The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ង៉ូវ ឈីវ៖ ផ្ទះបាយ​កុមារ​បង្កើតឡើង​ ដើម្បី​ផ្តល់​អាហារ​ដល់​កុមារ​ក្រីក្រ កុមារ​អនាថា

លោក ង៉ូវ ឈីវ៖ ផ្ទះបាយ​កុមារ​បង្កើតឡើង​ ដើម្បី​ផ្តល់​អាហារ​ដល់​កុមារ​ក្រីក្រ កុមារ​អនាថា

Content image - Phnom Penh Post
លោក​ ង៉ូវ ឈីវ (​សក់ស​) ​កំពុង​ដើរ​ពិនិត្យ​ក្មេង នៅផ្ទះ​បាយ​កុមារ​ ពីថ្ងៃ​ទី ១៩ ​ខែមករា​។ ហ៊ាន រង្សី

លោក ង៉ូវ ឈីវ៖ ផ្ទះបាយ​កុមារ​បង្កើតឡើង​ ដើម្បី​ផ្តល់​អាហារ​ដល់​កុមារ​ក្រីក្រ កុមារ​អនាថា

ផ្ទះបាយ​កុមារ​គឺជា​ទីកន្លែង​មួយ​សម្រាប់​ផ្ដល់​អាហារ​ពេលព្រឹក​ ​និង​អហារ​ថ្ងៃត្រង់​ដោយ​ឥត​គិតថ្លៃ​ដល់​កុមារ​ក្រីក្រ កុមារ​អនាថា កុមារ​រើស​អេតចាយ និង​កុមារ​ដើរ​សុំទាន នៅតាម​ចិញ្ចើមថ្នល់​ជាដើម​ដែល​អង្គការមិន​រកប្រាក់​កម្រៃ​នេះ​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​ ១៥៣ ​និង​ ១៥៥ ផ្លូវ​លេខ​ ១១៣ សង្កាត់​បឹងកេងកង​ ៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។ ក្រៅពី​ការផ្តល់​អាហារ​ហូបចុក​អង្គការ​នេះ ក៏បាន​ជួយ​ជ្រោមជ្រែង​ដល់​កុមារ​ទាំងនោះ​ឱ្យទទួល​បានការ​សិក្សា​ថែម​ទៀតផង​។

លោក ង៉ូវ ឈីវ ក្នុង​វ័យ​ ៧៤ ​ឆ្នាំ​ដែលជា​ស្ថាបនិក​ និង​ជា​ប្រធាន​គ្រប់គ្រង​ផ្ទះបាយ​កុមារ​បានផ្តល់​បទសម្ភាស​ដល់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ពី​មូលហេតុ​នៃ​ការបង្កើត​អង្គការ​នេះ​ឡើង​ និង​គោលដៅ​ទៅ​ថ្ងៃ​អនាគត​សម្រាប់​កុមារ​កម្ពុជា​មាន​ខ្លឹមសារ​ដូចតទៅ ៖

តើ​ផ្ទះបាយ​កុមារ​បង្កើតឡើង​ក្នុង​ឆ្នាំ​ណា​?

ផ្ទះបាយ​កុមារ​បង្កើតឡើង​នៅ​ថ្ងៃទី​ ១ ខែកុម្ភៈ ឆ្នាំ​ ២០១០ ក្នុង​គោលបំណង​ឱ្យ​កុមារ​ក្រីក្រ​បាន​ហូប​គ្រប់គ្រាន់ និង​ទទួលបាន​ការសិក្សា​នៅ​សាលារៀន​ដូច​កុមារ​ក្នុង​គ្រួសារ​ដទៃទៀត​។

ដោយ​យល់ច្បាស់​ពី​ក្តីស្រមៃ​របស់​កុមារ​ក្រីក្រ កុមារ​រើស​អេតចាយ រូបខ្ញុំ និង​មិត្តភក្ដិ​ឈ្មោះ Yves Jacquin ជនជាតិ​បារាំង​បាន​ផ្តួចផ្តើម​ឱ្យមាន​ផ្ទះបាយ​កុមារ​នេះ​។ នៅ​ថ្ងៃមួយ​មិត្តភក្ដិ​ខ្ញុំ​បានមក​លេង​ផ្ទះ ហើយ​ឃើញ​កុមារ​រើស​អេតចាយ​ ២ ​នាក់​បាន​ដើរ​កាយ​សំរាម​នៅមុខ​ផ្ទះ ដែល​គ្រានោះ យើង​បាន​ហៅ​កុមារ​នោះ​មក​ហូបបាយ និង​បាន​សួរនាំ​ពី​ស្ថានភាព​គ្រួសារ និង​ការសិក្សា​របស់​ពួកគេ​។

