កណ្ដាលៈ មន្ត្រី​បច្ចេកទេស​ក្រុង​តាខ្មៅ​ចុះ​ពិនិត្យ​ការកែសម្រួល​ការធ្វើ​ប្រព័ន្ធ​លូ​ឡើងវិញ​របស់​ក្រុមហ៊ុន វ៉េង លាភ នៅក្នុង​ចំណុច​ភូមិ​ព្រែកសំរោង សង្កាត់​រកា​ខ្ពស់ បន្ទាប់ពី​មានប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​ថា ការសាងសង់​ខុស​បច្ចេកទេស និង​មិនត្រូវ​តាម​ស្តង់ដា​ក្នុង​កិច្ចសន្យា​នៃ​គម្រោង​ដែល​ក្រុមហ៊ុន​ដេញថ្លៃ​។

កាលពី​ថ្មីៗ​នេះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​បាន​ផ្ទុះ​ការតវ៉ា និង​ប្រតិកម្ម​ចំពោះ​ការសាងសង់​កែលម្អ​លូ​នៅតាម​បណ្តាយ​ផ្លូវ​កាត់​មុខផ្ទះ​របស់ខ្លួន ដោយបាន​អះអាងថា ក្រុមហ៊ុន វ៉េង លាភ បាន​ប្រើល្បិច​កេងចំណេញ​ប្រាក់​របស់​រដ្ឋ​អស់​ជិត ៥០ ​លាន​រៀល​ក្នុង​គម្រោង​សាងសង់​ប្រព័ន្ធ​លូ​តាម​បណ្តោយ​ផ្លូវ​បេតុង​នៅក្នុង​ភូមិ​ព្រែកសំរោង សង្កាត់​រកាខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។

លោក ឈឿង ឆូ ចៅសង្កាត់​រកាខ្ពស់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ កុម្ភៈ​ថា អាជ្ញាធរ និង​មន្ត្រី​បច្ចេកទេស​របស់​រដ្ឋបាល​ក្រុង​តាខ្មៅ​បាន​ចុះមក​ពិនិត្យ​តាម​ការ​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​កាលពី​ថ្ងៃទី​ ២ ​កុម្ភៈ​។ ការចុះ​ទៅនេះ គឺ​ដើម្បី​ពិនិត្យ​ភាពមិនប្រក្រតី និង​លក្ខណៈ​បច្ចេកទេស​ក្នុងការ​សាងសង់​ប្រព័ន្ធ​លូ​របស់​ក្រុមហ៊ុន​នេះ​ឱ្យ​ស្របតាម​ស្តង់ដា និង​កិច្ចសន្យា​ដែល​ទទួលបាន​ពី​រដ្ឋបាល​ក្រុង​។

លោក​បាន​បញ្ជាក់ថា​៖ «​ក្រុមហ៊ុន​គេ​ធ្វើ​មិនទាន់​ហើយ​ផង តែ​ពលរដ្ឋ​គាត់​ចង់ឱ្យ​ក្រុមហ៊ុន​ធ្វើ ១ ​ថ្ងៃ​ឱ្យ​ហើយ​។ ការធ្វើការ​នេះ គឺ​ធ្វើ​ទៅតាម​ដំណាក់កាល​របស់គេ ដែល​ពលរដ្ឋ គាត់​ចេះតែ​ទាមទារ​។ យ៉ាងណា ចំណុច​ប្រតិកម្ម​របស់គាត់ យើង​ទទួលយក ហើយ​យើង​នឹង​ចុះទៅ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យបាន​យល់​។ យើង​ចុះ​ទៅនេះ គឺ​ទទួល​សំណូមពរ​ពី​ប្រជាពលរដ្ឋ តើ​ពួកគាត់​ចង់បាន​អ្វី ហើយ​តើ​មានការ​ឯកភាព​យ៉ាងណា ហៅ​ក្រុមហ៊ុន​មក​ស្តាប់​មតិ​របស់​ពួកគាត់​ដែរ​»​។

