ភ្នំពេញៈ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានចេញ​ប្រកាស​ស្តីពី​ការកម្រិត​នៃ​សភាព​គ្រោះថ្នាក់ ការចេញ​វិធានការ​បញ្ចៀស​គ្រោះថ្នាក់ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​សំណង់​ដែលមាន​សភាព​គ្រោះថ្នាក់​ក្នុង​គោលបំណង​ ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ដោយ​ប្រកាស​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​សំណង់​គ្រប់​ប្រភេទ លើកលែងតែ​ប្រភេទ​សំណង់​ដែលមាន​កំណត់​នៅក្នុង​លិខិតបទដ្ឋាន​គតិយុត្ត​ដោយឡែក​។

ប្រកាស​ដែលមាន ៦ ​ជំពូក និង​ ២៣ មាត្រា នេះ​ត្រូវបាន​ចុះ​ហត្ថលេខា​ដោយ​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ និង​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ១ កុម្ភៈ ឆ្នាំ​ ២០២២​។

ប្រកាស​នេះ​បានកំណត់​អំពី​កម្រិត​នៃ​សភាព​គ្រោះថ្នាក់ ការចេញ​វិធាន​ការបញ្ចៀស​គ្រោះថ្នាក់ និង​នីតិវិធី​នៃ​ការគ្រប់គ្រង​សំណង់​ដែលមាន​សភាព​គ្រោះថ្នាក់​ក្នុង​គោលបំណង​ដើម្បី​ធានា​សុវត្ថិភាព សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ ការបង្ការ​គ្រោះថ្នាក់​ដល់​សំណង់​ជិតខាង​ដល់​អាយុជីវិត រាងកាយ សុខភាព​របស់​អ្នកប្រើប្រាស់​សំណង់ អ្នក​ជិតខាង និង​សាធារណជន​។

ប្រកាស​នេះ​ក៏មាន​គោលដៅ ដើម្បី​បង្កើន​ការទទួល​ខុសត្រូវ​របស់​ម្ចាស់​សំណង់​អ្នកគ្រប់គ្រង​សំណង់ អ្នក​ជួល​សំណង់ និង​អ្នកប្រើប្រាស់​សំណង់ ចំពោះ​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ជាយថាហេតុ ហើយ​ថែមទាំង​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​គ្រប់គ្រង​សំណង់​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ផងដែរ​។

ប្រកាស​ថ្មី​នេះ​ថែមទាំង​បានធ្វើការ​បែងចែក​សភាព​គ្រោះថ្នាក់​របស់​សំណង់​ជា​ ២ ​ប្រភេទ​ដោយ​រួមមាន ប្រភេទ​គ្រោះថ្នាក់​អាច​កើតឡើង​ភ្លាមៗ និង​ប្រភេទ​គ្រោះថ្នាក់​មិនអាច​កើតឡើង​ភ្លាមៗ ដែល​ការចាត់​ចំណាត់ថ្នាក់​កម្រិត​សភាព​គ្រោះថ្នាក់​របស់​សំណង់ ត្រូវអនុវត្ត​តាម​បទប្បញ្ញត្តិ​បច្ចេកទេស​សំណង់ និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​។ ប្រកាស​បន្តថា​៖ «​ក្នុងករណី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទទួលបាន​បណ្តឹង ឬ​ព័ត៌មាន​អំពី​សំណង់​ដែលមាន​សភាព​គ្រោះថ្នាក់ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​សម្រេច​ធ្វើការ​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​សំណង់​នោះ​»​។ លើសពីនេះ អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​ចាត់តាំង​មន្ត្រី​ត្រួតពិនិត្យ​គុណភាព​ និង​សុវត្ថិភាព​សំណង់​ដើម្បី​ចុះត្រួតពិនិត្យ វាយតម្លៃ និង​ធ្វើការ​សន្និដ្ឋាន​អំពី​ការចាត់​ថ្នាក់​កម្រិត​សភាព​គ្រោះថ្នាក់​របស់​សំណង់​ជាបន្ទាន់​ក្នុងករណី​ពិនិត្យឃើញថា គ្រោះថ្នាក់​អាច​កើតឡើង​ភ្លាមៗ​។ បន្ថែម​ពីនេះ​ «​មន្ត្រី​ត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​សំណង់ ត្រូវរាយការណ៍ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាបន្ទាន់ តាម​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន​»​។