ក្រោយមក​យើង​ទាំង​ ២​ បាន​ពិភាក្សា​ និង​ស្រុះស្រួល​គ្នា​ហើយ​បាន​បង្កើត​ផ្ទះបាយ​កុមារ​នេះ​ឡើង ដោយ​មុនដំបូង​គិតថា ជួយ​កុមារ ១០០ ​នាក់​បាន​ហើយ បើក​សាកល្បង​មើល​ ៣​ ខែ ព្រោះ​មិនសូវមាន​លុយ​ច្រើន​ទេ ប៉ុន្តែ​ក្រោយមក​មាន​សប្បុរសជន​ខ្មែរ​យើង​ក៏​ជួយ​បរទេស​ក៏​ជួយ​រហូត​រីក​ធំធាត់​ដល់​ឥឡូវ​។

តើ​ការបង្កើត​ផ្ទះបាយ​កុមារ​នេះ​ឡើង​មាន​គោលបំណង​អ្វីខ្លះ​?

គោលដៅ​របស់​យើង​ឱ្យ​កុមារ​បាន​ហូប​ឆ្អែត​ ឱ្យ​កុមារ​ចេះ​អាន និង​ចេះ​សរសេរ​។ ក្រៅពី​ការផ្តល់​អាហារ​យើង​ក៏បាន​គិតគូរ​ពី​ការសិក្សា​របស់​កុមារ​ដែរ យើង​បញ្ចូន​ពួកគាត់​ទៅ​សាលា​ណា​ដែល​នៅ​ជិត​ផ្ទះ​យើង​ក៏មាន​សៀវភៅ​តាមដាន កត់ត្រា​កុមារ បើសិន​ក្នុងករណី​កុមារ​មិនបាន​ទៅ​រៀន យើង​នឹង​ជួប​ជាមួយ​ឪពុកម្តាយ​គាត់​ហើយ​ទាក់ទង​ទៅ​សាលារៀន ដើម្បី​ចុះឈ្មោះ​ឱ្យបាន​ចូលរៀន​។

កុមារ​ទាំងអស់​ដែល​មកនេះ​ភាគច្រើន​បាន​ចូលរៀន​មានន័យថា មុន​គាត់​ស្គាល់​អង្គការ​យើង គាត់​នៅ​ដើរ​រើស​អេតចាយ ដើរ​សុំទាន ដើម្បី​ចិញ្ចឹម​គ្រួសារ មិនបាន​ចូលរៀន​ទេ ប៉ុន្តែ​ពេល​គាត់​ស្គាល់​អង្គការ​ទោះ​គាត់​នៅ​រើស​អេតចាយ ភាគច្រើន​គាត់​បាន​ចូលរៀន ពីព្រោះ​យើង​បាន​តាមដាន និង​បាន​ជួប​ឪពុក​ម្តាយ​កុមារ ហើយ​បាន​ណែនាំ​ឱ្យ​គាត់​យកចិត្ត​ទុកដាក់​លើ​ការសិក្សា​ចំពោះ​កូន​។

តើ​កុមារ​ប្រភេទ​ណាខ្លះ​ដែល​អង្គការ​បាន​ជួយ​?

កុមារ​ដែល​ខ្ញុំ​ចាប់ផ្តើម​ជួយ​ដំបូង​គឺ​ផ្តោត​សំខាន់​ទៅលើ​កុមារ​ដែល​រកស៊ី​ចិញ្ចឹម​គ្រួសារ កុមារ​ដើរ​សុំទាន រើស​អេតចាយ ខាត់​ស្បែកជើង និង​កុមារ​ដើរ​លក់​ទឹក​ជាដើម​។ ជាពិសេស​ក្នុង​ជំនាន់​នោះ​កុមារ​ដើរ​សុំទាន​នៅតាម​ភ្លើងស្តុប ហើយ​គោលដៅ​យើង​ជួយ​កុមារ​អាយុ​ចាប់ពី​អាយុ​ ៦ ​ទៅ ១៤ ឆ្នាំ​ដែល​ស្ថិតនៅក្នុង​វ័យ​បឋមសិក្សា​។ ការងារ​ដែល​យើង​ផ្តោត​សំខាន់​ឱ្យ​កុមារ​ហូប​ឆ្អែត ហើយ​មិន​គិតតែ​រឿង​ផ្តល់​អាហារ​នោះទេ យើង​ក៏បានផ្តល់​សម្ភារ​សិក្សា និង​ខោអាវ​សិស្ស​ផងដែរ​។ មួយវិញទៀត មុន​ហូបបាយ​យើង​ពិនិត្យមើល​ផងដែរ បើ​កុមារ​គគ្រិច​ពេក​យើង​ងូតទឹក​ឱ្យ​កុមារ កាត់សក់ កាត់​ក្រចក យើង​ទទួល​កុមារ​ក្រីក្រ​ទាំងអស់ អត់​មាន​គិតពី​សាសនា ជនជាតិ នោះទេ​។ ក្នុង​ ១ ​ថ្ងៃ​កុមារ​ដែល​មក​ហូបបាយ​នៅទីនេះ​មាន​ចន្លោះ​ពី ២០០ ទៅ ២៥០ នាក់​។ តាំងពី​បង្កើត​ផ្ទះបាយ​កុមារ​មក យើង​បាន​ចែក​អាហារ​ដល់​កុមារ​ជាង ៨០ ​ម៉ឺន​ចាន​យើង​បូកសរុប​រាល់​​ថ្ងៃ​។ ក្នុងនោះ​យើង​ចែក​សម្ភារ​សិក្សា និង​ខោអាវ​សិស្ស​ដល់​កុមារ​ជាប្រចាំ ៥០២ ​នាក់​ដោយ​យើង​ដឹងថា គេ​ទៅ​សិក្សា​។

