ភ្នំពេញៈ ក្រសួង​បរិស្ថាន​កំពុង​សហការ​ជាមួយ​គម្រោង USAID ព្រៃឡង់​បៃតង និង​អង្គការ​ដៃគូ សហគមន៍ អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​ ៤ នៃ​តំបន់​ដែន​ជម្រក​សត្វព្រៃ​ព្រៃឡង់ ដើម្បី​ប្រមូល​ទិន្នន័យ​អំពី​ចំនួន​ម្ចាស់​ដើម​ជ័រទឹក និង​ដើម​ជ័រទឹក​របស់​ពួកគាត់ ដើម្បី​ប្រើប្រាស់​ក្នុង​ការកំណត់​បែងចែក​តំបន់​គ្រប់គ្រង និង​ការកំណត់​ព្រំប្រទល់​តំបន់​ការពារ​។

យោងតាម​គម្រោង USAID ព្រៃឡង់​បៃតង​ឱ្យដឹង​តាមរយៈ​ហ្វេសប៊ុក​ថា USAID កំពុងធ្វើការ​ជាមួយ​ក្រសួង​បរិស្ថាន សហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​មន្ទីរ​បរិស្ថាន​ខេត្ត នៅក្នុង​ខេត្ត​ចំនួន​ ៤ នៃ​តំបន់​ទេសភាព​ព្រៃឡង់ និង​តំបន់​ជុំវិញ​ ដើម្បី​ប្រមូល​ទិន្នន័យ​អំពី​ចំនួន​ម្ចាស់​ដើម​ជ័រទឹក និង​ដើម​ជ័រទឹក​របស់​ពួកគេ ដើម្បី​ប្រើប្រាស់​ក្នុងការ​កំណត់​បែងចែក​តំបន់​គ្រប់គ្រង និង​ការកំណត់​ព្រំប្រទល់​តំបន់​ការពារ​។ គម្រោង​នេះ​បញ្ជាក់ថា​៖ «​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ ៧៨០ ​គ្រួសារ​មកពី​ជាង ៤០ ​ភូមិ ក្នុង​ខេត្ត​ចំនួន​ ៤ នៃ​ដែនជម្រក​សត្វព្រៃ​ព្រៃឡង់ ដែល​កំពុង​ប្រមូលផល​ជ័រទឹក​។ គ្រួសារ​អាច​រកចំណូលបាន​ពី​ ២០០ ទៅ ៣០០​ ដុល្លារ​ក្នុង ១ ​ខែ​ពី​ការប្រមូល​ជ័រទឹក​នេះ​» ។

គម្រោង​ព្រៃឡង់​បៃតង​ឱ្យ​ដឹងទៀតថា ជាច្រើន​ជំនាន់​មកហើយ​សហគមន៍​មូលដ្ឋាន​ប្រមូលផល​ជ័រទឹក​នៅក្នុង​ព្រៃ​។ តាម​ទម្លាប់​ដើម​ជ័រ​នីមួយៗ​ជា​កម្មសិទ្ធិ​របស់​អ្នក​ដំបូង ដែល​ប្រមូល​ជ័រ​ពី​ដើម​នោះ​។ មិនមាន​កម្មសិទ្ធិ​ជា​ផ្លូវការ​ណា​ទេ ប៉ុន្តែ​អ្នកស្រុក​ដឹងថា អ្នកណា​ជា​ម្ចាស់​ដើមឈើ​មួយណា​។

ប្រសិនបើ​មាន​ឯកសារ​ច្បាស់លាស់​នឹងមាន​កំណត់ត្រា​ជា​ផ្លូវការ​អំពី​ការប្រើប្រាស់​របស់​ពួកគាត់ វា​នឹង​ផ្តល់ឱ្យ​ពួកគាត់​នូវ​ភាព​ជា​ម្ចាស់​ដើម​ជ័រ​ទឹកជា​ផ្លូវការ និង​ធានាថា ពួកគាត់​មាន​សិទ្ធិ​ចូល​ព្រៃ​ដោយ​គ្មាន​កំណត់​ដើម្បី​ប្រមូលផល​ជ័រទឹក​របស់​ពួកគាត់​។

