ភ្នំពេញៈ ​ធនាគា​ ADB បង្ហាញ​របាយការណ៍​ពី​អនាគត​នៃ​ការដឹកជញ្ជូន​នៅ​ទូទាំង​អាស៊ី និង​តំបន់​ប៉ាស៊ីហ្វិក ដែល​ទាមទារ​ឱ្យ​ប្រទេស​ក្នុង​តំបន់​ទាំងនោះ​​គិតគូរ​វែងឆ្ងាយ​ពី​ទស្សនវិស័យ​ ​និង​និន្នាការ​ក្នុងការ​រៀបចំ​ផែនការ និង​ការសាងសង់​ផ្លូវ​ឱ្យស្រប​​តាម​ការរីកចម្រើន និង​ការចង់​បាន​របស់ខ្លួន​ក្នុង​ថ្ងៃ​អនាគត​។

របាយការណ៍​នេះ​ត្រូវបាន ADB ចេញផ្សាយ​ពី​ខែមករា​ឆ្នាំនេះ ដោយ​បាន​កំណត់​ពី​និន្នាការ គោលការណ៍ និង​យុទ្ធសាស្ត្រ​សម្រាប់​វិស័យ​ដឹកជញ្ជូន​នាពេល​អនាគត​នៅ​អាស៊ី និង​ប៉ាស៊ីហ្វិក​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន​ដល់​ឆ្នាំ​ ២០៣០ និង​ឆ្នាំ​ ២០៥០ ខាងមុខ​។

របាយការណ៍​នេះ​សរសេរថា ការដឹកជញ្ជូន​មាន​សារៈសំខាន់​ចំពោះ​សង្គម សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ទូទាំង​អាស៊ី និង​ប៉ាស៊ីហ្វិក​ដែល​វា​បង្កើត​ឱកាស​សម្រាប់​ការលូតលាស់ បង្កើត​ការងារ និង​សម្រួល​ពាណិជ្ជកម្ម​។ ទោះ​យ៉ាងណា ការរចនា និង​ការសាងសង់​នៃ​ការផ្តល់សេវា​ដឹកជញ្ជូន​នេះ​ត្រូវបាន​រំពឹងទុក​កាន់តែ​ស្មុគស្មាញ​ក្នុង​ទសវត្សរ៍​ខាងមុខ​។

របាយការណ៍​នេះ បាន​សរសេរ​ទៀតថា ការផ្លាស់ប្តូរ​សង្គម និង​បច្ចេកវិទ្យា​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បាន​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នូវ​របៀប​ដែល​ប្រព័ន្ធ​ដឹកជញ្ជូន​ត្រូវបាន​ប្រើប្រាស់ ហើយ​ខ្លះទៀត​ប្រហែលជា​លែង​បំពេញ​តម្រូវការ​ទៀតហើយ​។

បន្ថែម​ពីនេះ មេរោគ​កូវីដ​ ១៩ និង​​ផលប៉ះពាល់​របស់​វា​លើ​ការដឹកជញ្ជូន​នឹង​នាំមក​នូវ​បញ្ហា​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ ជាពិសេស​លទ្ធភាព​ជោគជ័យ​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​។ ​នេះ​បើតាម​ការ​ប្រមើលមើល​ក្នុង​របាយការណ៍​នេះ​។

របាយការណ៍​នេះ​បាន​ណែនាំ​ថា​៖ «​ការគិត​អនាគត​អាចជួយ​រៀបចំ​សង្គម​របស់​យើង​ឱ្យ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នៅ​ថ្ងៃស្អែក​។

ដូច្នេះហើយ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB)​ បានចាប់ផ្តើម​អនុវត្ត​ "​បច្ចេកទេស​មើលឃើញ​ជាមុន​" ដើម្បី​ជួយ​រៀបចំ​ផែនការ​ក្នុង​តំបន់​»​។ ADB និយាយថា គម្រោង​ដឹកជញ្ជូន​គឺ​ចាំបាច់​ត្រូវការ​ការរៀបចំ​ឡើងទៅ​តាម​ការជាក់ស្តែង​សម្រាប់​ថ្ងៃ​អនាគត ដោយ​មិនមែន​សម្រាប់​ថ្ងៃ​​នេះ​នោះទេ​។

លោក គង់ វិមាន អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ៣ ​កុម្ភៈ​ថា លោក​មិនទាន់​បាន​​ទទួល​របាយការណ៍​ ADB នេះ​ទេ​។ ​ជាមួយនឹង​ការអះអាង​ដូច្នេះ លោក​ថា ក្រសួង​នឹង​ឆ្លើយតប ក្រោយពេល​ទទួល​បាន​របាយការណ៍​នេះ​ដើម្បី​យកមក​ពិនិត្យ និង​សិក្សា​បន្ថែម​។

លោក​ថា​៖ «​សុំ​អធ្យាស្រ័យ ខ្ញុំ​មិនទាន់​ទទួលបាន​របាយការណ៍​​នេះ​ទេ ហើយក៏​មិនទាន់​បានឃើញ​ខ្លឹមសារ​ទាំងមូល​យ៉ាងណា​នោះដែរ​។ ​អ៊ីចឹង​ទេ មិនដឹងថា​​យក​អ្វី​ជា​មូលដ្ឋាន​ក្នុងការ​ឆ្លើយតប​នេះ​ទេ​។ ​ដូច្នេះ​ខ្ញុំ​សុំ​មិនទាន់​ឆ្លើយ​ឥឡូវ​ទេ​»៕