តើ​លោក​គិតថា អង្គការ​របស់​លោក​អាច​រួមចំណែក​ជួយ​កុមារ​ក្នុងការ​កាត់បន្ថយ​ការជួញដូរ ឬ​ការគេច​ចេញពី​មេខ្យល់​ដែល​តែង​ជួញដូរ​ពលកម្ម​កុមារ​បាន​ខ្លះ​ដែរឬទេ​?

តាមពិតទៅ​កុមារ​ដែល​មក​ទីនេះ យើង​អត់​មាន​ពាក់​ស្លាក​សម្គាល់​ថា ជា​កុមារ​អង្គការ​ទេ ប៉ុន្តែ​មេខ្យល់​ក៏​មិន​ហ៊ាន​ប៉ះពាល់​អង្គការ​ដែរ ព្រោះ​គេ​ដឹងថា កុមារ​នោះ​បានមក​ទាក់ទង​យើង​ជា​រៀងរាល់ថ្ងៃ ហើយ​យើង​មាន​អ្នកគ្រប់គ្រង​កុមារ​តាម​តំបន់​ត្រឹមត្រូវ អ៊ីចឹង​បើ​មេខ្យល់​ចង់​ប៉ះពាល់​កុមារ​នេះ​ក៏​គេ​មិនសូវ​ហ៊ាន​ដែរ​។ ឧទាហរណ៍​កុមារ​ធ្លាប់​មកជា​ក្រុម​ ៥ ​នាក់ បើ​បាត់​ម្នាក់ យើង​នឹង​សួរ​ហើយ​សង្កេត​ថា កុមារ​នោះ​ទៅណា យើង​មាន​ការ​តាមដាន​ត្រឹមត្រូវ ទាំង​ការសិក្សា​របស់​កុមារ និង​សុខភាព​ពួកគាត់​។ នៅផ្ទះ​បាយ​កុមារ ក្រៅពី​ជួយ​កុមារ យើង​ក៏មាន​កម្មវិធី​ជួបជុំ​ជាមួយ​ឪពុកម្តាយ​កុមារ​រៀងរាល់​ខែម្តង ដើម្បី​លើកទឹកចិត្ត​ និង​ណែនាំ​ពួកគាត់​ឱ្យ​បញ្ជូន​កូន​ទៅ​សិក្សា និង​បាន​ចែក​សម្ភារ​ដូចជា​អង្ករ និង​អាហារ​ហូបចុក​ជាដើម​។

តើ​ស្ថានភាព​ជំនួយ​នៃ​ផ្ទះបាយ​កុមារ​មាន​ការប្រែប្រួល​បែបណា នៅមុន​ពេល និង​ក្រោយពី​មាន​កូវីដ​ ១៩ រាតត្បាត​?

