ភ្នំពេញៈ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ផ្ញើ​ព្រះរាជសារ​បញ្ជាក់​ពី​អវត្តមាន​របស់​ព្រះអង្គ​ពី​មាតុប្រទេស​រយៈពេល​ ៣ ​ថ្ងៃ ដោយសារ​ព្រះអង្គ​នឹង​យាង​ចូលរួម​ពិធី​បើកសម្ពោធ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ព្រះរាជសារ​ដែល​ឡាយ​ព្រះហស្ត​លេខា​ដោយ​ព្រះមហាក្សត្រ​នរោត្តម សីហមុនី ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​នៅ​ថ្ងៃ​ម្សិលមិញ​បាន​បញ្ជាក់ថា ព្រះអង្គ​នឹង​អវត្តមាន​ពី​មាតុ​ប្រទេស​ចាប់ពី​ថ្ងៃទី​ ៣ ដល់​ថ្ងៃទី​ ៥ ខែកុម្ភៈ ឆ្នាំ​ ២០២២ ដើម្បី​ចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​នៅ​ទីក្រុង​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ព្រះករុណា​នរោត្តម សីហមុនី បញ្ជាក់ថា​៖ «​នៅក្នុង​ឱកាស​អវត្តមាន​របស់​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា​ខ្ញុំ​នេះ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា​នឹង​ទទួល​ជួយ​ទូលព្រះបង្គំ ខ្ញុំ​ព្រះករុណា​ខ្ញុំ ក្នុង​ឋានៈ​ជា​ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក Zhao Lijian អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃទី​ ២៥ ខែមករា ថា កម្ពុជា គឺជា​ប្រទេសជិតខាង​ល្អ ជា​ប្រពៃណី​របស់​ចិន​បាន​គាំទ្រ​យ៉ាង​មុតមាំ​ចំពោះ​ភាគី​ចិន​ជា​ម្ចាស់ផ្ទះ​នៃ​ការរៀបចំ​កីឡា​អូឡាំពិក​រដូវរងា​ប៉េកាំង​។

លោក​បាន​បញ្ជាក់​ទៀត​ថា​៖ «​ព្រះករុណា​ព្រះមហាក្សត្រ គឺជា​មិត្ត​ចាស់​របស់​ប្រជាជន​ចិន ដោយ​ភាគី​ចិន​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ព្រះអង្គ ដែល​នឹង​ស្ដេចយាង​មកកាន់​ប្រទេស​ចិន ដើម្បី​យាង​ជា​សក្ខីជន​ក្នុងឱកាស​ជា​ប្រវត្តិសាស្ត្រ ដែល​រដ្ឋធានី​ប៉េកាំង​នឹង​ក្លាយជា​ទីក្រុង​លើកដំបូង​ក្នុងការ​រៀបចំ​កីឡា​អូឡាំពិក​ទាំង​រដូវក្តៅ និង​រដូវរងា​»​។

លោក​ វ៉ាង វិនធាន ឯកអគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​តាមរយៈ​វីដេអូ​ស្វាគមន៍​ និង​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​កាលពី​ថ្ងៃទី​ ២៩ ខែមករា ថា កីឡា​អូឡាំពិក​រដូវរងា​ទីក្រុង​ប៉េកាំង​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចំពេល​ចូលឆ្នាំ​ចិន​។

លោក​បាន​និយាយថា​៖ «​អ្នក​ទាំងអស់គ្នា​អាច​ខ្ចប់​គាវ​បណ្តើរ មើល​ការប្រកួត​កីឡា​អូឡាំពិក រដូវរងា​បណ្តើរ​តាម​ទូរទស្សន៍​។ រីករាយ​បុណ្យចូលឆ្នាំ​ចិន​រីករាយ​នឹង​ទិដ្ឋភាព​អស្ចារ្យ​នៃ​កីឡា​អូឡាំពិក​រដូវរងា បន្ទាប់ពី​ក្រុង​ប៉េកាំង​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​រួច​»​។

ជាមួយ​គ្នា​នេះ ភរិយា​របស់​លោក ​វ៉ាង វិនធាន លោកស្រី​ គូ សាវជុន ក៏បាន​លើកឡើង​ផង​​ដែរ​ថា បន្ទាប់ពី​ក្រុង​ប៉េកាំង​រៀបចំ​ធ្វើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវរងា​រួច​នោះ ប៉េកាំង​នឹង​ក្លាយជា​ទីក្រុង​ដំបូង​គេ​លើ​ពិភពលោក ដែល​បានរៀបចំ​ធ្វើ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវក្តៅ និង​រដូវរងា​។

លោកស្រី​បញ្ជាក់ថា​៖ «​សូមឱ្យ​កម្លាំងចិត្ត​ដល់​ទីក្រុង​ប៉េកាំង​ដល់​កីឡាករ​ និង​ដល់​ព្រឹត្តិការណ៍ កីឡា​រដូវរងា​»​។

សូមបញ្ជាក់​ផងដែរ​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​នា​រដូវរងា​ក្រុង​ប៉េកាំង​នឹង​ប្រារព្ធ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២២៕