ភ្នំពេញៈ ក្នុង​ឆ្នាំ ​២០២១ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ពី​ការប្រទះឃើញ​គ្រាប់​យុទ្ធភណ្ឌ​សល់​ពី​សម័យ​សង្គ្រាម និង​បាន​សុំ​ការជួយ​អន្តរាគមន៍​ពី​មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា (CMAC) មាន​ជាង ៥ ០០០ ករណី ដែល​គិត​ជា​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ចំនួន​ជិត ​២០ ០០០​ គ្រាប់​។

លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (CMAC) ​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ ថា ក្នុង​ឆ្នាំ​ ២០២១ ប្រជាពលរដ្ឋ​ដែល​បាន​ជួបប្រទះ​គ្រាប់​យុទ្ធភណ្ឌ​សល់​ពី​សង្គ្រាម ហើយ​បានធ្វើការ​រាយការណ៍​ដើម្បី​សុំ​អន្តរាគមន៍​ពី CMAC មាន​ចំនួន​ជាង ៥ ០០០ ករណី​ដែល​គិត​ជា​គ្រាប់មីន ឬ​គ្រាប់​មិនទាន់​ផ្ទុះ​មាន​ចំនួន​ប្រមាណ​ជិត​ ២០ ០០០ គ្រាប់​។ តួលេខ​នេះ​មាន​ចំនួន​ច្រើន​គួរឱ្យ​ចាប់អារម្មណ៍ និង​បង្ហាញ​ពី​ភាពជោគជ័យ​របស់​កម្ពុជា​ដែលមាន​មហាជន​ច្រើន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​​ការរាយការណ៍​។

លោក​ថ្លែងថា​៖ «​ប្រជាជន​បាន​ចូលរួម​ជាមួយ​ប៉ូលិស ជាមួយ​យើង​ហ្មង មិនមែន​យើង​ទៅរក​ឃើញ​ទេ គឺ​គាត់​ឃើញ​មុន​ហើយ គាត់​ហៅ​យើង​ទៅ មិនមែន​អ្នកជំនាញ​គេ​ទៅ​រាវរក​ឃើញ​ទេ ពលរដ្ឋ​គាត់​ឃើញ​ហើយ​គាត់​ហៅ​ទៅ បាន​យើង​រុករក​ថែម​ទៅ​យើង​ឃើញ​។ ចំនួន​ហ្នឹង​គឺ​ខ្លះ​គាត់​កាយ​ឃើញ ខ្លះ​ដើរទៅ​គាត់​ប្រទះ​ភ្នែក​ឃើញ នៅ​ជិត​គល់ឈើ នៅ​ជិត​អី​អ៊ីចឹងទៅ​»​។

លោក​បាន​ប្រាប់ថា ប្រភេទ​គ្រាប់​ដែល​បាន​រកឃើញ​តាមរយៈ​ប្រជាពលរដ្ឋ​រាយការណ៍​នោះ ប្រភេទ​ណា​ដែល​ត្រូវ​បន្សាប​គឺ CMAC បាន​ធ្វើការ​បន្សាប ចំណែក​ប្រភេទ​ណា​ដែល​បន្សាប​មិនបាន​គឺ​ត្រូវ​កម្ទេចចោល​នៅនឹងកន្លែង​មួយចំនួន​ និង​មួយចំនួន​យកទៅ​កម្ទេចចោល​នៅ​កន្លែង​សុវត្ថិភាព​គឺ​អាស្រ័យ​ទៅតាម​ប្រភេទ​គ្រាប់​។ លោក​លើកឡើងថា បើសិនជា​ប្រជាពលរដ្ឋ​មាន​ការសង្ស័យ ឬ​មាន​ការ​ព្រួយបារម្ភ​ក្នុង​ការជីក​កាយ​នោះ លោក​លើក​ទឹកចិត្ត​ឱ្យធ្វើ​ទំនាក់ទំនង​ជាមួយ​អង្គភាព​ជំនាញ ដើម្បី​ស្រាវជ្រាវ​ពិនិត្យមើល​ជាមុនសិន​ទើប​អាច​ធានា​សុវត្ថិភាព​ព្រោះ​ពេលខ្លះ​អ្វីដែល​ពលរដ្ឋ​កាយ​ឃើញ​ហើយ អត់​ផ្ទុះ​នោះ គ្រាន់តែ​ជា​សំណាង​ប៉ុណ្ណោះ ហើយ​សំណាង​នោះ​មិនមាន​រហូត​ទេ​។

