ភ្នំពេញៈ មេ​បញ្ជាការ​កងទ័ព​ជើងគោក ​កម្ពុជា-​ថៃ ​ចុះ​ហត្ថលេខា​រួមគ្នា​លើ​លក្ខខណ្ឌ​ស្តីពី​កិច្ច​សហប្រតិ​បត្តិការ ​រវាង​កងទ័ព​ជើង​គោក​នៃ​ប្រទេស​ទាំង២ ​និង​ប្តេជ្ញា​ខិតខំ​រួមចំណែក​ក្នុង​ការកសាង ​និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព​ សន្តិ​ភាព​ ដោយ​ឈរលើ​ស្មារតី​អត់ធ្មត់ ​គោរព​បូរណភាព​ទឹកដី​ទៅ​វិញ​ទៅ​មក។

នាយ​ឧត្តមសេនីយ៍ ​ណារ៉ុងផាន់ ​ជិតកែវធែ ​(Narongpan Jittkaewtae) ​មេបញ្ជាការ​កងទ័ព​ជើងគោក​ភូមិន្ទ​ថៃ​ បាន​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​រយៈពេល​២ថ្ងៃ ​នៅ​កម្ពុជា​ជាលើក​ដំបូង ​ចាប់ពី​ថ្ងៃ​ទី៣-៤ ​ខែកុម្ភៈ​នេះ។ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ​នៅ​ថ្ងៃទី៣ ​ខែកុម្ភៈ ​លោក​ណារ៉ុងផាន់ ​ជិតកែវធែ ​បានដឹក​នាំ​គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​កងទ័ព​ជើង​គោក​ភូមិន្ទ​ថៃ ​ចូលជួប​ពិភាក្សា​ការងារ​ទ្វេ​ភាគី​ជាមួយ ​ឧត្តមសេនីយ៍​ឯក ​ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង ​នៃ​កងយោធពល​ខេមរភូមិន្ទ ​មេបញ្ជាការ​កងទ័ព​ជើងគោក ​នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើង​គោក។

នាយកដ្ឋាន​ព័ត៌មាន​ក្រសួង​ការពារជាតិ ​បានឱ្យដឹង​ថា ​ ជាលទ្ធផល​នៃ​ជំនួប​ពិភាក្សា​ទ្វេភាគី​នេះ ​មេបញ្ជាការ​កង​ទ័ព​ជើងគោក ​កម្ពុជា​-ថៃ ​បានសម្រេច​ចុះហត្ថលេខា​រួមគ្នា​លើ ​“លក្ខខណ្ឌ​ស្តីពី​កិច្ចសហ​ប្រតិបត្តិការ”​ រវាង​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​កងទ័ព​ជើងគោក​ភូមិន្ទ​ថៃ ​ក្នុង​គោលបំណង ​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​ទំនាក់​ទំនង​មិត្តភាព ​និង​កិច្ចសហ​ប្រតិបត្តិការ​ទ្វេភាគី ​ព្រមទាំង​ការជំរុញ​ឱ្យ​មាន​កិច្ចពិភាក្សា​ដោយ​បើកចំហ​លើ​ប្រធាន​បទ​ដែល​ផ្តល់​ផល​ប្រយោជន៍​រួម។

កិច្ចសហការ​នេះ​ជាមូលដ្ឋាន​មួយ​ដ៏សំខាន់​ក្នុង​ការត្រួសត្រាយ​ផ្លូវ​ដើម្បី​ឈានទៅ​លើកកម្ពស់​កិច្ចសហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ ​ក្នុង​ក្របខ័ណ្ឌ​កងទ័ព​ជើងគោក ​នៃ​ប្រទេស​ទាំង២​កម្ពុជា​-ថៃ ​ឱ្យមាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែម​ទៀត។ ព្រឹត្តិការណ៍​នេះ ​អាចចាត់​ទុកថា ​ជាការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត ​នៃ​កិច្ចទំនាក់​ទំនង ​រវាង​កងទ័ព​ជើង​គោក​ទាំង​២ផង​ដែរ។

