ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ ឆ្នាំ​ ២០២២ បាន​សម្រេច​បិទ​បញ្ចប់​ការធ្វើ​កោសល្យវិច័យ​លើ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់ឌុប​) សម័យ​ប្រឡង ២៧ ធ្នូ ២០២១ បន្ទាប់ពី​មានការ​ប្ដឹងតវ៉ា​ពី​បេក្ខជន មាតាបិតា និង​អ្នកអាណាព្យាបាល​សិស្សានុសិស្ស​ពាក់ព័ន្ធ​ការសង្ស័យ​លើ​លទ្ធផល​នោះ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​កាលពី​ថ្ងៃទី ​២ ខែកុម្ភៈ បានឱ្យដឹងថា គណៈកម្មការ​កោសល្យវិច័យ​បាន​រកឃើញថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​សម័យ​ប្រឡង ២៧ ធ្នូ ២០២១ មិនមាន​ការប្រែប្រួល​ទេ​។

ក្រសួង​បញ្ជាក់ថា​៖ «​ឈរលើ​មូលដ្ឋាន​នេះ ក្រសួង​សូម​ប្រកាស​បញ្ចប់​ការទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន និង​បញ្ចប់​ដំណើរការ​ពិនិត្យ និង​ដោះស្រាយ ការតវ៉ា​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​តទៅ​»​។

តាមរយៈ​សេចក្ដី​ប្រកាស​ក្រសួង​អប់រំ​បាន​បញ្ជាក់ជូន​ដល់​បេក្ខជន អ្នកអាណាព្យាបាល និង​សាធារណជន​ទាំងអស់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ធ្នូ ២០២១ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​ស្របតាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​ស្របតាម​លក្ខណៈ​បច្ចេកទេស ប្រឡង និង​ស្របតាម​ទស្សនាទាន «​អ្នកចេះ គឺ​ជាប់​»​។

ការប្រឡង​នេះ ក្រោម​ការយកចិត្ត​ទុកដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល និង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ពី​សំណាក់​ក្រសួងមហាផ្ទៃ អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ក្រសួង​សុខាភិបាល អាជ្ញាធរ​ដែនដី កងកម្លាំង សហភាព​សហព័ន្ធ​យុវជន​កម្ពុជា អគ្គិសនី​កម្ពុជា ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ និង​គ្រប់ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ជាពិសេស ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​ផ្ទាល់​របស់​បេក្ខជន ព្រមទាំង​ការអនុវត្ត​ភារកិច្ច​ប្រកប​ដោយ​ភាពហ្មត់ចត់ វិជ្ជាជីវៈ មនសិការ​ការងារ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​គណៈមេប្រយោគ និង​គណៈកម្មការ​នានា​គ្រប់​ថ្នាក់​។

យុវជន​ប្រឡង​ធ្លាក់​បាក់ឌុប​ឆ្នាំនេះ​ម្នាក់​ឈ្មោះ សុខ ដានី លើកឡើងថា នេះ​ឬ​លទ្ធផល​ក្រសួង​ថា​ទទួល​យកបាន​?​ មុខវិជ្ជា​ដែល​រូបគេ​ធ្វើ​បានល្អ​ហើយ​ផ្ទៀង​ចម្លើយ​ពេលចេញ​ពី​ប្រឡង​ត្រូវ​បែរជា​ប្រឡង​ធ្លាក់​មុខវិជ្ជា​នោះ​ទៅវិញ (​ភូមិ F ប្រវត្តិ F)? យុវជន​រូបនេះ​លើកឡើងថា «​សម្រាប់​មុខវិជ្ជា​ភាសា​ខ្មែរ​ឧទាហរណ៍​បាន ៣.៤ រឿង​ដែល​លើក​ចំណុច​ចំៗ​មក​បកស្រាយ​តែ​ចេញ​លទ្ធផល​មក​ធ្លាក់ (F) សីលធម៌​ធ្វើបាន​តិច​ណាស់​គ្មាន​សង្ឃឹម​បែរជា​ជាប់​ក្នុង​ការ​ប្រឡង​ទៅវិញ​។

