ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍សែនជ័យ​កំពុង​ស្រាវជ្រាវ​រក​ចាប់​ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​កម្មករ​ធ្វើការ​រោងចក្រ​ចំនួន ​៦ ​គ្រឿង​កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​ ៣១ មករា នៅក្នុង​បរិវេណ​ដីឡូត៍​ផ្ទះជួល​ ១ ​កន្លែង​​ក្នុងភូមិ​ដំណាក់​ត្រយឹង សង្កាត់​ចោមចៅ​ទី ​២ ។

លោក ជា សុវណ្ណ អធិការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌ​ពោធិ៍សែនជ័យ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ កុម្ភៈ​ថា ពាក់ព័ន្ធ​បទល្មើស​ចោរលួច​ម៉ូតូ​នេះ​ត្រូវបាន​លោក វរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​កំពុង​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាត់ការ​លើ​រឿងនេះ​ហើយ​។ ការងារ​នេះ​ក៏មាន​ការសហការ​ស្រាវជ្រាវ​ពី​កម្លាំង​ភូមិ​ដំណាក់​ត្រយឹង និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​ចោមចៅ​ទី​ ២ ​ដែរ​។

លោក​ថ្លែងថា​៖ «​ករណីនេះ​កម្លាំង​ជំនាញ​របស់ខ្ញុំ​កំពុង​មមាញឹក​ស្រាវជ្រាវ​ទៅលើ​ទីតាំង​កើតហេតុ និង​ប្រមូល​ព័ត៌មាន​ដោយ​ធ្វើការ​សាកសួរ​សាក្សី​នៅ​ជុំវិញ​ទីតាំង​កើតហេតុ​ ដើម្បី​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​»​។

លោក សាន ប៉ែត នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទី​ ២ និយាយ​យ៉ាងខ្លី​នៅ​ថ្ងៃទី​ ២ កុម្ភៈ​ថា ករណី​បាត់​ម៉ូតូ​នេះ សមត្ថកិច្ច​របស់លោក​នៅ​មិនទាន់​ចាប់​ជនសង្ស័យ​បាន​នៅឡើយ​ទេ​។

បើតាម​លោក ​វ៉ា សារ៉ង ចៅសង្កាត់​ចោមចៅ​ទី​ ២ ឱ្យដឹង​នៅ​ថ្ងៃទី​ ២ កុម្ភៈ តាម​សម្តី​សាក្សី​នៅ​កន្លែងកើតហេតុ​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​ ៤​ ទៀបភ្លឺ​ថ្ងៃទី​ ៣១ មករា ឆ្នាំ ២០២២ មាន​ករណី​ចោរលួច​ម៉ូតូ​អស់​ ៦​ គ្រឿង​នៅក្នុង​បរិវេណ​ដីឡូត៍​ផ្ទះជួល​ ១ ​កន្លែង​ក្នុងភូមិ​ដំណាក់​ត្រយឹង​។

នៅក្នុង​បរិវេណ​ដីឡូត៍​ផ្ទះជួល​នោះ ម្ចាស់​ផ្ទះជួល​គេ​ធ្វើ​របង​ចាក់សោ​ដែលមាន​ច្រក​ផ្លូវចេញចូល​តែ​ ១ ​ច្រក​ទេ​។ នៅ​យប់​ថ្ងៃកើតហេតុ​នោះ ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ទាំង​ ៦ ​នាក់​ជា​អ្នកធ្វើការ​រោងចក្រ​កាត់ដេរ​វេន​យប់​ហើយ​ពួកគេ​ត្រូវ​ចេញពី​ធ្វើការ​នៅវេលា​ទៀបភ្លឺ​។

លោក​បាន​ឱ្យដឹងទៀតថា នៅពេល​ត្រឡប់​មកពី​ធ្វើការ​វិញ​ពួកគេ​បាន​ចត​ម៉ូតូ​ទុក​នៅតាម​មុខ​បន្ទប់​ជួល​រៀងៗ​ខ្លួន ហើយ​ក៏បាន​ចូលដេក​។ លុះដល់​ព្រឹក​ឡើង​ទើប​កម្មករ​ទាំងនោះ​នាំគ្នា​ភ្ញាក់ផ្អើល​ពី​ការបាត់​ម៉ូតូ​។

លោក​បន្តថា បើតាម​ការស្រាវជ្រាវ​ពី​មេភូមិ​ដំណាក់​ត្រយឹង និង​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​បាន​សាកសួរ​សាក្សី​បានឱ្យដឹងថា ម៉ូតូ​ទាំង​ ៦ ​គ្រឿង​នោះ​សុទ្ធតែ​ចាក់សោ ក ទាំងអស់​។ នៅវេលា​ទៀបភ្លឺ​ថ្ងៃកើតហេតុ​នោះ ជនល្មើស​បាន​កាត់​សោ​ទ្វាររបង​ដីឡូត៍​ផ្ទះជួល ហើយ​បាន​ចូលទៅ​ចង​ទ្វារ​បន្ទប់​ជួល​ពី​ខាងក្រៅ​ទាំងអស់​មុន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​។

នៅវេលា​ទៀបភ្លឺ​ថ្ងៃ​ដដែល​នោះ​សាក្សី​ដែល​រស់នៅ​ក្បែរ​កន្លែងកើតហេតុ បានឃើញ​ម៉ូតូ​ទាំង ​៦ ​គ្រឿង​នៅលើ​រ៉ឺម៉ក​។ ដូច្នេះ​លោក​អាច​សន្និដ្ឋានថា ក្នុង​អំពើ​លួច​នេះ ចោរ​មាន​គ្នាច្រើន​ទើប​អាច​លើក​ម៉ូតូ​ដាក់​លើ​រ៉ឺម៉ក​បាន​។

លោក​ចៅសង្កាត់​បញ្ជាក់ថា​៖ «​តាម​សាក្សី​នៅក្រៅ​បរិវេណ​បន្ទប់​ជួល​ថា គាត់​បានឃើញ​ក្រុមចោរ​បើក​រ៉ឺម៉ក​ចេញទៅ​ដោយ​មាន​ដឹក​ម៉ូតូ​នៅលើ​រ៉ឺម៉ក​នោះ​ផង​។ អ្នក​នៅក្នុង​បន្ទប់​ជួល​ទាំងអស់​ចេញ​មិន​រួច​ទេ ព្រោះ​ក្រុមចោរ​វា​ចង​ទ្វារ​បន្ទប់​ជួល​ពី​ខាងក្រៅ​ទាំងអស់​»៕