បើតាម​លោក ឈឿន ឆូ គម្រោង​កែលម្អ​ប្រព័ន្ធ​លូ​ផ្លូវ ១ ​ខ្សែ​ក្នុងភូមិ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ​ខាងមុខ ហើយ​ក្នុង​ពេលនេះ ក្រុមហ៊ុន វ៉េង លាភ បានធ្វើ​ការសាងសង់ និង​កែលម្អ​បាន​ប្រមាណ​ជាង ៦០ ​ភាគរយ​ហើយ​។ បន្ថែម​ពីនេះ លោក​ក៏បាន​អះអាងថា គម្រោង​កែលម្អ​នេះ គឺមាន​ការចុះ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​មន្ត្រី​ជាប្រចាំ ដោយ​មិនមាន​ការធ្វេសប្រហែស​នោះឡើយ ដែល​លោក​សុំឱ្យ​ពលរដ្ឋ​ចូលរួម​សហការ និង​យោគយល់​។

លោក វ៉េង លាភ ប្រធាន​ក្រុមហ៊ុន​ វ៉េង លាភ មិនអាច​ស្វែងរក​ប្រភព​ដើម្បី​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បានទេ​កាលពី​ម្សិលមិញ​។

លោក អ៊ុំ វាសនា មន្ត្រី​បច្ចេកទេស​ប្រចាំ​ក្រុង​តាខ្មៅ​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​កាលពី​ថ្មីៗ​នេះ​ថា កន្លងទៅ​ក្រុមហ៊ុន វ៉េង លាភ បានទទួល​សិទ្ធិ​បន្ត​ពី​រដ្ឋបាល​ក្រុង​តាខ្មៅ ដើម្បី​សាងសង់​កែលម្អ​ប្រព័ន្ធ​លូ​តាមផ្លូវ ១​ ខ្សែ ស្ថិតក្នុង​សង្កាត់​រកាខ្ពស់​នេះ​។ ក្នុង​គម្រោង​នោះ គឺ​ក្រុមហ៊ុន វ៉េង លាភ បាន​ដេញថ្លៃ​គម្រោង​សាងសង់​ប្រព័ន្ធ​លូ ដោយ​ត្រូវ​ប្រើប្រាស់​កម្រាស់​លូ ០,០៧ ​ម៉ែត្រ ប៉ុន្តែ​ក្រុមហ៊ុន​ត្រូវបាន​រកឃើញ​មាន​កំហុស​បច្ចេកទេស ដោយ​ប្រើប្រាស់​សាច់​បេតុង​កម្រាស់ ០,០៥ ​ម៉ែត្រ​មក​សាងសង់​ខុស​គម្រោង​ដែល​ខ្លួន​ដេញថ្លៃ ហើយ​បញ្ហា​នេះ​ក៏​ត្រូវបាន​រដ្ឋបាល​ក្រុង​តាខ្មៅ​តម្រូវ​ឱ្យ​កែតម្រូវ​ម្តង​រួចមកហើយ​។

លោក​អះអាងថា ហើយ​ក្នុង​ពេលនេះ គឺ​ក្រុមហ៊ុន​ដដែល​នេះ​ទទួល​បាន​ការដេញថ្លៃ​គម្រោង​សាង​សង់កែ​លម្អ​ប្រព័ន្ធ​លូ ១ ​ខ្សែ​ទៀត​ស្ថិតក្នុង​សង្កាត់​រកា​ខ្ពស់​នេះ ដូច្នេះ​បើ​មាន​ករណី​ដូច​អ្វីដែល​ពលរដ្ឋ​បាន​លើក​ឡើង​មែន រដ្ឋបាល​ក្រុង​តាខ្មៅ​នឹង​ណែនាំ​ឱ្យ​ក្រុមហ៊ុន​នេះ​ធ្វើការ​កែតម្រូវ និង​ជួសជុល​តាម​កិច្ចសន្យា​៕