
លោក ស៊ុន ចាន់ថុល ក្នុងជំនួបជាមួយតំណាង UNDP ពីថ្ងៃទី ២ កុម្ភៈ។ រូប ក្រសួងសាធារណការ
ភ្នំពេញៈ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកយកសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដែលមានការគិតគូរអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីទៅជជែកជាមួយអង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ស៊ុន ចាន់ថុល បានជួបជជែកអំពីការរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកកាលដែលគិតពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីនេះក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)ប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនោះ លោក ស៊ុន ចាន់ថុល បានថ្លែងថាក្រសួងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូន ផ្លូវគោកដែលមានការគិតគូរអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់គាំទ្រដល់ការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស។
លោកបន្តថា សេចក្តីព្រាងច្បាប់នេះក៏ជាផ្នែកមួយរបស់គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងសាធារណការ និងដឹកជញ្ជូនជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដើម្បីដំឡើងស្ថានីយសាកថ្មរថយន្តដើរដោយថាមពលអគ្គិសនី (EVs)។
ជាមួយគ្នានោះ លោកបានបញ្ជាក់ថា៖ «គម្រោងនេះ ក៏សហការជាមួយអគ្គនាយកដ្ឋានគយ និងពន្ធដារ ដើម្បីរៀបចំជាផែនការសម្រាប់ការនាំចូលរថយន្តចាស់ៗ ដែលមានអាយុ ១០ ឆ្នាំ និងគម្រោងជួបពិភាក្សាជាមួយនឹងស្ថានីយប្រេងឥន្ធនៈទាក់ទងនឹងការដំឡើងស្ថានីយសាកថ្មរថយន្ត EVs ដែលក្នុងនោះរួមមានស្ថានីយសាំងតូតាល់ កាល់តិច សូគីមិច និងតេលាជាដើម»។
បន្ថែមពីនេះលោកបានណែនាំឱ្យអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការរៀបចំផែនទីបង្ហាញផ្លូវគ្រប់ជ្រុងជ្រោយទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រការប្រើប្រាស់យានយន្តដើរដោយថាមពលអគ្គិសនី និងពិភាក្សាជាមួយសេវាដឹកជញ្ជូនម្ហូបអាហារដូចជា Food Panda និង NHA-M24 ដើម្បីពិនិត្យលទ្ធភាពលើការប្រើប្រាស់ម៉ូតូដើរដោយថាមពលអគ្គិសនី ជំនួសម៉ូតូដែលប្រើសាំងក្នុងការបម្រើសេវារបស់ខ្លួនសំដៅឆ្លើយតបទៅនឹងគម្រោងផែនការ និងគោលនយោបាយដឹកជញ្ជូនផ្លូវគោកប្រកបដោយចីរភាពផងដែរ។
លោកស្រី Alissar Chaker តំណាង អង្គការអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានថ្លែងថា និន្នាការពិភពលោកឆ្ពោះទៅរកការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុ។ គម្រោងកំពុងអនុវត្តទាក់ទងនឹងការដឹកជញ្ជូនប្រកបដោយចីរភាព គឺជាផ្នែកមួយនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងការធានាបាននូវការរស់នៅប្រកបដោយបរិស្ថានល្អ។
លោកស្រី បានស្នើយោបល់ឱ្យក្រសួងសហការឱ្យបានជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យឯកជនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់រថយន្តដើរដោយថាមពលអគ្គិសនី និងជំរុញឱ្យមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធលើបញ្ហានេះ។
កន្លងទៅ លោក ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា កិច្ចសហការរវាងក្រសួងសាធារណការ និងអង្គការ UNDP នឹងមានការដំឡើងស្ថានីយសាកថ្ម Evs ចំនួន ៥ ទីតាំង គឺនៅទីស្តីការក្រសួងសាធារណការ និងបណ្តារាជធានី-ខេត្តមួយចំនួន។ ក្នុងគម្រោងនេះ ក្រសួងក៏មានផែនការដំឡើងស្ថានីយសាកថ្ម EV នៅតាមផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ ដោយគ្រោងដាក់ឱ្យប្រើប្រាស់ក្នុងខែកញ្ញា ឆ្នាំ ២០២២ ដែលការដំឡើងនេះ គឺសហការជាមួយស្ថានីយប្រេងឥន្ធនៈ PTT ។
យោងតាមការសិក្សាថ្មីៗចុងក្រោយដោយក្រុមអ្នកជំនាញនៅឯសាកលវិទ្យាល័យក្នុងប្រទេសន័រវែស និងការសិក្សារបស់អ្នកជំនាញមកពីវិទ្យាស្ថានបច្ចេកវិទ្យា MIT របស់សហរដ្ឋអាមេរិកបានរកឃើញថា រថយន្តអគ្គិសនីបញ្ចេញឧស្ម័នកាបូនិកតិចជាងរថយន្តធម្មតា ដោយខ្លះអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិករហូតដល់ទៅប្រមាណ ៥០ ភាគរយ ខណៈខ្លះទៀតជួយកាត់បន្ថយដល់ ៨០ ភាគរយអាស្រ័យទៅតាមម៉ូដែល និងទៅតាមបច្ចេកវិទ្យាដែលគេយកមកប្រើប្រាស់៕