លោក​បាន​ថ្លែងថា​៖ «​អ៊ីចឹង​សំណូមពរ​ឱ្យ​គាត់​ថា បើ​គាត់​សង្ស័យ​ទី​ ១ មុននឹង​កាយ​ហ្នឹង​គួរតែ​ទាក់ទង​រក​អ្នកជំនាញ​ឱ្យជួយ​ត្រួតពិនិត្យ​ទី​ ២ ​ករណី​ដែល​គាត់​កាយ​ ប៉ុន្តែ​គាត់​ជួប​ហើយ​សុំ​កុំឱ្យ​គាត់​លើកដាក់​ ឬ​វាយដំ​វា រក្សា​ឱ្យនៅ​ធាតុ​ដើម​ហើយ​ទាក់ទង​ប៉ូលិស​ ឬ​ជំនាញ​ខាង CMAC នឹង​ទៅ​ជួយ​» ។

បើតាម​លោក​ ហេង រតនា ការដែល​ប្រជាពលរដ្ឋ​មាន​ការយល់ដឹង​ និង​ចូលរួម​រាយការណ៍​នៅពេល​ឃើញ​គ្រាប់​យុទ្ធភណ្ឌ​សំណល់​ពី​សង្គ្រាម​នេះ គឺ​ដោយសារ​មាន​ការចូលរួម​ផ្សព្វ​ផ្សាយបាន​ទូលំទូលាយ​ពី​វិស័យ​សារព័ត៌មាន​បាន​ធ្វើឱ្យ​ប្រជាជន​កាន់តែ​យល់ដឹង​ច្រើន​អំពី​របៀប​នៃ​ការដោះស្រាយ​បញ្ហា​នៅពេល​ជួប​គ្រាប់​ទាំងនោះ ។ ទន្ទឹម​នោះ ការងារ​អនុវត្ត​ជាក់ស្តែង​របស់​ CMAC ​នៅតែ​ខិតខំ​ផ្តល់​សារ​អប់រំ​បន្ថែមទៀត​ទៅតាម​សាលារៀន និង​មូលដ្ឋាន​ផ្សេងៗ​។

លោក​បញ្ជាក់ថា​៖ «​លទ្ធផល​នេះ​មួយផ្នែក គឺ​ការចូលរួម​របស់​សង្គម​យើង​ទាំងមូល​ទាំង​វិស័យ​សន្តិសុខ​ជាតិ​របស់​យើង កម្លាំង​ប៉ូលិស អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​សារព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ទៅ​ប្រជាជន​គាត់​ជ្រួតជ្រាប​ពី​ការងារ​នឹង​បូកផ្សំ​ និង​កម្លាំង​ជំនាញ​ដែល​ខិតខំ​ចូលរួម​ក្នុង​ការអប់រំ​ផ្សព្វផ្សាយ​» ។

លោក ស ប៊ុនរិទ្ធ ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទះ​នៅ​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​រមាសហែក​ខេត្តស្វាយរៀង ថ្លែង​នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ ថា លោក​ធ្លាប់​រាយការណ៍​ពី​ការប្រទះឃើញ​គ្រាប់បែក​នៅលើ​វាលស្រែ​ប្រាប់​ទៅ​អាជ្ញាធរ​ ដើម្បី​សុំ​អន្តរាគមន៍​ជួយ​យកចេញ ការពារ​ការប៉ះពាល់​ផ្ទាល់​ដោយ​ខ្លួនឯង ដែល​អាច​ជាហេតុ​នាំឱ្យមាន​គ្រោះថ្នាក់​ជាយថាហេតុ​ណាមួយ​។

លោក ស ប៊ុនរិទ្ធ បាន​បញ្ជាក់ថា​៖ «​ពីមុន​ពេល​ឃើញ​គ្រាប់​ឃើញ​អី​មិនទាន់​ផ្ទុះ​ហ្នឹង ខ្ញុំ​មិន​ហ៊ាន​រាយការណ៍​ទៅណា​ទេ ក្រោយមក​ឃើញ​ការផ្សាយ​តាម​ទូរទស្សន៍ វិទ្យុ គេ​ណែនាំ​កុំឱ្យ​ប៉ះពាល់ ហើយ​ត្រូវ​ប្រាប់​ទៅ​អាជ្ញាធរ​ភូមិ​ឃុំ​។ ខ្ញុំ​ក៏​ហ៊ាន​ប្រាប់ ហ៊ាន​រាយការណ៍​ទៅ​អាជ្ញាធរ​អ៊ីចឹងទៅ​។ ម្យ៉ាង​ខ្ញុំ​ខ្លួនឯង​ក៏​ខ្លាច​ផ្ទុះ​ដែរ​ពេល​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​នោះ​»៕