ភាគី​ទាំង២ ​ក៏បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​យោធា ​កម្ពុជា​-ថៃ​ ដែលបាន​ដំណើរការ​បោះ​ជំហាន​រីកចម្រើន​ទៅមុខ​និង​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជាច្រើន​ទាំង​ក្នុង​ក្របខ័ណ្ឌ ​និង​ក្នុងកម្រិត​កងទ័ព​ជើងគោក​ ជាអាទិ៍ ​ការអប់រំ​បណ្តុះបណ្តាល​ធនធាន​មនុស្ស ​ការអនុវត្ត​លំហាត់​ហ្វឹកហ្វឺន ​ក៏ដូចជា​ការរក្សា​បាន​ទំនាក់​ទំនង​ចំណុះ​កងទ័ព​ជើងគោក​ទាំង២ ​ដែលនៅ​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំដែន ​ក្នុង​ការថែរក្សា​សន្តិភាព​ សន្តិសុខ​ និង​ការទប់ស្កាត់​បង្ក្រាប​បទល្មើស​ឆ្លង​ដែន​នានា។

ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ​លោក ​គិន ភា ​ថ្លែងថា ​ជារឿង​ល្អ ​ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​ រវាង​កងទ័ព​ប្រទេស​២​ដែល​មាន​ព្រំដែន​ជាប់គ្នា ​គឺជា​រឿងមួយ​ដែល​ចាំបាច់ ​ពីព្រោះ​ដើម្បី​រក្សា​សន្តិសុខ ​ភាពស្ងប់សុខ ​រវាង​ប្រទេស​ទាំង២។ កិច្ចសហការ​កងទ័ព​នេះ​ទាមទារ​ឱ្យ​មាន​ភាពស្មោះ​ត្រង់​ចំពោះ​គ្នា ​និង​ការចែក​រំលែក​ព័ត៌មាន ​រវាង​គ្នា ​គឺជា​រឿង​សំខាន់។ ព្រោះ​ជាទូទៅ ​កម្ពុជា​មាន​ចិត្ត​ស្មោះត្រង់​ មិនថា​ជាមួយ​ថៃ​ឬ​ជាមួយ​ប្រទេស​ណា​ទេ។

លោក​ថ្លែងថា​៖«ប៉ុន្តែ​អ្នក​ជិតខាង​យើង​មួយចំនួន​អត់​សូវ​មាន​ភាព​ស្មោះ​ត្រង់។ ជួនកាល​គាត់​ធ្វើ​អី​មួយ​ ដោយ​អត់​មាន​ការជូន​ដំណឹង ​ហើយ​រំលោភ​អធិបតេយ្យភាព​ដូច​ការបញ្ជូន​ទ័ព​ឈុតខ្មៅ ​ដោយ​អត់មាន​ការផ្តល់​ព័ត៌មាន​ អត់មាន​ហេតុផល​សមរម្យ។ ជួនកាល​គាត់​បង្ហោះ​យន្តហោះ ​ឧទ្ធម្ភាគចក្រ​ចូល​ជ្រុល​មក​ព្រំដែន​កម្ពុជា​យើង។ អ៊ីចឹង​ភាព​ស្មោះត្រង់ ​ការគោរព​ធិបតេយ្យ ​បូរណភាព​ទឹកដី​គ្នា​ទៅវិញ​ទៅមក ​គឺជា​រឿង​សំខាន់​ដែល​កងទ័ព​ទាំង២​ត្រូវធ្វើ​ និង​គោរព​គ្នា»។

ទន្ទឹម​គ្នានេះ​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង២​ បានប្តេជ្ញា​ខិតខំ​ចូលរួម​ចំណែក​ក្នុង​ការកសាង ​និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព ​សន្តិភាព ​សហប្រតិបត្តិការ ​និង​ការអភិវឌ្ឍ​ ដោយ​ឈរ​លើ​ស្មារតី​អត់ធ្មត់ ​និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​តាម​យន្តការ​គ្រប់កម្រិត ​ក្នុង​គោលការណ៍​គោរព​ឯករាជ្យ ​អធិបតេយ្យ ​និង​បូរណភាព​ទឹកដី​ទៅ​វិញ​ទៅ​មក។

ភាគី​ទាំង២​បានបញ្ជាក់​ថា ​សន្តិភាព ​សន្តិសុខ ​និង​ស្ថិរភាព​នៅតាម​បណ្តោយ​ព្រំដែន ​គឺ​ពិតជា​បានបង្ក​នូវ​លក្ខណៈ​អំណោយ​ផល​ដល់​ការដោះ​ដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ​ដែលជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់ ​ក្នុង​ការបង្កើត​ឱកាស​ការងារ​ និង​ការលើក​កម្ពស់​ជីវភាព​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង២។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ​លោក​ណារ៉ុងផាន់ ​ជិតកែវធែ ​ក៏បាន​ចូលជួប​សម្ដែង​ការគួរសម​ជាមួយ​លោក​ ទៀ បាញ់​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ​ដើម្បី​ពិភាក្សា​ការងារ​ផងដែរ៕