កំពង់ស្ពឺៈ អ្នកបើកបរ​រថយន្ត​កុងតឺន័រ និង​រថយន្ត​ដឹកទំនិញ​ធុន​ធំ​ចំនួន​ ៥​ នាក់​ដែល​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​សមត្ថកិច្ច​ណែនាំ​អប់រំ​រួច​ឱ្យទៅ​ផ្ទះ​វិញ បន្ទាប់ពី​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃទី​ ១ ខែកុម្ភៈ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៤១ ក្នុង​ភូមិសាស្ត្រ ស្រុក​គងពិសី និង​ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ​។

លោក​ឧត្តមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល ខេត្ត​កំពង់ស្ពឺ​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹង​នៅ​ថ្ងៃទី​ ២ ​កុម្ភៈ​ថា បុរស​ពេញវ័យ​ជា​អ្នកបើកបរ​រថយន្ត​ដឹកទំនិញ ដែល​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ៥ ​នាក់​ត្រូវបាន​លោក​ឃាត់ខ្លួន​រយៈពេល​ខ្លី និង​ប្រាប់​ឱ្យ​សាច់ញាតិ​ពួកគេ​យកទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​។ ការឃាត់ខ្លួន​នេះ បន្ទាប់ពី​លោក​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​ចុះ​ដាក់​គោលដៅ​ត្រួតពិនិត្យ​នៅតាម​បណ្ដោយ ផ្លូវជាតិ​លេខ​ ៤១ ស្ថិតក្នុង​ស្រុក​គងពិសី និង​ស្រុក​បសេដ្ឋ ខេត្ត​កំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​ ១ ​កុម្ភៈ​។

លោក​បន្តថា បុរស​អ្នកបើក​រថយន្ត​ទាំង​ ៥ ​នាក់​នោះ​សុទ្ធតែ​ស៊ីឈ្នួល​បើករថយន្ត​ដឹកទំនិញ​ឱ្យ​ក្រុមហ៊ុន ហើយ​បើ​មាន​លិខិត​ឆ្លងដែន ឬ​បណ្ណ​បើកបរ គឺ​លោក​ដកហូត​ទុកជា​បណ្តោះអាសន្ន​សិន​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត និង​ឈប់​ឱ្យ​បើកបរ​រថយន្ត​បន្តទៅទៀត​។ បន្ទាប់មក​តម្រូវឱ្យ​ម្ចាស់​ក្រុមហ៊ុន​នោះ​រក​អ្នកបើកបរ​រថយន្ត​ផ្សេង ដែលមាន​បណ្ណ​បើកបរ​ត្រឹមត្រូវ និង​មិន​ប្រើប្រាស់​គ្រឿងញៀន​មក​បើកបរ​ជំនួស ហើយ​អនុញ្ញាតឱ្យ​ម្ចាស់​ក្រុមហ៊ុន​នោះ​យក​រថយន្ត​របស់គាត់​ទៅវិញ​បាន​។

លោក​ថ្លែងថា​៖ «​សម្រាប់​មនុស្ស​ដែលមាន​ផ្ទុក​សារធាតុញៀន​នេះ គឺ​សុំឱ្យ​ឪពុកម្តាយ ឬ​ក្រុមគ្រួសារ​អាណាព្យាបាល​មក​ទទួល និង​ធ្វើ​កិច្ចសន្យា​ជា​លាយលក្ខណ៍អក្សរ​យក​ទៅ​បន្សាប​នៅ​មណ្ឌល​។ តែ​ក្នុងករណី​មាន​លើក​ទី​ ២ ហើយ​នៅតែ​ក្រុមហ៊ុន​ឱ្យ​បើកបរ​រថយន្ត​ទៀត បើ​យើង​ចាប់បាន​ជា​លើក​ទី ​២ គឺ​យើង​នឹង​កសាង​សំណុំរឿង​ទៅ​តុលាការ ដោយ​ចាត់ទុកថា​ការប្រើប្រាស់​គ្រឿងញៀន​មិន​រាងចាល​»​។