របាយការណ៍​ស្តីពី​ការត្រួតពិនិត្យ​គុណភាព និង​សុវត្ថិភាព​សំណង់​ត្រូវ​ដាក់ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច តាមរយៈ​ប្រធាន​អង្គភាព​មាន​សមត្ថកិច្ច ក្នុង​រយៈពេល​គិត​ចាប់​ពីថ្ងៃ​សម្រេច​ធ្វើការ​ត្រួតពិនិត្យ​គុណភាព​ និង​សុវត្ថិភាព​សំណង់​ចន្លោះ​ពី​ ៣ ​ថ្ងៃ ដល់ ១០ ថ្ងៃ​យ៉ាងយូរ អាស្រ័យទៅលើ​សំណង់​ដែល​ទទួលបាន​លិខិតអនុញ្ញាត​សាងសង់​។ នេះ​បើតាម​ប្រកាស​របស់​ក្រសួង​។

ប្រកាស​ដដែល​បាន​បញ្ជាក់ថា​៖ «​ក្នុងករណី​ចាំបាច់​អាជ្ញាធរ​មាន​សមត្ថកិច្ច​អាច​តម្រូវ​ម្ចាស់​សំណង់​ឱ្យ​ផ្តល់​របាយការណ៍​ស្តីពី​ការត្រួតពិនិត្យ គុណភាព​ និង​សុវត្ថិភាព​សំណង់​ចេញ​ដោយ​អ្នកត្រួតពិនិត្យ​ និង​បញ្ជាក់​សំណង់​របស់​វិស័យ​ឯកជន ដោយ​រាល់​ការចំណាយ​ជា​បន្ទុក​របស់​ម្ចាស់​សំណង់​។ រាល់​ការចំណាយ​លើ​សេវា​ត្រួតពិនិត្យ និង​បញ្ជាក់​សំណង់​របស់​វិស័យ​ឯកជន​សម្រាប់​ចំណែក​រួម​នៃ​អគារ សហកម្មសិទ្ធិ​ ឬ​បុរី ជា​បន្ទុក​រួមគ្នា​របស់​ម្ចាស់​នៃ​ចំណែក​ឯកជន​ ឬ​កម្មសិទ្ធិករ​ទាំងអស់​»​។

លោក​ ជា សុផារ៉ា បាន​ប្បញ្ញត្តិ​ក្នុង​ប្រកាស​នោះ​ថា ក្នុងករណី​គ្រោះថ្នាក់​អាច​កើតឡើង​ភ្លាមៗ អភិបាល​នៃ​គណៈអភិបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​ជូនដំណឹង​ទៅ​ម្ចាស់​សំណង់ អ្នកគ្រប់គ្រង​សំណង់ អ្នក​ជួល​សំណង់ និង​​ឬ​អ្នក​កំពុង​ស្ថិតនៅក្នុង​ទីតាំង​សំណង់​ជាបន្ទាន់​តាម​គ្រប់​មធ្យោបាយ​ដែល​អាចធ្វើ​ទៅបាន​អំពី​វិធានការ​បញ្ចៀស​គ្រោះថ្នាក់​។

លោក​ក៏បាន​បញ្ញត្តិ​ទៀតថា​៖ «​វិធាន​ការបញ្ចៀស​គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ភ្លាមៗ​មាន​ជាអាទិ៍​ត្រូវ​ជម្លៀស​មនុស្ស​ចេញពី​សំណង់​ដែលមាន​សភាព​គ្រោះថ្នាក់​។ ត្រូវ​កំណត់​អត្តសញ្ញាណ​សំណង់​ជិតខាង​ដែល​អាច​រងផលប៉ះពាល់​ និង​ជម្លៀស​មនុស្ស​ចេញពី​សំណង់​ទាំងនោះ ដោយ​ការហ៊ុមព័ទ្ធ ហាមចូល ហាម​ប្រើប្រាស់ និង​ហាម​អ្នក​គ្មាន​ភារកិច្ច​ចេញចូល​»​។

