​ប្រើប្រាស់​ទោចក្រយានយន្ត​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ២ កុម្ភៈ ដោយ​ក្នុងនោះ មន្ត្រីរាជការ​ប្រមាណ​ជាង ១ ០០០ ​នាក់​បានទទួល​មួកសុវត្ថិភាព ដោយ​ឥតគិតថ្លៃ​។

លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា មន្ត្រីរាជការ ជាពិសេស​អ្នកបើកបរ​យានយន្ត​របស់​ក្រសួង គឺ​ត្រូវធ្វើ​ជា​គំរូ​ដល់​ពលរដ្ឋ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍ ហើយ​អ្នក​បើកបរ​ម៉ូតូ គឺ​ត្រូវតែ​ពាក់មួក​សុវត្ថិភាព​ជា​ប្រចាំ​។ លោក​បាន​ណែនាំ​យ៉ាង​ដូច្នេះ ព្រោះតែ​តួលេខ​ក្នុងពេល​ថ្មីៗ​នេះ ចំនួន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​រកឃើញថា​ក្នុងចំណោម​ ១០០ នាក់​គឺមាន​អ្នកបើកបរ​ម៉ូតូ ៧៨ នាក់​ហើយ​ដែល​បាន​ស្លាប់ ហើយ​ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​មាន​ជាង ៥០ ​ភាគរយ​។​

លោក​បាន​បញ្ជាក់ថា​៖ «​មន្ត្រី ១ ១៤៨ ​នាក់​នេះ គឺ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ពាក់មួក​សុវត្ថិភាព វ៉ា​ជែង​ដោយ​ប្រុងប្រយ័ត្ន កុំ​បើក​លើស​ហួស​ល្បឿន​កំណត់​ដោយ​ច្បាប់ ហើយ​ជួយ​ផ្សព្វផ្សាយ​ផង​។ បើ​យើង​ម្នាក់ៗ​ជួយ​ផ្សព្វផ្សាយ​ឱ្យ​យល់​ពី​ច្បាប់​ចរាចរណ៍​ហ្នឹង​យើង​អាច​ពន្យល់​ឱ្យមាន​ការយល់ដឹង​កាន់តែច្រើន​នៅ​កម្ពុជា​យើង​។ មន្ត្រី​របស់​យើង​ចូលរួម​ហើយ​ធ្វើជា​គំរូ​ដល់​ពលរដ្ឋ​យើង​»​។

បើតាម​លោក ស៊ុន ចាន់ថុល កន្លង​ទៅជា​មធ្យម អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ ១​ ថ្ងៃ​មាន​ប្រមាណ ​៥​ នាក់​។ ប៉ុន្តែ​បន្ទាប់ពី​កម្ពុជា​បាន​បើក​ប្រទេស​ឡើងវិញ ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ​បាន​ធូរស្រាល​ចំនួន​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើនឡើង​ដល់ ៦ នាក់​ក្នុង ១ ​ថ្ងៃ​ដែល​លើស​ជាង​ការស្លាប់​ ដោយសារ​ជំងឺ​​កូវីដ​ ១៩​ ទៅទៀត ព្រោះ​រយៈពេល ២៨ ​ថ្ងៃ​កន្លងមកនេះ គឺ​មិនមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​ឡើយ​។

តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ UNDP គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្តាលឱ្យ​កម្ពុជា​ខាតបង់​ថវិកា​កើនឡើង​ជា​បន្តបន្ទាប់ ពោលគឺ​ប្រមាណ​ពី​ ៤២០ លាន​ដុល្លារ​ដល់ ៤៥០ ​លាន​ដុល្លារ​ក្នុង​ ១​ ឆ្នាំ​ដែល​ការ​ខាតបង់​នេះ​ដោយសារ​ការចំណាយ​លើ​ការស្លាប់ ចំណាយ​លើ​មន្ទីរពេទ្យ និង​ការ​ខូតខាត​ទ្រព្យសម្បត្តិ​ឯកជន​សាធារណៈ​របស់​រដ្ឋ​ផ្សេងៗ​ជាដើម​។ នេះ​បើតាម​លោក ស៊ុន ចាន់ថុល​។