ខ្ញុំ​បារម្ភ​ដែរ ចំពោះ​សប្បុរសជន​ដែល​ជួយ​យើង ដោយសារ​មុន​កូវីដ ​៤០ ​ភាគរយ មាន​ជំនួយ​មកពី​ខាង​អឺរ៉ុប ដូចជា អ៊ីតាលី ស្វ៊ីស ដល់ពេល​ផ្ទុះ​កូវីដ​ខ្លាំង គេ​កាត់បន្ថយ​ជំនួយ​ទៅតាម​លទ្ធភាព​របស់គេ​។ ប៉ុន្តែ​ផ្ទុយ​មកវិញ នៅ​ខាង​ខ្មែរ​យើង មាន​សប្បុរសជន​បរទេស​បាន​ជួយ​ច្រើន​ទាំង​ក្រុមហ៊ុន​ឯកជន​ និង​បុគ្គល​ផ្ទាល់​គេ​មកជួយ​ច្រើន ដោយ​ផ្តល់​ជា​នំ សម្ភារ​សិក្សា អង្ករ និង​សាច់ ជាប្រចាំ​។ ក្នុងនោះដែរ យើង​ចែក​អង្ករ​ដល់​កុមារ​ប្រមាណ ៦ តោន​ក្នុង​ ១ ​ខែ​មានន័យថា មិន​ត្រឹមតែ​ផ្តល់​អាហារ​ហូប​ទេ យើង​ចែក​អង្ករ​ដល់​គាត់​ទៅតាម​ទំហំ​គ្រួសារ កុមារ​ខ្លះ​បាន​ ១០ ​គីឡូក្រាម​ខ្លះ ២០​ គីឡូក្រាម​។

តើ​មូល​ហេតុអ្វី​បានជា​សប្បុរសជន​ផ្តល់​ទំនុកចិត្ត​លើ​អង្គការ​ផ្ទះបាយ​កុមារ និង​បាន​ផ្តល់ជំនួយ​ជា​បន្តបន្ទាប់​?

ជាដំបូង​ខ្ញុំ​អរគុណ​ដល់​ម្ចាស់ជំនួយ និង​សប្បុរសជន​ដែល​តែងតែ​ផ្តល់​ទំនុកចិត្ត​ដល់ផ្ទះ​បាយ​កុមារ និង​អំពាវនាវ សូម​ឱ្យ​បន្ត​ចែករំលែក​ក្តី​ស្រឡាញ់​បន្តទៀត ដើម្បី​កុមារ​កម្ពុជា​។ សព្វថ្ងៃនេះ​យើង​មាន​សប្បុរសជន​ធានា​ផ្តល់​ទឹក ទឹកដោះគោ អង្ករ សាច់ ព្រោះ​គេ​ដឹងថា យើង​មិន​យក​ជំនួយ​ទៅណា​ទេ ហើយ​ផ្តល់ឱ្យ​កុមារ​។ ខ្ញុំ​ជឿថា សប្បុរសជន​ចង់​ជួយ​ទៅ​អ្នកក្រីក្រ និង​កុមារ​ដែរ ប៉ុន្តែ​រក​មធ្យោបាយ​អត់​បាន អ៊ីចឹង​គេ​បានផ្តល់​តាមរយៈ​យើង ហើយ​យើង​បានបង្ហាញ​សកម្មភាព​ដែល​បានធ្វើ​ហើយ​ជំនួយ​នោះបាន​ដល់ដៃ​កុមារ​ក្រីក្រ​ពិតប្រាកដ អ៊ីចឹង​សំខាន់​គឺ​ទំនុកចិត្ត​។

តើ​នៅ​ថ្ងៃ​អនាគត លោក​មាន​គោលដៅ​អ្វី​ទៀត សម្រាប់​កុមារ​ក្រីក្រ​កម្ពុជា​?

ក្នុង​រយៈពេល​ ១០​ ឆ្នាំ​កន្លងមកនេះ ខ្ញុំ​សប្បាយ​ចិត្តនឹង​ការងារ​នេះ​ណាស់ ដែល​បានឃើញ​កុមារ​រាល់ថ្ងៃ​មាន​ការ​ហូបចុក​គ្រប់គ្រាន់​។ អ្វីដែល​កាន់តែ​រំភើប​នោះ កុមារ​ដែល​ធ្លាប់​ហូបបាយ​នៅទីនេះ​បានបញ្ចប់​ការសិក្សា ហើយ​អ្នកខ្លះ​ថែមទាំង​មាន​ការងារ​ធ្វើ ធ្វើ​ខាង​អគ្គិសនី ទេសចរណ៍ ខ្លះ​ខាង​សំណង់​។ ដូច្នេះ​នៅ​ថ្ងៃ​អនាគត បើ​មាន​លទ្ធភាព​យើង​ចង់​ពង្រីក​អង្គការ​នេះ​ឱ្យ​កាន់តែ​ធំ ឬ​បើក​ ១ ទៅ​ ២ កន្លែង​ទៀត ដើម្បី​ជួយ​កុមារ​ទីទាល់ក្រ​ឱ្យបាន​គ្រប់​ទីកន្លែង​៕

អត្ថបទគួរចាប់អារម្មណ៍