កោះកុងៈ រដ្ឋបាល​ខេត្តកោះកុង​ប្រកាស​មិន​ទទួលយក​ការដោះស្រាយ​ចំពោះ​ការតវ៉ា​ទាមទារ​របស់​សកម្មជន​ដីធ្លី​ ១​ ក្រុម មាន ៧៤៣ ​គ្រួសារ​នៅ​ស្រុក​ស្រែអំបិល និង​ស្រុក​បទុមសាគរ​នោះឡើយ ដោយសារ​ពលរដ្ឋ​ក្រុម​នេះ​ធ្លាប់​ទទួល​សំណង​ទូទាត់​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​រួចរាល់​ហើយ​តាំងពី​ឆ្នាំ ​២០១៧​។ នេះ​បើតាម​លោក សុខ សុទ្ធី អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ដ​កោះកុង​។

លោក​ សុខ សុទ្ធី ឱ្យដឹងថា វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន Koh Kong Plantation Co,LTD និង​ក្រុមហ៊ុន ស្ករអំពៅ​ត្រូវបាន​ដោះស្រាយ​បញ្ចប់​ជា​ស្ថាពរ​រួចរាល់​ហើយ ដែល​រួមមាន ក្រុម​ប្រជាពលរដ្ឋ​ ២០០ ​គ្រួសារ ក្រុម​ពលរដ្ឋ​ ១៧៥ ​គ្រួសារ ក្រុម​ពលរដ្ឋ​ ៥៨៥ ​គ្រួសារ និង​ក្រុម​ប្រជាពលរដ្ឋ​ ៦៧១ ​គ្រួសារ​សរុប​ទាំងអស់​ចំនួន​ ១ ៦៣១ ​គ្រួសារ​។

លោក​ថា កាលពី​អំឡុង​ខែឧសភា ឆ្នាំ​ ២០១៩ ស្រាប់តែ​ប្រជាពលរដ្ឋ ​៨៤៣ ​គ្រួសារ បច្ចុប្បន្ន​ជា​ក្រុម ៧៤៣ ​គ្រួសារ​ដឹកនាំ​ដោយ​ឈ្មោះ​ ឈឹម សាផាន បាន​កៀរគរ​ប្រជាពលរដ្ឋ​មកពី​ស្រុកស្រែ​អំបិល ស្រុក​បទុមសាគរ និង​ស្រុក​ថ្មបាំង ធ្វើ​សកម្មភាព​តវ៉ា​នៅមុខ​សាលា​ខេត្តកោះកុង និង​នៅ​ក្រសួង​រៀបចំ​ដែនដី​។

តាម​ការពិនិត្យ​ឯកសារ​ពាក់ព័ន្ធ គឺ​ពួកគាត់​ពុំមាន​ឯកសារ​កាន់កាប់​ដីធ្លី​ឡើយ ហើយ​ចាប់តាំងពី​ឆ្នាំ​ ២០០៦ មក ពួកគេ​ពុំមាន​ដាក់ពាក្យបណ្តឹង​ ឬ​ទាមទារ​ទៅ​អាជ្ញាធរ ឬ​ស្ថាប័ន​ណាមួយ​ទេ ជាពិសេស​ក្នុង​យុទ្ធនាការ​រយៈពេល ៣០ ​ថ្ងៃ ចាប់ពី​ថ្ងៃទី ​៤ កញ្ញា ដល់​ថ្ងៃទី​ ៣ តុលា ឆ្នាំ​ ២០១៧ ដែល​ក្រសួង​ដែនដី​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ ជា​សាធារណៈ​ឱ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​នោះមក​បំពេញ​សលាកបត្រ​ទាមទារ ក៏​ពួកគេ​មិនមាន​វត្តមាន​ចូលរួម​ដែរ​។

«​ទាក់ទិន​នឹង​សកម្មភាព​ជួបជុំ និង​ការតវ៉ា​ប្រមូលផ្តុំ​ជាច្រើនលើក ច្រើនសា ដឹកនាំ​ដោយ​ ឈឹម សាផាន ជា​មេខ្លោង​ធ្វើឡើង​តាំងពី​ថ្ងៃ​ទី​ ៦ ខែកក្កដា ឆ្នាំ​ ២០១៨ ដល់​ថ្ងៃទី​ ១០ ខែធ្នូ ឆ្នាំ​ ២០២១ នៅ​ទីតាំង​ផ្សេងៗ​គ្នា ជាពិសេស​អគារ​រដ្ឋបាលខេត្ត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ខុសច្បាប់​នៅ​ទីសាធារណៈ​មិនចេះ​ឈប់ឈរ​»​។ លោក​ សុទ្ធី ​បញ្ជាក់​។

លោក​ថ្លែងថា​៖ «​ចំពោះ​បញ្ហា​នេះ​រដ្ឋបាល​ខេត្តកោះកុង បដិសេធ​ដាច់ខាត​មិន​ [​ទទួលយក​] ការតវ៉ា​ទាមទារ ឬ​ដោះស្រាយ​សកម្មជន​ដីធ្លី​ក្រុម​ ៧៤៣ ​គ្រួសារ​នោះទេ​»​។