ប្រកាស​ស្តីពី​គោលការណ៍​ណែនាំ​ស្តីពី​ការគ្រប់គ្រង​ដើម​ជ័រទឹក​ដែល​ចេញ​ដោយ​ក្រសួងបរិស្ថាន គឺជា​ធាតុ​ផ្សំ​ដ៏សំខាន់​ក្នុង​ដំណើរការ​ទទួលស្គាល់​ជា​ផ្លូវការ​ថា សហគមន៍​ជា​ម្ចាស់​នៃ​ដើម​ជ័រទឹក​ទាំងនោះ​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​ពី​គម្រោង​ព្រៃ​ឡង់​បៃតង​។

លោក​ ហឿន សុភាព ប្រធាន​បណ្តាញ​សហគមន៍​ព្រៃឡង់​ថ្លែង​នៅ​ថ្ងៃទី​ ៣ ខែកុម្ភៈ​ថា ការរៀបចំ​ឱ្យមាន​គោលការណ៍​ក្នុង​ការគ្រប់គ្រង​ដើមឈើ​ជ័រទឹក​នេះ ជា​សកម្មភាព​ល្អ​មួយ ប៉ុន្តែ​ការធ្វើ​ដែល​ផ្អែក​តែ​ទៅលើ​គោលការណ៍ បើសិនជា​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការធ្វើ នោះ​មិនសូវមាន​ប្រយោជន៍​ឡើយ​។ ផ្ទុយទៅវិញ​បើសិន​ជាមាន​គោលការណ៍​ហើយ ថែមទាំង​មាន​ឆន្ទៈ​ចង់​ធ្វើ​ពិតប្រាកដ​មែន​នោះ​នឹង​អាច​ទទួល​បាន​ជោគជ័យ​។

លោក​ថ្លែងថា​៖ «​យ៉ាងហោចណាស់​ការដែល​បានធ្វើ​បែបនេះ​ក៏បាន​លើកទឹកចិត្ត​ដល់​ម្ចាស់​ដើម​ជ័រទឹក​មួយចំនួន​ដែរ ព្រោះ​តាំងពីដើម​តកូនតចៅ​មក​អ្នក​ដែលមាន​ដើម​ជ័រទឹក​អត់​ទាន់​មាន​សកម្ម​ភាព​ដូចនេះ​ទេ ប៉ុន្តែ​បើសិនជា​មាន​ហើយ ខ្ញុំ​គិតថា គួរតែមាន​ចំណាត់​ការឱ្យ​ខ្លាំង​ព្រោះ​មើលទៅ​ពលរដ្ឋ​មិនទាន់មាន​សិទ្ធ​ពេញលេញ​ទេ​។ ពេលខ្លះ​ដង​ជ័រទឹក​បាន​ហើយ​មន្ត្រី​រដ្ឋាភិបាល​ថ្នាក់ក្រោម​ជាតិ​មួយចំនួន ចេះតែ​មក​យកលុយ​ពី​ពលរដ្ឋ​»​។

លោក ចាន់ ហេង អ្នក​ដង​ជ័រទឹក​ក្នុង​តំបន់​ទេសភាព​ព្រៃឡង់​ថ្លែង​នៅ​ថ្ងៃទី ​៣ ខែមករា​ថា លោក​គាំទ្រ​ចំពោះ​ការបង្កើត​ឱ្យ​មាន​គោលការណ៍​ក្នុង​ការគ្រប់គ្រង​ដើមឈើ​ជ័រទឹក ព្រោះនេះ​ជា​ចំណែក​មួយ​សម្រាប់​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ច្បាស់លាស់​ក្នុង​ការ​ថែរក្សា​ដើមឈើ​ជ័រទឹក​ដែល​ធ្លាប់បាន​អាស្រ័យផល​កន្លងមក​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​អត់​ជំទាស់​ទេ ព្រោះ​អី​ពេល​យើង​មានច្បាប់ យើង​មាន​គម្រោង​របស់​យើង​កាន់​នៅក្នុង​ដៃ​អ៊ីចឹង​ស្រួល​ម្យ៉ាង បើ​មាន​បទល្មើស​ ឬក៏​អ្នកណាម្នាក់​អី​ទៅ​បំផ្លាញ​ដើមឈើ​ជ័រទឹក​របស់​យើង យើង​មាន​សិទ្ធិ​។ ខ្ញុំ​ចង់បាន​អ្វី​ដែលជា​សន្តិភាព​ដើម្បី​សម្រាប់​យើង​ការពារ​វា​»​។

