ភ្នំពេញៈ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​លោក ហ៊ុន ម៉ាណែត​ ​ស្នើឱ្យ​កងទ័ព​បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ “៣​កុំ ៣ ​ការពារ​”​ឱ្យ​​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​ខ្លួន ក្រុម​គ្រួសារ និង​អង្គភាព ជាពិសេស​នៅ​ចំពោះមុខ​ប្រភេទ​មេរោគ​កូវីដ​ ១៩ បំប្លែង​ថ្មី​នានា​ដែល​អាច​កើតមាន​ឡើងជា​បន្តបន្ទាប់​។ នេះ​បើតាម​នាយកដ្ឋាន​ព័ត៌មាន​ក្រសួង​ការពារជាតិ​។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍​បូកសរុប​លទ្ធផល​សកម្មភាព​ការងារ​យោធា​សន្តិសុខ ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​បន្ត​ឆ្នាំ ​២០២២ របស់​កងទ័ពជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​កាលពី​ថ្ងៃទី​ ១ ខែកុម្ភៈ លោក ហ៊ុន ម៉ាណែត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទូទាំង​កងទ័ពជើងគោក​ដែល​ពេញ​​ ១ ​ឆ្នាំ​កន្លងទៅនេះ​បាន​ខិតខំ​ប្រឹងប្រែង​រួមគ្នា​បំពេញ​តួនាទី និង​ភារកិច្ច​ទទួល​បាន​លទ្ធផល​ល្អប្រសើរ​ស្របតាម​ផែនការ​ក៏ដូចជា​ការឆ្លើយតប​បាន​ទាន់ពេលវេលា និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ចំពោះ​ស្ថានភាព​យថាហេតុ​ផ្សេងទៀត​។

លោក​បន្តថា​៖ «​ជាពិសេស​ការចូលរួម​ជាមួយ​នឹង​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ ដែលជា​បញ្ហា​ប្រឈម​ចំពោះមុខ​ដ៏ស្រួចស្រាល់ និង​សូម​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ឱ្យបាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​សម្រេចបាន​សមិទ្ធផល​កាន់តែ​ល្អប្រសើរ​ជូន​ជាតិ ប្រជាជន និង​មាតុភូមិ​យើង​»​។

នាឱកាស​នោះ​លោក​បាន​គូសបញ្ជាក់​ថា ក្រោម​ការដឹកនាំ​របស់​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទើប​កម្ពុជា​អាច​គ្រប់គ្រង​ការទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​ បានល្អ​ប្រសើរ​ដែល​ជោគជ័យ​នេះ បាន​មកពី​ការចូលរួម​ចំណែក​យ៉ាងសកម្ម​របស់​កងយោធពល​ខេមរភូមិន្ទ និយាយ​ជារួម និង​និយាយ​ដោយឡែក​របស់​កងទ័ព​ជើងគោក​ក្នុងនាម​ជា​កម្លាំង​ស្នូល​មួយ​នៅក្នុង​ប្រតិបត្តិការ​អនុវត្ត​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​លើ​ការងារ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក​បន្តថា កិច្ចការ​ទាំងនោះ​មាន​ជាអាទិ៍ ការការពារ​សន្តិសុខ​នៅតាម​មណ្ឌល​ព្យាបាល និង​មណ្ឌល​ចត្តាឡីស័ក ការដឹកជញ្ជូន​ស្បៀង​ចែកជូន​ប្រជាពលរដ្ឋ ការចូលរួម​អនុវត្ត​វិធានការ​បិទខ្ទប់ ការចុះ​បាញ់ថ្នាំ​សម្លាប់​មេរោគ​តាម​ទីកន្លែង​សាធារណៈ ការជួយ​ដឹកជញ្ជូន​ប្រជាពលករ​ត្រឡប់ ការចូលរួម​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ នៅ​ទូទាំង​ប្រទេស​ជាដើម​។

តាមរយៈ​កិច្ចប្រជុំ​នេះ លោក ហ៊ុន ម៉ាណែត បានដាក់​ជា​ទិសដៅ​ការងារ​បន្ត​សម្រាប់​ឆ្នាំ​ ២០២២ ​នេះ ដោយ​ស្នើឱ្យ​បណ្តា​ស្ថាប័ន​កងឯកភាព​ចំណុះ​កងទ័ព​ជើងគោក​ទាំងអស់​បន្ត​យកចិត្ត​ទុកដាក់ និង​ត្រៀមលក្ខណៈ​អនុវត្ត​គ្រប់​ភារកិច្ច​ទាំង​កិច្ចការងារ​ស្នូល និង​ភារកិច្ច​នានា​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួង​ការពារជាតិ និង​អគ្គបញ្ជាការដ្ឋាន​។

ការងារ​ជាអាទិ៍ គឺ​ការចូលរួម​សហការការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជាមួយ​គ្រប់​ស្ថាប័ន​អង្គភាព និង​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ការការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាតិ អន្តរជាតិ​ក្នុង​ដំណើរការ​នៃ​កិច្ចប្រជុំ​នានា​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ឆ្នាំ​ ២០២២ ក៏ដូចជា ដំណើរការ​ឃោសនា និង​ការប្រព្រឹត្តទៅ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី ​៥ នាពេល​ខាងមុខ​។

ការត្រៀម​បម្រុង​កម្លាំង មធ្យោបាយ​ និង​សម្ភារ សម្រាប់​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​គ្រោះមហន្តរាយ​ជាយថាហេតុ​ផ្សេងៗ​ព្រមទាំង​បន្ត​ការយកចិត្ត​ទុកដាក់​គិតគូរ​លើកស្ទួយ​ជីវភាព និង​សម្រួល​ដោះស្រាយ​ការលំបាក​ផ្សេងៗ​​របស់​គ្រួសារ​យោធិន និង​អតីត​យុទ្ធជន​តាមរយៈ​សកម្មភាព​មួយចំនួន​ដូច​ជា​ការ​ផ្តល់នូវ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ចាំបាច់​នានា និង​ការ​ស្វែងរក​ទីផ្សារ​សម្រាប់​ផលិតផល​ដែល​គ្រួសារ​យោធិន និង​អតីត​យុទ្ធជន​ផលិត​បាន ជាដើម​៕