តាកែវៈ ឧទ្យាន​សួនសត្វ​ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​កំពុង​បន្ត​ភាពជោគជ័យ​លើ​ការងារ​បង្កាត់​ពូជសត្វ​កម្រ​មួយចំនួន​ដូចជា សត្វរមាំង ឆ្មាដាវ ខ្លាត្រី ឈ្មូស​ប្រែង ទន្សោង សត្វខ្ទីង និង​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​មួយចំនួនទៀត​នៅ​កម្ពុជា​។

កាលពីដើម​ខែមករា​មុននេះ សត្វ​ខ្ទីងញី​ ១​ ក្បាល​ដែល​បាន​កើត​កាលពី​ ៦​ ឆ្នាំមុន ដោយ​ការបង្កាត់​ពូជ​រវាង​សត្វ​ខ្ទីង​ឈ្មោល​មកពី​សួនសត្វ​ក្រុងប៉ារីស​ប្រទេស​បារាំង និង​សត្វ​ខ្ទីងញី​ពី​ខេត្តមណ្ឌលគិរី​នៃ​ប្រទេស​កម្ពុជា​បាន​បង្កើតកូន​ខ្ទីងញី​ដំបូង​របស់​ខ្លួន​ប្រកប​ដោយ​សុវត្ថិភាព ដែល​ធ្វើឱ្យ​ចំនួន​សត្វខ្ទីង​ក្នុង​ឧទ្យាន​សួនសត្វ​នេះ​កើន​ដល់​ ៧ ​ក្បាល​។

លោក​ យង់ រតនា អនុប្រធាន​ការិយាល័យ​អភិរក្ស និង​វិបុលកម្ម​នៃ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​២ កុម្ភៈ ថា កូន​ខ្ទីង​ញី​ ១​ ក្បាល​ដែល​ទើប​កើតថ្មី​កាលពី​ថ្ងៃទី​ ៥ ខែមករា ឆ្នាំ​ ២០២២ ​នេះ គឺ សមិទ្ធផល​ថ្មី​នៃ​ការ​បង្កាត់​ពូជ​រវាង​ខ្ទីង​ឈ្មោល​មកពី​ខេត្ត​បាត់ដំបង និង​ខ្ទីង​ញី​កូនកាត់​មួយ ដែលមាន​មេបា​មកពី​ខេត្តមណ្ឌលគិរី និង​ក្រុង​ប៉ារីស​។ វា​ជា​កូន​ខ្ទីង​ទី​ ៤ ដែល​ត្រូវបាន​បង្កាត់ ដោយ​អ្នកជំនាញ​នៃ​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មក​។

លោក​បញ្ជាក់ថា​៖ «​កូន​ខ្ទីង​ញី​ ១ ​ក្បាល ដែល​ទើប​កើត​ថ្មី​នេះ​បានបង្ហាញ​ពី​ក្ដីសង្ឃឹម​ និង​ទំនុកចិត្ត​យ៉ាង​មុតមាំ​សម្រាប់​ក្រុមការងារ​យើង​ក្នុងការ​ជំរុញឱ្យមាន​វិបុលកម្ម​នូវ​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា​»​។

បើតាម​លោក​ រតនា វត្តមាន​នៃ​កូនខ្ទីង​ញី​ ១​ ក្បាល​ថ្មី​នេះ​បាន​ធ្វើឱ្យ​ចំនួន​សត្វ​ខ្ទីង​នៅក្នុង​ឧទ្យាន​សួនសត្វ​ភ្នំ​តាម៉ៅ​កើន​ដល់​ចំនួន​ ៧ ​ក្បាល​ក្នុងនោះ​មាន​ឈ្មោល​ ៤ ​ក្បាល និង​ញី​ ៣ ​ក្បាល​។ នៅ​ខែមីនា​ខាងមុខនេះ មេ​ខ្ទីង​មកពី​ខេត្តមណ្ឌលគិរី នឹង​បង្កើតបាន​កូន​ខ្ទីង​ ១​ ក្បាល​ថ្មី​ទៀត បន្ទាប់ពី​ត្រូវបាន​បង្កាត់​ពូជ​ជាមួយ​ខ្ទីឈ្មោល​មកពី​បារាំង​កាលពី​ខែ​​ឧសភា ឆ្នាំមុន​។ សត្វ​ខ្ទីង​ដែលជា​មេបា​ ១ ​គូ​នេះ បាន​បង្កាត់​ពូជ​បានកូន​ចំនួន​ ៣ ​ក្បាល​មកហើយ ចាប់តាំងពី​ឆ្នាំ​ ២០១៦ ​មក ក្នុងនោះ​មាន​ញី​ ១ ​ក្បាល​ និង​ឈ្មោល ​២ ​ក្បាល​។