ដូច្នេះ​លោក ស៊ុន ចាន់ថុល អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ទាំង​អ្នកបើកបរ​ម៉ូតូ និង​រថយន្ត​ត្រូវគោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន​យល់​ពី​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។ ចំណែក​ក្រុមហ៊ុន​ដឹកជញ្ជូន​ត្រូវ​មាន​កម្មវិធី​បណ្តុះបណ្តាល​ដល់​បុគ្គលិក​របស់ខ្លួន​ពី​ច្បាប់​ចរាចរណ៍​ឱ្យបាន​ទូលំទូលាយ ដើម្បី​ចូលរួមចំណែក​កាត់បន្ថយ​ការស្លាប់ និង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។

លោក​ គឹម បញ្ញា នាយក​អង្គការ​មូលនិធិ​បង្ការ​របួស​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​សាធារណការ​ក្នុងការ​បង្កើត​ការយល់ដឹង និង​ជំរុញ​ឱ្យ​មន្ត្រី​របស់ខ្លួន​ធ្វើជា​គំរូ​ក្នុងការ​ផ្សព្វផ្សាយ និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។ លោក​លើកទឹកចិត្ត​ឱ្យ​បណ្តា​ក្រសួង និង​វិស័យ​ឯកជន​ដទៃទៀត​គិតគូរ​ចូលរួម​ដើម្បី​បង្កើត​កម្មវិធី​នានា និង​ការអប់រំ​ផ្សព្វផ្សាយ​ដល់​សាធារណជន​ឱ្យចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ខណៈ​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​នឹង​ជំរុញ​ដល់​ប្រសិទ្ធភាព​នៃ​ការទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​បានល្អ​ប្រសើរ​។

លោក​បញ្ជាក់ថា​៖ «​ស្រប​ជាមួយគ្នា​ហ្នឹង យើង​ក៏​ត្រូវមាន​វិធានការ​ផ្សេងទៀត​ក្នុង​ហ្នឹង គឺ​វិធាន​ការអប់រំ​ផ្សព្វផ្សាយ​ហ្នឹង ដែលជា​រឿង​ចាំបាច់​មួយ​ដែរ ដែល​សុំ​លើកទឹកចិត្ត​ឱ្យ​ស្ថាប័ន​រដ្ឋាភិបាល លោក​ពិនិត្យ​លទ្ធភាព​ក្នុងការ​បង្កើន​ការអប់រំ​ផ្សព្វផ្សាយ​ស្រប​ជាមួយនឹង​ការអនុវត្ត​ច្បាប់​ជា​អាទិភាព​»​។

ចំពោះ​ការអប់រំ​ទៅដល់​ប្រជាពលរដ្ឋ លោក​ គឹម បញ្ញា លើក​ទឹកចិត្ត​ឱ្យ​ជ្រើសរើស​វិធីសាស្ត្រ​ដូច​ទៅនឹង​ការអប់រំ​ផ្សព្វផ្សាយ​អំពី​បញ្ហា​កូវីដ​ ១៩ ដោយមាន​ការចាក់​មេក្រូ​តាម​ទីប្រជុំជន បញ្ចេញ​សារ​អប់រំ​តាម​មធ្យោបាយ​ទូរស័ព្ទ​ជាប្រចាំ​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ពលរដ្ឋ​បាន​ជ្រួតជ្រាប​អំពី​បញ្ហា​ដែល​បណ្តាល​មកពី​គ្រោះថ្នាក់​ចរាចរណ៍ និង​ចូលរួម​គោរព​ច្បាប់​ទាំងអស់គ្នា​។

សូមជម្រាបថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​ ២០២១ បាន​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​ជិត ១ ៥០០ ​នាក់​ក្នុងចំណោម​គ្រោះថ្នាក់​ ២ ៦៧០ ទូទាំង​ប្រទេស​ដោយ​ចំនួន​នេះ​មាន​ការថយចុះ​ប្រមាណ ១៥០​ នាក់ ឬ​ស្មើនឹង​ ៩​ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០២០ ដែលមាន​អ្នកស្លាប់​ចំនួន​ជាង ​១ ៦០០​ នាក់​។ នេះ​បើតាម​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ​ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១ ​មករា​៕