ពោធិ៍សាត់ៈ ដើម្បី​អបអរសាទរ​ទិវា​តំបន់ដីសើម​ពិភពលោក ២ កុម្ភៈ ឆ្នាំ​ ២០២២ ក្រសួងបរិស្ថាន​បាន​ប្រារព្ធ​ទិវា​នេះ​នៅ​ខេត្ត​ពោធិ៍សាត់ ដែលជា​ទីតាំង​សម្បូរ​ទៅដោយ​ដី​សើម ដើម្បី​ផ្សព្វផ្សាយ​ពី​សារៈសំខាន់​នៃ​ប្រព័ន្ធ​អេកូឡូស៊ី និង​ចូលរួម​ការពារ​ជីវចម្រុះ​នៅក្នុង​សហគមន៍​មូលដ្ឋាន​។

ទិវា​ដី​សើម​ពិភពលោក​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាល័យ ទា ចំរ៉ាត់ ក្រុង​ពោធិ៍សាត់ ក្រោម​ប្រធានបទ “​ការអភិរក្ស​តំបន់ដីសើម សម្រាប់​មនុស្ស និង​ធម្មជាតិ​”​។

សាធារណជន​អាច​ចូលរួម​អបអរសាទរ​ទិវា​តំបន់ដីសើម​ពិភពលោក​បាន​ផងដែរ តាម​បណ្តាញ​សង្គម​ដោយ​គ្រាន់តែ​បង្ហោះ​រូបភាព​ទេសភាព​ដ៏​ស្រស់ស្អាត​របស់​តំបន់ដីសើម​ជីវចម្រុះ ការរស់នៅ​របស់​សហគមន៍​មូលដ្ឋាន ឬ​សកម្មភាព​ទេសចរណ៍​ធម្មជាតិ​ក្នុង​តំបន់​ដីសើម​ដែល​អ្នក​ធ្លាប់បាន​ទៅដល់ និង​ប្រើប្រាស់ ដោយ​ភ្ជាប់​ទៅ​ទិវា​តំបន់ដីសើម​ពិភពលោក​ឆ្នាំ​ ២០២២ និង​ក្រសួងបរិស្ថាន​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន លោក ​នេត្រ ភក្ត្រា ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា សម្រាប់​ឆ្នាំនេះ​ក្រសួង​ជ្រើសរើស​យក​ខេត្តពោធិ៍សាត់ ដើម្បី​រៀបចំ​ដោយសារ​ខេត្ត​នេះ មាន​ដី​សើម​ច្រើន​។

លោក​បាន​បញ្ជាក់ថា​៖ «​ការរៀបចំ​នេះ​ដើម្បី​ផ្សព្វផ្សាយ​អំពី​គោលការណ៍​ពី​សារៈសំខាន់​ជីវចម្រុះ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្ត​នោះ ហើយ​នៅ​ខេត្ត​ពោធិ៍សាត់​ក៏​ជា​តំបន់​ទំនាប​លិច​ទឹក​ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ​ថា កន្លែង​នេះ ​​កន្លែង​ដែលមាន​សារៈសំខាន់​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​ក៏ដូចជា​ជីវចម្រុះ​»​។

លោក​បន្តថា​៖ «​អ៊ីចឹង​ឱ្យ​ពួកគាត់​ការពារ ចូលរួម​អភិរក្ស ជាពិសេស​កុំ​ប្រើប្រាស់​នូវ​ថ្នាំពុល​កសិកម្ម​ផ្សេងៗ ឬ​ប្រើ​ជីគីមី​ខ្លាំង ដែល​ធ្វើឱ្យប៉ះពាល់​ទៅដល់​ជីវចម្រុះ ពេលខ្លះ​ពុល​ដល់​សត្វ​ដែល​រក​ចំណី​នៅ​តំបន់ដីសើម​»​។

លោក​បាន​គូសបញ្ជាក់ថា ការរៀបចំ​ពិធី​នេះ​ក៏​ជា​ការបញ្ជូនសារ​ទៅ​តំបន់​ផ្សេងៗ​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​តំបន់ដីសើម ដើម្បីឱ្យ​ពួកគាត់​ចូលរួម​ការពារ និង​អភិរក្ស​នៅក្នុង​ការថែរក្សា​កន្លែង​ជីវចម្រុះ ក៏ដូចជា​កន្លែង​ទីជម្រក​សត្វ​។

លោក​បន្តថា​៖ «​ព្រោះ​តំបន់​ដីសើម​មួយចំនួន​សម្បូរ​ចំណី​របស់​សត្វ ដូចជា​នៅ​បឹង​ព្រែកល្ពៅ ជា​តំបន់​ការពារធម្មជាតិ​ជា​តំបន់ដីសើម ហើយ​ជា​កន្លែង​រកស៊ី​ចំណី​របស់​សត្វ​ក្រៀល និង​ជា​កន្លែង​ពង​កូន​របស់​សត្វ​មួយចំនួនទៀត​»​។

ទន្ទឹមនេះដែរ​លោក​ ភក្ត្រា បាន​ស្នើឱ្យ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ចូលរួម​ការពារ​តំបន់ដីសើម​ទាំងអស់​គ្នា ខណៈ​លោក​គូសបញ្ជាក់ថា វា​មាន​សារៈប្រយោជន៍​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី​ជាពិសេស​ទីតាំង​សម្រាប់​សត្វ ជា​ប្រភពទឹក​ផង ជា​ចំណី​ផង​។