លោក​ថា រដ្ឋបាលខេត្ត ស្នើសុំ​ដល់​មេខ្លោង និង​ប្រជាពលរដ្ឋ​ដែល​ដោះស្រាយ​រួចរាល់​ហើយ មេត្តា​បញ្ចប់​សកម្មភាព​ខុសច្បាប់​នេះ​តទៅទៀត​។ ព្រោះ​សកម្មភាព​តវ៉ា​នេះ​បង្កឱ្យមាន​អស្ថិរភាព​ក្នុងសង្គម​ប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​សេចក្តី​ថ្លៃថ្នូរ​របស់​សង្គមជាតិ​។

លោក​ សុទ្ធី ឱ្យដឹងថា ឈ្មោះ​ ឈឹម សាផាន ជា​អតីត​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ជា​មេខ្លោង​ដឹកនាំ​ប្រជាពលរដ្ឋ​មក​តវ៉ា​បញ្ហាដីធ្លី​ក្នុង​ខេត្ដ​កោះកុង​ធ្វើឱ្យ​មាន​ភាពចលាចល​ក្នុង​សង្គមជាតិ មិនមែន​ជាការ​ទាមទារ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហាដីធ្លី​ពិតប្រាកដ​នោះទេ​។

លោក​ សុខ សុទ្ធី ថ្លែងថា​៖ «​រដ្ឋបាល​ខេត្ដ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ហើយ​ថា ករណី​សកម្មជន​ដីធ្លី​ ១​ ក្រុម មាន​គ្នា​ ៧៤៣ ​គ្រួសារ ទោះបីជា​យ៉ាងម៉េច​ក៏​រដ្ឋបាល​ខេត្ដ​មិន​ដោះស្រាយ​ឱ្យ​ដែរ​។ ដី​របស់​ក្រុមហ៊ុន​គឺជា​ដី​របស់​រដ្ឋ​ដែល​ក្រុមហ៊ុន​បាន​ជួល​ពីរ​ដ្ឋ ដូច្នេះ​រឿងនេះ​ជា​កិច្ចការងារ​របស់​រដ្ឋ​»​។

លោក​ថា បច្ចុប្បន្ន រដ្ឋបាល​ខេត្ដ​កំពុង​ធ្វើការងារ​តាម​នីតិវិធី​ច្បាប់​ជាមួយ​តុលាការ​លើ​ក្រុម​មេខ្យល់​ដែល​ដឹកនាំ​ប្រជាពលរដ្ឋ​តវ៉ា​ធ្វើឱ្យមាន​ភាពវឹកវរ ចលាចល​ក្នុង​សង្គមជាតិ​នេះ​។

ភ្នំពេញ​ប៉ុស្តិ៍​នៅ​មិនទាន់​អាច​រក​ប្រភព​ទាក់ទង​ក្រុម​សកម្មជន​ដីធ្លី ដែល​កំពុងមាន​វិវាទ​នេះ ដើម្បី​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ​នា​ថ្ងៃទី ​២ កុម្ភៈ​។

លោក ​ថោង ច័ន្ទតារា មន្ដ្រី​សម្របសម្រួល​សមាគម​សិទ្ធិ​មនុស្ស​ (​អាដហុក​) ​ប្រចាំ​ខេត្ដ​កោះកុង​ឱ្យដឹងថា សកម្មជន​ដីធ្លី ១ ​ក្រុម មាន​គ្នា​ ៧៤៣​ គ្រួសារ​ដែល​កំពុង​បន្ត​ការតវ៉ា​ទាមទារ​ឱ្យមាន​ដំណោះស្រាយ​វិវាទ​ជាមួយ ក្រុមហ៊ុន Koh Kong Plantation Co,LTD និង​ក្រុមហ៊ុន​ស្ករអំពៅ​នោះ ភាគច្រើន​ជា​ប្រជាពលរដ្ឋ​ដែល​ទើបតែ​បំបែក​គ្រួសារ​ថ្មី​ចេញពី​គ្រួសារ​ចាស់​នៅក្នុង​តំបន់​នេះ ហើយ​ពួកគេ​មិនមាន​ដីធ្លី​រស់នៅ​ទើប​នាំគ្នា​តវ៉ា​។

លោក​ ច័ន្ទតារា បាន​បញ្ជាក់ថា​៖ «​កន្លងមក រដ្ឋបាល​ខេត្ដ​បាន​ដោះស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នេះ​បាន​មួយចំណែក ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​កើត​គ្រួសារ​ថ្មី​មានការ​កើនឡើង ហើយ​គ្មាន​ដីធ្លី​រស់នៅ​ទើប​នាំគ្នា​តវ៉ា​បែបនេះ​។ ប៉ុន្ដែ​បើ​រដ្ឋបាល​ខេត្ដ​ប្រកាន់​ជំហរ​ថា មិន​ដោះស្រាយ​នោះ បញ្ហា​វា​នៅតែ​កើតមានឡើង​។ ដូច​កាលពី​សប្ដាហ៍​មុន ពលរដ្ឋ​បាន​នាំគ្នា​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ទីតាំង​ក្រុមហ៊ុន ដោយ​ពួកគាត់​អះអាង​ថា ជា​ដី​ចាស់​ដែល​ពួកគាត់​ធ្លាប់​រស់នៅ​កន្លងមក​»៕