The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​ក្នុង​ខេត្ត ​៣

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​ក្នុង​ខេត្ត ​៣

Content image - Phnom Penh Post
តំបន់​ការពារ​ធម្មជាតិ​ក្នុង​គម្រោង​អេកូទេសចរណ៍​។ រូបថត ក្រសួង​បរិស្ថាន

ក្រសួង​បរិស្ថាន​កំពុង​រៀបចំ​តំបន់​អេកូ​ទេសចរណ៍​ក្នុង​ខេត្ត ​៣

ភ្នំពេញៈ ក្រសួងបរិស្ថាន​ក្រោម​ក្របខ័ណ្ឌ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​កំពុង​ធ្វើការ​សិក្សា និង​រៀបចំ​ចក្ខុវិស័យ​គោលដៅ​ទេសចរណ៍ និង​ផែនការ​វិនិយោគ​ទេសចរណ៍ សម្រាប់​តំបន់​ទេសភាព​ជួរ​ភ្នំ​ក្រវាញ​កម្ពុជា ដោយ​ផ្តោតលើ​កាលានុវត្តភាព​នៃ​ការរៀបចំ​ជា​តំបន់​អេកូ​ទេសចរណ៍​នៅក្នុង​តំបន់​ការពារ សម្រាប់​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។

បើតាម​ក្រសួងបរិស្ថាន​ដែល​ក្នុងនោះ​រួមមាន ទី​ ១ តំបន់​ឧទ្យាន​ជាតិ​ព្រះជ័យវរ្ម័ន​នរោត្តម​ «​ភ្នំ​គូលែន​» ២ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​កណ្តាល និង ៣ តំបន់​ដែនជម្រកសត្វព្រៃ​តាតៃ និង​ពាម​ក្រសោប​។

លោក ឃិន ម៉េងឃាង ប្រធាន​គ្រប់គ្រង​គម្រោង «​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុ​ជា​» និង​ជា​ប្រធាន​នាយកដ្ឋាន​ទេសចរណ៍​ធម្មជាតិ​នៃ​ក្រសួងបរិស្ថាន​ថ្លែងថា គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​នៃ​ក្រសួង​បរិស្ថាន​បានរៀបចំ​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី «​ការរៀបចំ​ចក្ខុវិស័យ​គោលដៅ​ទេសចរណ៍ និង​ផែនការ​វិនិយោគ​ទេសចរណ៍​សម្រាប់​គោលដៅ​អេកូទេសចរណ៍​នៅ​តំបន់​ទេសភាព​ជួរ​ភ្នំក្រវាញ និង​បឹង​ទន្លេសាប​កម្ពុជា​»​។

សិក្ខាសាលា​នេះ​មានការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ជាច្រើន​ភាគី​មាន​ទាំង​តំណាង​សហគមន៍ អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​រដ្ឋបាល​ខេត្ត តំណាង​មកពី​មន្ទីរ​បរិស្ថាន មន្ទីរទេចរណ៍ មន្ទីរ​អភិវឌ្ឍន៍ជនបទ មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ មន្ទីរ​វប្បធម៌​ និង​វិចិត្រសិល្បៈ និង​មន្ទីរ​ផែនការ​ជាដើម​។

លោក​បានឱ្យដឹងថា សិក្ខា​សាលា​ពិគ្រោះ​យោបល់ គឺ​បាន​រៀបចំឡើង​ពីថ្ងៃ​ទី​ ៣០ ខែមករា ដល់​ថ្ងៃទី​ ៤ ខែកុម្ភៈ ឆ្នាំ ២០២២ ក្នុង​ខេត្ត​ចំនួន​ ៣ គឺមាន​ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ និង​ខេត្តកោះកុង​។

លោក​ថ្លែងថា គោលបំណង​ជា​ចម្បង​នៃ​ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​នេះ គឺ ដើម្បី​ស្វែងយល់​ពី​ភាគី​ពាក់ព័ន្ធ​នានា​នូវ​គោលបំណង​ជា​យុទ្ធសាស្ត្រ​ក្នុងការ​គ្រប់គ្រង​តំបន់​អេកូទេសចរណ៍​ថ្នាក់​តំបន់ និង​ផែនការ​វិនិយោគ​ទេសចរណ៍​សម្រាប់​គោលដៅ​អេកូ​ទេសចរណ៍​។ ចូលរួម​រៀបចំ​នូវ​សេចក្តីព្រាង​ចក្ខុវិស័យ​រួម​ស្រាប់​គោលដៅ​អេកូ​ទេសចរណ៍ និង​ដើម្បី​ទទួលបាន​នូវ​ព័ត៌មាន​ត្រឡប់​ដែលជា​អនុសាសន៍​នានា​សម្រាប់​ការវិនិយោគ​គោលដៅ​អេកូ​ទេសចរណ៍​ដោយ​ផ្សារ​ភ្ជាប់​នូវ​ការធានា​ឱ្យមាន​ការឆ្លើយ​តប​ទៅនឹង​បញ្ហា​នានា ព្រមទាំង​កំណត់​នូវ​អាទិភាព​នៃ​អនុសាសន៍​បទ​អន្តរាគមន៍​ដែល​បានបញ្ជាក់​ក្នុងការ​សិក្សា​វិភាគ​ស្ថានភាព​។

ប្រជាសហគមន៍​តំបន់​ការពារ និង​អេកូ​ធម្មជាតិ ចំបក់ ជា​រមណីយដ្ឋាន​ធម្មជាតិ​ទាក់ទាញ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ ក្រៅពី​របរ​ជា​បង្គោល​ធ្វើ​ចម្ការ​រក​អនុផល​ព្រៃឈើ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មួយចំនួន​បាន​ងាក​មក​បម្រើ​លើ​សេវា​ទេសចរណ៍​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​របស់​ពួកគេ ដែល​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​។

