ភ្នំពេញៈ ក្រសួង​ធនធានទឹក ​និង​ឧតុនិយម ​កំពុង​អភិវឌ្ឍ​ប្រឡាយ​ព្រែក​ពោធិ៍ ​ដែល​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ ​៣០លាន​ដុល្លារ​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​បែប​ទំនើបកម្ម ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រីសន្ធរ ​ដែលនឹង​អាចឱ្យ​កសិករ​ក្នុង​ឃុំ​ចំនួន​៧ ​ទាញ​ទឹកពី​ប្រឡាយ​នេះ​យក​ទៅ​ស្រោច​ស្រព​ដំណាំ​ស្រូវ​ទាំង​ដូវប្រាំង​និង​រដូវវស្សា ​លើ​ផ្ទៃស្រែ​ប្រមាណ​ជិត​១ម៉ឺន​ហិកតា។ នេះ​បើ​តាម​លោក​ អ៊ុម វិបុល ​ប្រធាន​មន្ទីរ​ធនធាទឹក​ខេត្ត​កំពង់​ចាម។

លោក​អ៊ុម វិបុល ​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ​សង្កាត់ ​និង​លើក​ទិសដៅ​បន្ត​របស់​ខេត្ត​កំពង់​ចាម​ នាថ្ងៃ​ទី២ ​មករា ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ ថា ​កន្លង​មក ​ស្រុក​ស្រីសន្ធរ​ ធ្លាប់​មាន​ស្ថានីយ​បូមទឹក​ជាអំណោយ​របស់​លោក​នាយក​រដ្ឋមន្រ្ដី​ហ៊ុន សែន។ មាន​ស្ថានីយ​ទី៣០​-៣១​-៣២ ​និង​៣៣ ​ដែល​បូម​ទឹក​ពី​ទន្លេ​មេគង្គ ​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បណ្ដែត​បូម​ទម្លាក់​ទៅ​ប្រឡាយ​មេ ​និង​បូម​បន្ត​ទៀត​នាំ​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ស្រោច​ស្រព​ដំណាំ​កសិកម្ម។

លោក​ថ្លែង​ថា​៖«ដើម្បី​បង្ក​ភាពងាយ​ស្រួល​ក្នុង​ការនាំ​ទឹក​យកទៅ​ផ្គត់ផ្គង់​ដំណាំ​ស្រូវ​របស់​ពលរដ្ឋ​ទៀត​នោះ ​ក្រសួង​ធនធាន​ទឹក​បានអភិវឌ្ឍ​ប្រព័ន្ធ​ធារាសាស្ត្រ​ព្រែក​ពោធិ៍ ​ដែលជា​ស្ថានីយ​បូមទឹក​ដោយ​ស្វ័យប្រវត្តិ ​អាច​ជួយ​ស្រោច​ស្រព​ដំណាំ​ស្រូវ​នៅ​រដូវ​វស្សា​បាន​ជាង​៨ ៥០០ហិកតា ​និង​នៅ​រដូវប្រាំង​បាន​ជាង​៨៥០០ហិកតា​ដូច​គ្នា»។

បើ​តាម​លោក​វិបុល ​នៅ​ខេត្ត​កំពង់​ចាម ​បច្ចុប្បន្ន ​មាន​ប្រព័ន្ធ​ធារាសាស្រ្ត​ចំនួន ​២៦១​កន្លែង​ ក្នុង​នោះ​មាន​ខ្នាតធំ ​១កន្លែង​ ខ្នាត​មធ្យម ​ចំនួន​៧៤កន្លែង ​និង​ខ្នាត​តូច ​ចំនួន​១៨១កន្លែង ។ ប្រព័ន្ធ​ធារាសាស្រ្ដ​ខ្នាតធំ​សំដៅ​ដល់​ប្រព័ន្ធ​ធារា​សាស្រ្ដ​ដែល​អាច​ស្រោច​ស្រព​ដំណាំ​បាន​ចំនួន​ ៥ពាន់​ហិកតា។ ខ្នាត​មធ្យម​សំដៅ​ដល់​ប្រព័ន្ធ​ធារាសាស្រ្ដ​ដែល​អាច​ស្រោច​ស្រព​ចាប់ពី​ ៥០០ហិកតា​ឡើង​ទៅ ​និង​ខ្នាតតូច​អាច​ស្រោចស្រព​ចាប់​ពី​២០០ ដល់​៥០០ហិកតា។

លោក​បញ្ជាក់ថា​៖«ក្នុង​ខេត្ដ​កំពង់​ចាម ​ពីមុន​មក​មិនដែល​មាន​ប្រព័ន្ធ​ស្រោចស្រព​បែប​ទំនើបកម្ម​នៅ​ឡើយ​ទេ។ ប៉ុន្តែ​ថ្មីៗ​នេះ​ ឯកឧត្ដម​ លឹម គានហោ ​រដ្ឋមន្រ្ដី​ក្រសួង​ធន​ធាន​ទឹក ​និង​ឧតុនិយម ​បាន​ខិតខំ​ស្វែងរក​ថវិកា ​ដើម្បី​អភិវឌ្ឍ​ប្រឡាយ​ព្រែក​ពោធិ៍​ដែល​ជា​ប្រព័ន្ធ​ធារាសាស្ត្រ​បែប​ទំនើបកម្ម ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រីសន្ធរ​នេះ»។

