ភ្នំពេញៈ ​ក្រសួងយុត្តិធម៌​កំពុង​​សហការ​ជាមួយ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទ​ក្រហម ​(ICRC)​ ដើម្បី​ដោះស្រាយ​​ភាព​ណែន​ចង្អៀត​នៅក្នុង​ពន្ធនាគារ និង​ធ្វើការ​ផ្សព្វផ្សាយ​នូវ​យន្តការ​ដោះលែង​អ្នកទោស​ដោយមាន​លក្ខខណ្ឌ​នៅតាម​សហគមន៍​។

កិច្ចសហការ​នេះ​ត្រូវបាន​លើកឡើង​នៅក្នុង​ជំនួប​រវាង​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន និង​ប្រធាន​​បេសកកម្ម​នៃ​គណៈកម្មាធិការ​អន្តរជាតិ​នៃ​កាកបាទក្រហម​ (ICRC) ​លោកស្រី Dena Fisher ពីថ្ងៃ​ទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០២២​។

ក្នុងជំនួប​នោះ​បាន​ពិភាក្សា​លើ​របៀបវារៈ​ចំនួន​ ៣ រួមមាន ការរាយការណ៍​សង្ខេប​អំពី​សកម្មភាព​ចុះ​ទស្សនកិច្ច​ពន្ធនាគារ​របស់​ ICRC, ​ស្វែងយល់​អំពី​កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​នាពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​កិច្ចការងារ​ពន្ធនាគារ និង​ពិភាក្សា​ស្វែងរក​កិច្ចសហការ​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​។

រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា តាមរយៈ​ការរាយការណ៍​របស់ ​(ICRC) ​គាត់​រកឃើញថា មាន​ភាព​ណែនចង្អៀត​នៅក្នុង​ពន្ធនាគារ​ដែល​ទាមទារ​ឱ្យមាន​ការយកចិត្ត​ទុកដាក់​ និង​ដោះស្រាយ​លើ​បញ្ហា​នេះ​។

លោក​បាន​បន្តថា ភាគី​ទាំង​ ២ នឹង​ធ្វើការ​រួមគ្នា​ដោះស្រាយ​លើ​បញ្ហា​នេះ​តាមរយៈ​យន្តការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ​ដែល​ត្រៀម​អនុវត្ត​ឆាប់ៗ​នេះ ក៏ដូចជា​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​ពលរដ្ឋ​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​អ៊ីចឹង​​ការអនុវត្ត​ទោស​មិនមែន​ពន្ធនាគារ​រួមមាន ទោស​សហគមន៍ ការដោះលែង​ដោយមាន​លក្ខខណ្ឌ​ដែល​ក្រសួង​កំពុង​រៀបចំ​ដាក់ឱ្យអនុវត្ត អ៊ីចឹង​យើង​នឹងធ្វើការរួម​គ្នា​ក្នុងការ​រៀបចំ​យន្តការ​ និង​អនុវត្ត​យន្ត​ការចុះពង្រឹង​សហគមន៍ ដើម្បី​ធ្វើ​ម៉េច​ឱ្យមាន​ភាព​ធូរស្បើយ និង​ប្រសើរឡើង​នៅក្នុង​ពន្ធនាគារ​»​។

លោក​បាន​បញ្ជាក់ថា ការផ្សព្វផ្សាយ​នូវ​យន្តការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ​នេះ សំខាន់​​ណាស់ ដើម្បីឱ្យ​ពលរដ្ឋ​ទទួល​យក​នូវ​ទស្សន​ថ្មី​នេះ ចៀសវាង​ការរើសអើង​ដល់​អ្នក​ជាប់ឃុំ​។

លោក​ថា​៖ «​ព្រោះ​ទស្សនៈ​ខ្មែរ​យើង​គាត់​គិតថា អ្នក​ជាប់ទោស​ត្រូវ​នៅក្នុង​គុក បើ​គាត់​នៅក្រៅ​គុក​គឺមាន​បញ្ហា​អាច​​មាន​អំពើហិង្សា រង​ការរើសអើង និង​មាក់ងាយ​ក្នុងសង្គម ដូច្នេះ​យើង​កំពុង​រៀបចំ​យន្តការ​នៃ​ការអនុវត្ត​ការដោះលែង​ដោយ​​មាន​លក្ខខណ្ឌ​។ ​ទន្ទឹមនឹងនេះ​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ដល់​សហគមន៍​ឱ្យ​គាត់​យល់ និង​ទទួលយក​ទស្សនៈ​ថ្មី​ដើម្បី​អនុវត្ត​យន្តការ​នេះ​ជោគជ័យ និង​ធ្វើ​សមាហរណកម្ម​អ្នក​ជាប់គុក​ទៅក្នុង​សហគមន៍​បាន​»​។

លោក​ ជិន ម៉ាលីន ឱ្យដឹង​ដែរ​ថា បើទោះបី​ជា​យន្តការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ​មិនទាន់​ត្រូវបាន​ដាក់ចេញ​ឱ្យ​អនុវត្ត​ក្តី ប៉ុន្តែ​ក្រសួងយុត្តិធម៌​បាន​ខិតខំ​ដោះស្រាយ​ភាព​ណែនចង្អៀត​នៅក្នុង​ពន្ធនាគារ​នាពេលកន្លងមក​តាមរយៈ​ការដោះស្រាយ​ការកកស្ទះ​សំណុំរឿង​ទូទាំងប្រទេស​។

លោក​ថា​៖ «​តាមពិត​យើង​បានធ្វើ​ច្រើន​មកហើយ​ក្នុង​ការដោះស្រាយ​ភាព​ចង្អៀត​ណែន​ពន្ធនាគារ តាមរយៈ​ការបង្កើន​ធនធាន​នៅតាម​តុលាការ ទាំង​ធនធាន​ហិរញ្ញវត្ថុ និង​សម្ភារ ដើម្បី​ពន្លឿន​ដំណើរការ​ដោះស្រាយ​សំណុំ​រឿងក្តី​»​។

នាយករង​អង្គការ​លីកាដូ លោក អំ សំអាត បាន​ថ្លែងថា កិច្ចសហការ​នេះ​នឹង​ជា​ផ្នែក​មួយ​បន្ថែមទៀត​ក្នុង​ការជួយ​ដល់​ការអនុវត្ត និង​ផ្សព្វផ្សាយ​ចំណេះដឹង​ដល់​ពលរដ្ឋ ប៉ុន្តែ​លោក​ក៏​​ជំរុញ​ឱ្យ​ពន្លឿន​យន្តការ​ដោះលែង​ដោយមាន​លក្ខខណ្ឌ​ឱ្យ​​បាន​ឆាប់​ផងដែរ​។ ​ទន្ទឹមនេះ លោក​បាន​ជំរុញ​ដល់​មន្ត្រី​អនុវត្ត​​ត្រូវ​ធានា​ពី​តម្លាភាព​ក្នុងការ​ដោះលែង​ទណ្ឌិត ដើម្បី​ចៀសវាង​​ការរិះគន់​ពី​មតិសាធារណៈ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅពេល​មាន​យន្តការ​នេះហើយ​ការអនុវត្ត​ត្រូវតែ​ប្រកបដោយ​តម្លាភាព និង​យុត្តិធម៌​មុននឹង​ដោះលែង​ទណ្ឌិត​ដោយ​ភ្ជាប់​នឹង​លក្ខខណ្ឌ​ដើម្បី​កុំ​ឱ្យមាន​ភាពមិនប្រក្រតី​»៕