សៀមរាបៈ ​ក្រុមការងារ​ជំនាញ​​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ចប់​ការធ្វើ​កំណាយ​សិក្សា​គ្រឹះ​ប្រាសាទព្រហ្មកិល​ដែល​ទ្រុឌទ្រោម ហើយ​កំពុង​ត្រៀម​ជួសជុល​ឡើងវិញ​ក្នុងពេល​ឆាប់ៗ​នេះ​ដើម្បីឱ្យ​គ្រឹះ​ប្រាសាទ​រឹងមាំ និង​លើក​តម្លៃ​ប្រាសាទ​ផងដែរ​។

បុរាណ​វិទូ​នៃ​អាជ្ញាធរ​ជាតិអប្សរា លោក ភឹង តារា បានឱ្យ​ដឹងថា ការធ្វើ​កំណាយ​ស្រាវជ្រាវ​នេះ​ដើម្បី​សិក្សា​ពី​គ្រឹះ​រចនាសម្ព័ន្ធ​ប្រាសាទព្រហ្មកិល​ទាំងមូល​មុននឹង​ឈានដល់​ការជួសជុល​ឡើងវិញ​។ លោក​បន្តថា កិច្ចការ​នេះ ក្រុមការងារ​បានធ្វើ​កំណាយ​ចំនួន​ ៣ ​រណ្តៅ​ផ្សេងគ្នា ដោយ​រណ្តៅ​ទី​ ១ កំណាយ​សិក្សា​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ខ្លោងទ្វារ​ទី​ ១ ចូល​ប្រាសាទ ទាក់ទង​នឹង​ស្រះ​ទឹក​ស្ថិតនៅ​ទិសឦសាន​។ កំណាយ​រណ្តៅ​ទី​ ២ សិក្សា​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​បណ្ណាល័យ​ទាក់ទង​ជាមួយនឹង​កំពែង​ទី​ ១ ​របស់​ប្រាសាទ និង​រណ្តៅ​ទី​ ៣ កំណាយ​ស្រាវជ្រាវ​គ្រឹះ​តួប៉ម​ប្រាសាទ​។

បុរាណ​វិទូ​រូបនេះ​បន្តថា​៖ «​កំណាយ​ស្រាវជ្រាវ​គ្រឹះប្រាសាទ​ព្រហ្មកិល​នេះ​បង្ហាញថា​​គ្រឹះ​ខ្លោងទ្វារ​ទី​ ១ ហើយ​និង​គ្រឹះ​កំពែង​ទី​ ១ រួម​នឹង​គ្រឹះ​អគារ​បណ្ណាល័យ​ផង​គឺ​នៅ​ល្អ ចំណែក​គ្រឹះ​តួប៉ម​ប្រាសាទ​ហាក់ដូចជា​ស្រុត​ (​ខ្សោយ​) ហេតុដូចនេះ​​ហើយ​ទើប​ធ្វើឱ្យ​ផ្នែក​តួ​ប៉ម​នៅ​ទិសនិរតី​រលំ​»​។

លោក ភឹង តារា បានឱ្យដឹងថា ប្រាសាទព្រហ្មកិល​ជា​ហោ​សម្រាប់​​មនុស្ស​បន់ស្រន់​ក្នុង​មន្ទីរពេទ្យ​មួយ​ក្នុងចំណោម​មន្ទីរពេទ្យ​​ទាំង​ ៤​ ជុំវិញ​ក្រុង​អង្គរធំ​ក្នុង​រាជ្យ​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ នា​ចុងសតវត្សរ៍​ទី​ ១២​នៃ​គ្រិស្ដសករាជ​។

លោក គឹម សុធិន អគ្គនាយករង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​បញ្ចប់​ការធ្វើ​កំណាយ​រួចហើយ ក្រុមការងារ​ជំនាញ​កំពុង​សិក្សា​បន្ថែមទៀត​ដើម្បី​ពង្រឹង​គ្រឹះ និង​ជួសជុល​ឡើងវិញ​។

ពាក់ព័ន្ធ​ការធ្វើ​កំណាយ​នៅតាម​ប្រាសាទ​នានា​នៅ​តំបន់​អង្គរ លោក សុធិន បាន​ពន្យល់ថា គឺ​ដើម្បី​សិក្សា​ស្វែងយល់​ពី​ការសាងសង់ និង​ការប្រើប្រាស់​របស់របរ​នា​សម័យមុន​។

លោក​បាន​បញ្ជាក់ថា​៖ «​មុននឹង​ធ្វើ​កិច្ចការ​ជួសជុល​នៅតាម​ប្រាសាទ​គឺត្រូវធ្វើ​កំណាយ​សិន ដើម្បីឱ្យ​យល់​ពី​រចនាសម្ព័ន្ធ​​ថា តើ​ប្រាសាទ​នោះ​មាន​ការ​សាងសង់​បែបណា​ហើយ​តើ​​ការប្រើប្រាស់​សម័យនេះ​យក​អី​ទៅ​ជួសជុល​»​។ «​ពេលធ្វើ​កំណាយ​ទៅរក​ឃើញ​អី​ខ្លះ​របស់​មនុស្ស​សម័យមុន​ប្រើប្រាស់​តាំងពី​ការកសាង​រហូតដល់​ឥឡូវនេះ សំខាន់​មុននឹង​ជួសជុល​យើង​ធ្វើ​កំណាយ​សិន ហើយ​យើង​ត្រូវ​ឆ្លង​យោបល់​ពី​អ្នកជំនាញការ​ជាតិ និង​អន្តរជាតិ ថាឱ្យ​ជួសជុល​ត្រឹមណា​»​។

សូមជម្រាបថា ក្រុមការងារ​ជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​​បានធ្វើ​កំណាយ​ស្រាវជ្រាវ​នៅ​ប្រាសាទព្រហ្មកិល តាំងពី​ខែ​​តុលា​ឆ្នាំមុន ហើយ​បានបញ្ចប់​នៅ​ដើមខែ​កុម្ភៈ​ឆ្នាំនេះ​៕