លោក​ខ្លូត ផន ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង់ចាម ​បានឱ្យដឹង​ក្នុង​សន្និសីទ​នេះ​ដែរ​ថា ​ខេត្ត​កំពង់ចាម ​ចែកចេញ​ជា ​ក្រុង១​ ស្រុក៩ ​សង្កាត់​៤ ​និង​១០៥ឃុំ ​ស្មើនឹង ​៩១៦ភូមិ។ ខេត្ដ​នេះ ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ជាង ​១.១លាន​នាក់ ​ស្រី​ជាង​ ៥៧ ម៉ឺន​នាក់ ​ស្មើនឹង​២៨៤ ៣៨៩គ្រួសារ។

លោក​បាន​ឱ្យដឹង​ថា​ សក្តានុពល​ខេត្ត​កំពង់ចាម ​ពឹង​ផ្អែក​លើ​វិស័យ​កសិកម្ម​ជាចម្បង​ចំនួន​ ៦៤,២០% ​ឧស្សាហកម្ម ​និង​សិប្បកម្ម​០,៦៧% ​និង​របរ​សេវាកម្ម ​៣៥,១៣% ​និង ​GDP ​របស់​មនុស្ស​ម្នាក់ៗ​ទទួលបាន ​១,៦៧៩ដុល្លារ​អាមេរិក ​ធ្វើ​ឱ្យ​អត្រា​ភាព​ក្រីក្រ​ថយចុះ​មក​ត្រឹម​១៣,២% ​នៅ​ឆ្នាំ២០២១។

លោក​ថ្លែង​ថា ​កសិករ​នៅ​ខេត្ត​កំពង់ចាម​ដែលធ្វើ​ស្រែប្រាំង ​គឺ​ពឹងផ្អែក​លើ​ប្រព័ន្ធ​ធារាសាស្ត្រ។ ក្នុង​ឆ្នាំនេះ ​ប្រជា​ពលរដ្ឋ​បាន​ធ្វើ​ស្រែប្រាំង​មុន​រដូវ ​ដូច​នេះ ​មិនមាន​បញ្ហា​ខ្វះ​ទឹក​ឡើយ។ មន្ទីរ​កសិកម្ម​ខេត្ត បាន​ណែនាំ​ឱ្យ​ប្រជា​ពល​រដ្ឋ​ធ្វើ​ស្រូវ​ដែល​មាន​រយៈពេល​ខ្លី ​និង​សមស្រប​ទៅនឹង​ប្រព័ន្ធ​ទឹក​ដែល​មាន។ ពលរដ្ឋ​ទទួលបាន​ទិន្នផល​ស្រូវ​ជាមធ្យម​ក្នុង​១ឆ្នាំ​គឺ​ប្រមាណ​៤តោន​ ទៅ​ ៥តោន ​ក្នុង​១គ្រួសារ។

លោក​ខ្លូត ផន ​បញ្ជាក់ថា ​នៅ​ខេត្ត​កំពង់ចាម​ទាំងមូល​មាន​២ឃុំ ​ដែល​មិនទាន់​មាន​ទឹកស្អាត​ប្រើប្រាស់​គ្រប់គ្រាន់ ​គឺ​ឃុំ​ទួល​សំបួរ ​និង​ឃុំ​អូរម្លូ។ ព្រោះ​ជា​ឃុំ​ដែល​នៅ​ដាច់​ស្រយាល​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​មិន​ប្រមូល​ផ្តុំគ្នា ​ពិបាក​ក្នុង​ការវិនិ​យោគ​ត​បណ្ដាញ​ទឹក​ទៅ​ដល់។

លោក​ថ្លែង​ថា៖«បញ្ហា​នេះ ​រដ្ឋបាល​ខេត្ត​បាន​កំពុង​ខិតខំ​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ដែល​មាន​អាជ្ញាប័ណ្ណ​គ្រប់គ្រង​ទឹកស្អាត​ ពង្រីក​បណ្ដាញ​ចែក​ចាយ​ទឹក​ស្អាត​នេះ​ ទៅ​ដល់​ឃុំទាំង​២ខាង​លើ ​ឱ្យ​ស្រប​ទៅ​នឹង​គោល​នយោបា​យ​របស់​រាជ​រដ្ឋា​ភិបាល​ គឺ​នៅ​ឆ្នាំ​២០២៥ ​នឹង​មាន​ប្រព័ន្ធ​ទឹក​ប្រើប្រាស់​១០០%»៕