យុវជន​រូបនេះ​ថា​៖ «​ពិន្ទុ​ខ្ញុំ​អាច​នឹង​រាល​ទៅដល់​សិស្ស​ម្នាក់​អង្គុយ​ក្រោយ​ខ្ញុំ​ក៏​ថា បាន ពិន្ទុ​មុខវិជ្ជា​ដែល​ខ្ញុំ​រំពឹងថា​ជាប់​ទៅជា​ធ្លាក់ ហើយ​អ្នក​អង្គុយ​ក្បែរ​ខ្ញុំ​បែរជា​ជាប់ ដែល​ភាគច្រើន​សុទ្ធតែ​មុខវិជ្ជា ដែល​ខ្ញុំ​សង្ឃឹមថា​ជាប់​។ មិនមែន​មើលងាយ​សមត្ថភាព​គេ​ទេ​តែ​ម្នាក់​ហ្នឹង​មិនចេះ​មែន ហើយក៏​ធ្វើ​ចម្លើយ​បាន​តិចតួច​ដែរ ពេល​ប្រឡង គឺ​ហៅ​ខ្ញុំ កេះ​សួរ​ខ្ញុំ​រហូត​»​។

ដានី បញ្ជាក់ថា ក្រសួង​អាច​នឹង​សុក្រឹត​ក្នុងការ​ប្រឡង​ហើយ ប៉ុន្ដែ​អ្នក​កែ​អាច​កែ​ដោយ​របៀប​ណា​វិញ​ ឬ​គ្រាន់តែ​កាន់​ប៊ិក​ឆូត​? ពិនិត្យ​ និង​ផ្ទៀងផ្ទាត់​ចម្លើយ​ឱ្យ​ច្បាស់ៗ​បន្ដិច​បានទេ​?

យុវជន​ប្រឡង​ធ្លាក់​ម្នាក់ទៀត​ឈ្មោះ ឌី ស្ស៊ី បាន​លើកឡើង​ថា បើសិនជា​អាច​រូបគេ​សឹងតែ​ស្នើ​ក្រសួង​ប្រឡង​ម្ដងទៀត​តែម្ដង​ទើប​អស់ចិត្ត​លើ​លទ្ធផល​នៃ​ការប្រឡង​ឆ្នាំនេះ​។ ​«​ធ្វើ​ផ្ទាល់ កែ​ផ្ទាល់ និយាយ​ឱ្យ​ត្រង់​ទៅ​លំហាត់​ក្រសួង​ស្រួល​ទេ ហេតុអ្វី​ធ្វើបាន​ហើយ ពេល​ចេញពី​ប្រឡង មើល​កំណែ​ឃើញថា ត្រូវ​ឡើង ៨៥% ទៅ ៨៩%​។ ខ្ញុំ​សង្ឃឹមថា​ខ្ញុំ​ជាប់​បាន​និទ្ទេស​ល្អ​ទៀតផង​។ អ្នក​មិន​សង្ឃឹម​បែរជា​ជាប់​ទៅវិញ​។

បើតាម​ក្រសួង​អប់រំ ដើម្បី​ឆ្លើយតប​ចំពោះ​សំណូមពរ និង​ការតវ៉ា​របស់​បេក្ខជន​ចំពោះ​លទ្ធផល​នៃ​ការប្រឡង ក្រសួង​អប់រំ​បាន​បង្កើត «​គណៈកម្មការ​កោសល្យវិច័យ​» ដើម្បី​ពិនិត្យ និង​ដោះស្រាយ​ធ្វើយ៉ាងណា​ឱ្យ​បេក្ខជន មាតាបិតា អ្នក​អាណាព្យាបាល​ និង​សាធារណជន​ជឿ​ទុកចិត្ត​ចំពោះ​លទ្ធផល​ប្រឡង​។

ក្រសួង​បញ្ជាក់ថា​៖ «​ក្រោយពី​បានបញ្ចប់​ការធ្វើ​កោសល្យ​វិច័យ គណៈកម្មការ​កោសល្យ​វិច័យ​បាន​រកឃើញថា លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២៧ ធ្នូ ២០២១ មិនមាន​ការប្រែប្រួល​ទេ​។ ឈរលើ​មូលដ្ឋាន​នេះ ក្រសួង​សូម​ប្រកាស​បញ្ចប់​ការទទួល​ពាក្យ​តវ៉ា​របស់​បេក្ខជន និង​បញ្ចប់​ដំណើរការ​ពិនិត្យ និង​ដោះស្រាយ​ការតវ៉ា​ចាប់ពី​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​តទៅ​»​។

ក្រសួង​បន្តថា​៖ «​ចំពោះ​សិស្ស​ប្រឡង​ធ្លាក់ ក្រសួង​សូម​លើក​ទឹកចិត្ត​ឱ្យ​ខិតខំ​រៀន​សូត្រ​បន្ត ដោយមាន​ការជួយ​គាំទ្រ​ពី​សំណាក់ លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និង​សហគមន៍ ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ការប្រឡង​នៅ​ឆ្នាំ​ខាងមុខ​»៕

វីដេអូ៖