បើតាម​លោក​ស្នងការ សម សាមួន ចំពោះ​អ្នកប្រើប្រាស់​គ្រឿងញៀន ហើយ​បើកបរ​រថយន្ត គឺអាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នករួមដំណើរ​នៅលើ​ដងផ្លូវ​បាន​គ្រប់ពេល ព្រោះថា សូម្បីតែ​អ្នក​ស្រវឹងស្រា​នៅតែ​បើក​បុក​គេ ចុះ​ទម្រាំ​អ្នកប្រើប្រាស់​គ្រឿងញៀន គឺ​វារឹតតែ​ខ្លាំង​ជាង​អ្នក​ស្រវឹងស្រា​ទៅទៀត​។

លោក​បាន​បញ្ជាក់ថា​៖ «​អា​ថ្នាំញៀន​នេះ វា​ខ្លាំង​ជាង​ស្រា​ទៅទៀត​។ វា​ធ្វើឱ្យ​បាត់បង់​ស្មារតី បាត់បង់​សតិ​ហើយ​ទៅ​បើកបរ ចុះ​ថ្ងៃ​ណា​វា​ធ្វើទុក្ខ​ទៅ វា​កាច់ចង្កូត​ខុសផ្លូវ​ទៅ វា​មិន​គ្រោះថ្នាក់​ដល់​គេ​ទៅហើយ​ទេ​ឬ​? អាហ្នឹង​វា​ខ្លាំង​ជាង​ស្រា​ទៅទៀត​សរសៃប្រសាទ​វា​ខូច​ប៉ុនណា​ទៅ​!»​។​

លោក​បញ្ជាក់ថា កាលពី​ឆ្នាំកន្លងមក លោក​បាន​អនុវត្ត​ការត្រួតពិនិត្យ​លើ​អ្នកបើកបរ​រថយន្ត​ដែល​ប្រើប្រាស់​គ្រឿងញៀន​ដែរ តែ​គ្រាន់តែ​ធ្វើការ​អប់រំ​ទេ​។ ក៏ប៉ុន្តែ​ ២-៣ ​ថ្ងៃ​ក្រោយមក ស្រាប់តែ​លោក​ឃើញ​បុគ្គល​នោះ​បើករថយន្ត​ដដែល​។ ប៉ុន្តែ​នៅពេលនេះ​ប្រសិនបើ​មាន​អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​គ្រឿងញៀន​ហើយ​ទទួល​បាន​ការអប់រំ​ពី​សមត្ថកិច្ច​របស់លោក និង​មិន​ព្រម​អនុវត្ត​តាម​ការណែនាំ​របស់​សមត្ថកិច្ច​ទេ គឺ​នឹងត្រូវ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តែម្តង​។

ជាមួយ​គ្នានេះ លោក​ ចាន់ សុធី នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាត់ដំបង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ ថា ចំពោះ​អ្នកបើកបរ​រថយន្ត​ប្រើប្រាស់​គ្រឿងញៀន​នេះ គឺ​កាលពី​ឆ្នាំ​ ២០២០ សមត្ថកិច្ច​របស់លោក​ធ្លាប់​ឃាត់ខ្លួន​បាន​ ៧-៨​ នាក់ ហើយ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​។ ប៉ុន្តែ​ឆ្នាំ​បន្តបន្ទាប់​មកនេះ លោក​មិនទាន់​ឃាត់ខ្លួន​បុគ្គល​ណា​ទេ​។

លោក​ សុធី បាន​បញ្ជាក់ថា​៖ «​អ្នកបើកបរ​រថយន្ត​ហើយ​ប្រើប្រាស់​គ្រឿងញៀន គឺមាន​ហានិភ័យ​ខ្ពស់​ណាស់​។ ពេល​គាត់​ប្រើប្រាស់​គ្រឿងញៀន​អ៊ីចឹង​ទៅ វា​ធ្វើឱ្យ​សតិ​បុគ្គល​នោះ​មិន​គ្រប់​ទេ​។ ធម្មតា​ទេ​អ្នក​ប្រើ​គ្រឿងញៀន​មិនមាន​សរសៃ​ប្រសាទ​ល្អ​ដូច​អ្នក​មិន​ជក់​គ្រឿងញៀន​ទេ បើ​រេ​ចង្កូត​តែ​បន្តិច​ទៅនឹង​បុក​គេ​ហើយ​»៕