លោក​បន្តទៀតថា ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស គឺមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​តំបន់ដីសើម​ដោយ​តំបន់ដីសើម​បាន​ផ្តល់​នូវ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ដោយ​ឥត​គិតថ្លៃ​ដូចជា ផ្តល់​ទឹកស្អាត​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ស្រោចស្រព​ជួយ​កាត់បន្ថយ​គ្រោះ​ទឹកជំនន់ និង​គ្រោះរាំងស្ងួត​ការ​ស្រូបយក​កាបូន និយតកម្ម​អាកាសធាតុ ប្រភព​ស្បៀងអាហារ កន្លែង​កម្សាន្ត​ធម្មជាតិ និង​សិក្សា​ស្រាវជ្រាវ​។​ល​។

បន្ថែម​ពីនេះ​លោក នេត្រ ភក្ត្រា ​ថា សម្រាប់​ក្រសួងបរិស្ថាន​នឹង​បន្ត​ការសិក្សា​បន្ថែមទៀត បើសិនជា​យល់ថា តំបន់​ណា​ដែលមាន​សារៈសំខាន់​ផ្នែក​ប្រព័ន្ធ​អេកូឡូស៊ី ដែលមាន​ភាពផុយស្រួយ​ហើយ​ត្រូវ​ការការពារ ក្រសួង​នឹង​ស្នើសុំ​រាជរដ្ឋាភិបាល​ ដើម្បី​ពិនិត្យ រៀបចំ​បង្កើត​ទៅជា​តំបន់ដីសើម​។

ប្រធាន​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា លោក កែន សេរីរដ្ឋា ធ្លាប់បាន​ឱ្យដឹងថា ពិភពលោក​បាន​បាត់បង់​តំបន់ដីសើម​អស់​ ១ ​ភាគ​ ៣ នៃ​តំបន់ដីសើម​ទាំងអស់​តាំងពី​ឆ្នាំ​ ១៩៧០​មក​ម្ល៉េះ ដែល​ធ្វើឱ្យ​មនុស្ស​ជាង​ ១​ ពាន់​លាន​នាក់​នឹង​ជួប​បញ្ហា​ខ្វះ​ទឹក និង​ចំណីអាហារ​។

លោក​បន្តថា តាមរយៈ​ការចូលរួម​អភិរក្ស​សត្វ​ស្លាប​កន្លងមក គឺ​ទទួលបាន​ជោគជ័យ ដោយ​សង្កេតឃើញថា សត្វ​ស្លាប​បាន​កើន​ចំនួន​ជា​បន្តបន្ទាប់​។ ទន្ទឹមនេះដែរ លោក​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ទីជម្រក​សត្វ​ស្លាប ដោយសារតែ​ការរីកចម្រើន​ក្នុង​តំបន់​ខ្លះ​ធ្វើឱ្យ​ពលរដ្ឋ​កាប់​ឆ្ការព្រៃ ការសង់​លំនៅឋាន និង​ការធ្វើ​ដំណាំ​កសិកម្ម​ដែល​ប្រើ​សារជាតិ​គីមី​ជាដើម​។

ក្រសួង​បរិស្ថាន​ឱ្យដឹងថា គិត​មក​ត្រឹម​បច្ចុប្បន្ន​តំបន់​រ៉ាមសារ ​(​តំបន់ដីសើម​) ​ក្នុងប្រទេស​កម្ពុជា​មាន​ចំនួន​ ៥​ កន្លែង​គឺ តំបន់​រ៉ាមសារ​កោះ​កាពិ តំបន់​រ៉ាមសារ​ព្រែកទាល់ តំបន់​រ៉ាមសារ​ស្ទឹងសែន តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មារ និង​តំបន់​រ៉ាមសា​ស្ទឹងត្រែង​។

ក្នុងនោះដែរ ក្រសួង​ក៏មាន​តំបន់​ការពារ​ធម្មជាតិ​ដែលជា​តំបន់​ដីសើម​មាន​សារៈសំខាន់​សម្រាប់​បរិស្ថាន និង​សង្គម ដូចជា​តំបន់​ការពារ​ទេសភាព​អន្លង់ព្រីង តំបន់​ការពារ​ទេសភាព​​បឹង​ព្រែកល្ពៅ តំបន់​ការពារ​ទេសភាព​ទំនាប​ខាងជើង​ទន្លេសាប តំបន់​ការពារ​ទេសភាព​អាង​ត្រពាំងថ្ម តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ទួល​ព័ន្ធ​តាឡី​បឹងស្នេហ៍ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ដង​ពែង តំបន់​ការពារ​ទេសភាព​បឹង​ការដេរ តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​បឹង​ទន្លេសាប ក៏ដូចជា​ឧទ្យាន​ជាតិ​សមុទ្រ​កោះរ៉ុង​។

គួរ​បញ្ជាក់ថា ទិវា​តំបន់​ដីសើម​ពិភពលោក​ត្រូវបាន​គេ​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ​ដើម្បី​អបអរ​ការអនុម័ត​អនុសញ្ញា​ស្តីពី​តំបន់ដីសើម (​អនុសញ្ញា​រ៉ាមសារ​) នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ១៩៧១​។ សម្រាប់​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​មួយ​ក្នុងចំណោម​ប្រទេស​ ១៧១ ​លើ​ពិភពលោក ដែលមាន​កាតព្វកិច្ច​គ្រប់គ្រង អភិរក្ស និង​ការពារ​តំបន់ដីសើម​ដែលមាន​សារៈសំខាន់​ជា​អន្តរជាតិ​៕