
នគរបាលបង្ហាញខ្លួនជនសង្ស័យក្នុងការិយាល័យវាស់កម្ពស់។ រូបថត នគរបាល
កណ្ដាលៈ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកណ្តាល កំពុងរៀបចំសំណុំរឿងដើម្បីបញ្ជូនបុរសសង្ស័យ២នាក់ទៅតុលាការខេត្ត បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១ កុម្ភៈ ពាក់ព័ន្ធព្រួតគ្នារំលោភសេពសន្ថវៈនារីម្នាក់ ខណៈម្នាក់ទៀតកំពុងត្រូវសមត្ថកិច្ចតាមចាប់ខ្លួនប្រព្រឹត្តនៅឃុំកោះខ្សាច់ទន្លា ស្រុក ស្អាង ខេត្ត កណ្តាល កាលពីយប់ថ្ងៃទី១ កុម្ភៈ។
លោក រស់ សាវិន នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ខេត្ត កណ្តាល ឱ្យដឹងនៅថ្ងៃទី៣ កុម្ភៈថា ជនសង្ស័យទី១-ឈ្មោះលាង គឹមឆាយ ភេទ ប្រុស អាយុ ៣៥ឆ្នាំ,ទី២-ឈ្មោះនី វណ្ណៈ ភេទ ប្រុស អាយុ ១៦ឆ្នាំ និងទី៣-ឈ្មោះធី វីន ភេទ ប្រុស អាយុ ១៩ឆ្នាំ។ប៉ុន្តែឈ្មោះ ធី វីន បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។ រីឯនារីរងគ្រោះឈ្មោះ ឈ .ម អាយុ ១៩ឆ្នាំ រស់នៅឃុំកោះខ្សាច់ទន្លា ស្រុក ស្អាង ខេត្ត កណ្តាល។
លោកប្រាប់ថា៖«យើងកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត កណ្តាលប៉ុន្តែយើងបញ្ជូនទៅតុលាការតែ២នាក់ទេ។ បក្ខពួកគេម្នាក់ទៀតសមត្ថកិច្ចយើងកំពុងតាមចាប់ខ្លួន»។
លោកសាវីន រំឭកប្រាប់ថា កាលពីវេលាម៉ោងជាង១០យប់ថ្ងៃទី១ កុម្ភៈ ជនសង្ស័យទាំង៣នាក់ខាងលើបាននាំគ្នាផឹកស៊ីនៅមាត់ទន្លេជិតកំពង់ចម្លងមួយនៅក្នុងឃុំកោះខ្សាច់ទន្លា ក្នុងស្រុក ស្អាងរហូតដល់ស្រវឹងរៀងៗខ្លួន។នៅពេលនោះនារីរងគ្រោះកំពុងឈរតែម្នាក់ឯងដើម្បីរង់ចាំទូកដជិះហើយក្រុមជនសង្ស័យបានដើរទៅក្បែរជនរងគ្រោះនិយាយលួងលោមហើយបក្ខពួករបស់គេបានចាប់នារីរងគ្រោះដាក់លើម៉ូតូបើកយកជនរងគ្រោះទៅព្រៃត្រែងធ្វើសកម្មភាពរំលោភរហូតបានសម្រេច២នាក់។
បើតាមលោកសាវិន បន្ទាប់ពីក្រុមជនសង្ស័យ២នាក់ចាប់រំលោភនារីរងគ្រោះបានសម្រេច និងនៅម្នាក់ទៀតឈ្មោះនី វណ្ណៈ ទើបចាប់ផ្តើមធ្វើសកម្មភាពក៏ត្រូវបងប្អូនរបស់នារីរងគ្រោះបើកម៉ូតូមកទាន់ហើយជនទាំង៣នាក់បានរត់គេចខ្លួនអស់។
លោកបន្តទៀតថា ក្រោយកើតហេតុក្រុមសាច់ញាតិរបស់ជនរងគ្រោះបានដាក់បណ្តឹងនៅប៉ុស្តិ៍នគរបាលឃុំកោះខ្សាច់ទន្លាហើយសមត្ថកិច្ចបានសហការជាមួយកម្លាំងប្រជាការពារភូមិធ្វើការស្រាវជ្រាវរហូតចាប់បានក្រុមជនសង្ស័យ២នាក់បន្ទាប់ពីទទួលពាក្យបណ្តឹងបានប៉ុន្មានម៉ោង៕