លើសពីនេះ ត្រូវ​រុះរើ​សំណង់ ឬ​ផ្នែក​ណាមួយ​នៃ​សំណង់​ដែល​អាច​បង្ក​គ្រោះថ្នាក់ ដោយ​ការកំណត់​បរិវេណ​សុវត្ថិភាព និង​បិទ​ផ្សាយ​ជា​សាធារណៈ​នូវ​លិខិត​ជូនដំណឹង​អំពី​វិធាន​ការបញ្ចៀស​គ្រោះថ្នាក់​នៅ​ទីតាំង​សំណង់​។

​ប្រកាស​ថ្មី​នេះ​ក៏បាន​បើក​សិទ្ធិ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ធ្វើការ​រុះរើ​សំណង់​ដែលមាន​សភាព​គ្រោះថ្នាក់​ក្នុង​ករណី​ដែល​ម្ចាស់​សំណង់​មិន​អនុវត្តតាម​ផងដែរ ហើយ​រាល់​ការចំណាយ និង​ការខាតបង់ គឺជា​បន្ទុក​របស់​ម្ចាស់​សំណង់​។

លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា​សាទរ​រាល់​អ្វីដែល​ក្រសួង​រៀបចំ​ដែនដី​បាន​ដាក់ចេញ​ ដើម្បី​ជា​វិធានការ​ក្នុង​ការធានា​សុវត្ថិភាព​ និង​សណ្តាប់ធ្នាប់​ដែលមាន​កំណត់​ដូច​ប្រកាស​ថ្មី​នេះ និង​ច្បាប់​នានា​ដែលមាន​កន្លងមក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការដាក់ចេញ​វិធានការ និង​ច្បាប់​នេះ​លោក​មើលឃើញ​ថា ការអនុវត្ត​គឺ​ហាក់​នៅមាន​ភាពខ្វះ​ចន្លោះ​ដែល​ទាមទារ​ឱ្យមាន​ការយក​ចិត្ត​ទុក​បន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្ត​ច្បាប់​ទាំងនេះ​មាន​ប្រសិទ្ធភាព​។

លោក​បញ្ជាក់ថា​៖ «​ទាក់ទង​នឹង​ច្បាប់​ទាំងអស់នេះ​ភាគច្រើន គឺ​មិនបាន​ជំរុញ​ឱ្យ​ភាគី​មានការ​អនុវត្ត​នោះទេ ដែល​នេះ​គឺជា​ចំណុច​នៃ​ការព្រួយបារម្ភ​។ បញ្ហា​ទាំងនេះ​ខ្ញុំ​មិន​ហ៊ាន​ថា​មាន​អំពើពុករលួយ​នោះទេ​គ្រាន់តែ​ថា បើ​មាន​បញ្ហា​គឺ​ច្បាស់​ជាមាន​ភាពមិន​ប្រក្រតី​អ្វីមួយ​នៅក្នុង​ហ្នឹងហើយ​ព្រោះ​ក្រុមហ៊ុន​ខ្លះ​មាន​អ្នក​មាន​ឥទ្ធិពល​មានអំណាច​នៅ​ពីក្រោយ​ហើយ​ក្រុមហ៊ុន​ខ្លះ មាន​អ្នក​កាង​នៅ​ពីក្រោយ​ដែល​បណ្តោយ​ឱ្យ​ក្រុមហ៊ុន​បរទេស ឬ​ក្រុមហ៊ុន​ក្នុង​ស្រុង​មួយចំនួន​អាច​សាងសង់​បាន បើទោះ​ជា​គ្មាន​ច្បាប់​»​។

គិតពី​ឆ្នាំ​ ២០២០ មកដល់​ឆ្នាំ ២០២១ គឺមាន​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួង​គឺមាន​ជាង ៣ ០០០ ក្រុមហ៊ុន ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន​ទាំងនេះ​មាន​សុពលភាព ឬ​អនុវត្តបាន​ត្រឹម​ត្រូវតែ​ជាង​ ១ ០០០ ក្រុមហ៊ុន​ប៉ុណ្ណោះ ខណៈ​ពាក់កណ្តាល​ទៀត​បាន​អនុវត្ត​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​។ នេះ​បើតាម​លោក សុខ គីន​ អះអាង​៕