លោក ចាន់ ហេង ប្រាប់ថា លោក​មាន​ដើមឈើ​ជ័រទឹក​ចំនួន​ប្រមាណ ​៣០០​ ដើម ដែល​កំពុង​ធ្វើការ​ដង​រាល់ថ្ងៃ​ក្នុង​ ១ ​ថ្ងៃ​អាច​ដង​បាន​ ២​ កាន ដែល​លក់​ចេញ​បាន​ក្នុង​ ១ ​កាន​ពី ៦ ​ម៉ឺន ទៅ ៧ ​ម៉ឺន​រៀល​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​នៅ​ថ្ងៃទី​ ៣ ខែ​មករា​ថា នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​ក្រសួងបរិស្ថាន​ក្នុង​ការបង្កើត​សេដ្ឋកិច្ច​នៅ​មូលដ្ឋាន​ដោយ​ផ្សារភ្ជាប់​នឹង​កិច្ចការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាសហគមន៍ តំបន់​ការពារធម្មជាតិ​។ លោក​ថា ដើម្បី​ចូលរួម​ក្នុង​ការការពារ និង​អភិរក្ស​នេះ​ពលរដ្ឋ​ដែល​នឹងចូលរួម​នឹង​តម្រូវឱ្យ​រៀបចំ​កិច្ចសន្យា​ដើម្បី​គ្រប់គ្រង​ដើម​ជ័រ​ច្បោះ និង​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការទប់ស្កាត់​បទល្មើស​នានា ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់​ស្របតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងបរិស្ថាន​។

លោក​ នេត្រ ភក្ត្រា បញ្ជាក់ថា៖ «​ពលរដ្ឋ​ត្រូវ​ចូលរួម​គ្រប់គ្រង​ដើមឈើ​ច្បោះ​ជ័រ និង​ការប្រមូល​ជ័រ​ទឹកជា​លក្ខណៈ​ប្រពៃណី ស្រប​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួងបរិស្ថាន​។ សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ក្នុង​ការទប់ស្កាត់​បទល្មើស​នានា​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់ ថែរក្សា​ការពារ ដើមឈើ​ច្បោះ​ជ័រ ដែល​មន្ទីរ​បរិស្ថាន​បាន​ចុះបញ្ជី​សារពើភ័ណ្ឌ​ឱ្យបាន​គង់វង្ស និង​មិន​ធ្វើការ​បរបាញ់​សត្វ និង​កាប់​រុករាន​ដីព្រៃ​ក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃឡង់​ឡើយ​»​។

បើតាម​លោក ​ភក្ត្រា ប្រកាស​ស្តីពី​គោលការណ៍​ណែនាំ​ការគ្រប់គ្រង​ដើមឈើ​ច្បោះ​ជ័រ និង​ប្រមូល​ជ័រទឹក​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​មាន​គោលដៅ​ផ្តល់​នូវ​សិទ្ធិ​ស្របច្បាប់​ដល់​ការចូលរួម​គ្រប់គ្រង​ដើមឈើ​ច្បោះ​ជ័រ និង​ការប្រមូល​ជ័រទឹក ជា​លក្ខណៈ​ប្រពៃណី ដែល​បាននិង​កំពុង​អាស្រ័យផល​ក្នុង​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​ធានា​ការផ្តល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដោយ​និរន្តរភាព និង​ការជួយ​លើកកម្ពស់​ដល់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​៕