បើតាម​ក្រសួងបរិស្ថាន រមណីយដ្ឋាន​ចំបក់​ស្ថិតក្នុង​ទឹកដី ភូមិ​ចំបក់ ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាប់​ព្រំដែន​ឧទ្យាន​ជាតិ​គិរីរម្យ​។

លោក ទូច ម៉ក់ ប្រធាន​សហគមន៍​តំបន់​ការពារ​ និង​អេកូ​ទេសចរណ៍ ឃុំ​ចំបក់ ស្រុក ភ្នំ​ស្រួច​ខេត្តកំពង់ស្ពឺ​បានឱ្យដឹងថា សហគមន៍​នេះ​បាន​បង្កើតឡើង​នៅ​ថ្ងៃទី​ ៩ ខែមករា ឆ្នាំ​ ២០០៣​។ អ្វី​ដែលជា​ភាព​ទាក់ទាញ​ខ្លាំង​នៅ​សហគមន៍​ទេសចរណ៍​នេះ គឺ​ទឹកធ្លាក់​ទេសភាព​ព្រៃភ្នំ​ជាដើម​។

លោក​ថា​៖ «​ទឹកធ្លាក់​មាន​ច្រើន​កន្លែង​រាប់​ពី​ទី​ ១ ​រហូត​ដល់ទី​ ៧ កន្លែង និង​ក្រៅពីនេះ តំបន់​នេះ​ក៏​ជា​តំបន់​ទេសភាព​កន្លែង​ខ្លះ ដូចជា​ថ្ម​អំពិល ល្អាង​ប្រចៀវ សុទ្ធតែ​ទេសភាព​ស្អាត​គ្មាន​គូ​ប្រៀប​»​។

លោក​ ទូច ម៉ក់ ថា នៅក្នុង​ផ្ទៃដី​របស់​សហគមន៍​គ្រប់គ្រង​រាល់ថ្ងៃ​គឺមាន ៣ ៤៥១ ​ហិកតា ហើយ​នៅ​ក្នុងនេះ មាន ៦៣៧ គ្រួសារ​ចងក្រង​ជា​សមាជិក​នៅក្នុង​សហគមន៍​។ នៅក្នុង​សេវាកម្ម​ដែលជា​ផលិតផល​ទេសចរណ៍​សហគមន៍​មានដូចជា​ផ្ទះសំណាក់​តាម​សហគមន៍​មាន​ផ្នែក​របាំ មាន​ផ្នែក​ដឹក​ភ្ញៀវ​ទាំង​គោយន្ត រទេះគោ​ និង​ម៉ូតូ​ជាដើម ហើយ​អ្វីដែល​សំខាន់​សហគមន៍​បាន​ទាញយក​ពី​ភ្ញៀវ​ដែល​មកដល់​សហគមន៍​ដោយបាន​រៀបចំ​ជា​កញ្ចប់​សេវា​ទេសចរណ៍​តែម្ដង​។

លោក​ថ្លែងថា​៖ «​ដើម្បីឱ្យ​ប្រជាសហគមន៍​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​យើង​បាន​បង្រៀន ការដុត​ក្រឡាន ពីព្រោះថា​ងាយ​រក​ចំណូល បង្រៀន​ចាក់​កងដៃ​ពី​របស់​ធម្មជាតិ​ ឬ​បង្រៀន​ពី​ការកែច្នៃ​របស់​ផ្សេងៗ​ទៀត​ដែល​អាច​រក​ចំណូល​ពី​ការលក់​ជូន​ដល់​ភ្ញៀវទេសចរ​»​។

លោក ម៉េងឃាង ថ្លែងថា កម្ពុជា​មាន​តំបន់​ការពារ​ធម្មជាតិ​ច្រើន ហើយ​ផ្ទៃដី​ក៏ធំ វិសាលភាព​ក៏​ធំ គ្រប់​ទីកន្លែង ដូច្នេះ​ភាគី​ពាក់ព័ន្ធ​ធ្វើ​យ៉ាងម៉េច​ជំរុញ​ការអភិវឌ្ឍ​ផែនការ​យុទ្ធសាស្ដ្រ​នៅក្នុង​ការស្ដារ​ទេសចរណ៍​ឡើងវិញ​ក៏ដូចជា​ការអភិរក្ស​តំបន់​ធនធាន​ធម្មជាតិ​របស់​កម្ពុជា​។ សហគមន៍​ចំបក់​នេះ បាន​បង្កើតឡើង​ និង​ទទួលស្គាល់​តាំងពី​ឆ្នាំ​ ២០០៣​។ រាជរដ្ឋាភិបាល​កំពុងតែ​អនុវត្ត «​គម្រោង​និរន្តរភាព​តំបន់​ទេសភាព និង​ទេសចរណ៍​ធម្មជាតិ​កម្ពុជា​» ក្នុង​រយៈពេល ៦ ​ឆ្នាំ (២០២០-២០២៥)​ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការគ្រប់គ្រង​តំបន់​ការពារ និង​ខ្សែចង្វាក់​តម្លៃ​អនុផល​ព្រៃឈើ​នៅក្នុង​តំបន់​ទេសភាព​ភ្នំក្រវាញ និង​ទន្លេសាប ទំហំ​ជាង ៣,៨ លាន​ហិកតា​។ ក្រសួងបរិស្ថាន និង​ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​ទទួល​កញ្ចប់​ថវិកា​ចំនួន ៥៧,៥៨ លាន​ដុល្លារ​ក្នុង​ការអនុវត្ត​គម្រោង​នេះ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