លោក​ថា ក្រៅពី​សត្វខ្ទីង ក្រុម​ការងារ​បង្កាត់​ពូជ​សត្វព្រៃ​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​ក៏បាន​បង្កាត់​ពូជ​សត្វ​រមាំង ឆ្មាដាវ ខ្លាត្រី ឈ្មូស​ប្រែង និង​សត្វ​ទន្សោង ដែលជា​ប្រភេទ​សត្វ​កម្រ​ និង​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក រួមទាំង​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​មួយ​ចំនួន​ទៀត ដូចជា​សត្វ​ប្រើស​ស្បូវ និង​ប្រមោញ​ផងដែរ​។

ដំណើរការ​នៃ​ការបង្កាត់​ពូជសត្វ​ខ្ទីង​នេះ​លោក​ ទ្រី ស៊ីថេង ប្រធាន​បុគ្គលិក​ថែរក្សា និង​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ និយាយថា​ការ​បង្កាត់​ពូជ​សត្វព្រៃ​មិនមាន​ភាពងាយស្រួល​នោះទេ​។ វា​ទាមទារ​ពេលវេលា និង​ការសិក្សា​ស្រាវជ្រាវ​ពី​លក្ខណៈ​ជីវសាស្ត្រ​របស់​ប្រភេទ​សត្វ​នីមួយៗ​ឱ្យបាន​ច្បាស់លាស់​ជាមុន ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ការបង្កាត់​ពូជ​ប្រព្រឹត្ត​ទៅ​ប្រកបដោយ​ភាពជោគជ័យ​។

លោក​ ស៊ីថេង ថ្លែងថា​៖ «​មិន​ចំពោះតែ​សត្វ​ខ្ទីង​ទេ ឆ្មា​ដាវ ខ្លាត្រី​...​និង​សត្វ​រមាំង គឺ​យើង​ត្រូវ​ចំណាយពេល​សិក្សា​ពី​ពួកវា​ឱ្យបាន​ច្បាស់ មុននឹង​ឈានដល់​ការបង្កាត់​ពូជ​។ ភាពជោគជ័យ​ជា​បន្តបន្ទាប់​មកនេះ​បាន​ក្លាយជា​កម្លាំង​ចលករ​មួយ​ក្នុង​ការជំរុញ​លើកទឹកចិត្ត​ដល់​ក្រុមការងារ​យើង​ឱ្យ​បន្ត​បេសកកម្ម​ការងារ​លើ​វិស័យនេះ​បន្តទៀត ដើម្បី​ស្ដារ​លទ្ធភាព ឬ​បង្កើន​ចំនួន​នៃ​ប្រភេទ​សត្វ​កម្រ​នៅ​កម្ពុជា​»​។

លោក​ យឿន នឿន ជា​អ្នកទទួលខុសត្រូវ​ក្នុងការ​មើលថែទាំ​សត្វ​ខ្ទីង ទន្សោង​នៅ​ឧទ្យាន​សួនសត្វ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តាម៉ៅ​និយាយថា វត្តមាន​របស់​កូនខ្ទីង​ញី​ថ្មី​នេះ​បាន​លើកទឹកចិត្ត​របស់គាត់​ឱ្យ​រឹតតែ​ស្រឡាញ់​លើ​ការងារ​ជា​អ្នកថែរក្សា ផ្ដល់​ចំណី​ដល់​សត្វ​ទាំងនេះ​។

លោក​បន្តថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​រីករាយ​នៅពេល​ឃើញ​វា​ [​សត្វ​ខ្ទីង​] ​មានកូន​ថ្មី និង​មាន​សុខភាព​ល្អ​ទាំង​មេ​ទាំង​កូន​បែបនេះ​។ វត្តមាន​របស់​កូនខ្ទីង​ញី​ ១​ ក្បាល​ថ្មី​នេះ​បាន​ជំរុញ​ឱ្យ​ខ្ញុំ​ស្រឡាញ់​ការងារ​នេះ​កាន់តែខ្លាំង ព្រោះ​វា​ជា​ការងារ​មួយ ដែល​ជួយ​ធ្វើឱ្យមាន​កំណើន​សត្វ​កម្រ​នៅ​កម្ពុជា​ឡើងវិញ សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​»​។

សូមបញ្ជាក់ថា សត្វខ្ទីង​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​កម្ពុជា ហើយ​វា​ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា ជា​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​នៅលើ​ពិភពលោក​៕

វីដេអូ៖