ភ្នំពេញៈ គិត​ត្រឹម​ដើមឆ្នាំ ២០២២ ​នេះ អត្រា​គ្របដណ្តប់​អនាម័យ​នៃ​ការបញ្ឈប់​បន្ទោបង់​ពាសវាល​ពាសកាល ​(ODF)​ ទូទាំង​ខេត្តស្វាយរៀង​សម្រេចបាន​ ១០០ ភាគរយ តាមរយៈ​ការញ្ជ្រាប​ការយល់ដឹង និង​អប់រំ​លើកកម្ពស់​អនាម័យ​នៅតាម​ជនបទ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ-សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​នៅ​ខេត្ត​ស្វាយរៀង​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ថ្ងៃទី​ ៣ ខែកុម្ភៈ​នេះ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក ជុំ ហាត ថ្លែងថា តាមរយៈ​ការយកចិត្ត​ទុកដាក់​ពី​ក្រុមប្រឹក្សា​ខេត្ត​គណៈអភិបាលខេត្ត​ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​បាន​អនុវត្ត​សកម្មភាព​អប់រំ​លើកកម្ពស់​អនាម័យ​ជនបទ ប្រជាពលរដ្ឋ​បាន​យល់ដឹង​ពី​សារៈសំខាន់​នៃ​ទម្លាប់​អនាម័យ​ល្អ​ប្រចាំថ្ងៃ​។

លោក​បន្តថា ទម្លាប់​នោះ​តាមរយៈ​ការប្រតិបត្តិ​អនាម័យ​ល្អ​ ៣ ​យ៉ាង​គឺ បន្ទោបង់​ក្នុង​បង្គន់ ហូប​ទឹកស្អាត និង​លាងដៃ​ជាមួយ​សាប៊ូ ជាពិសេស​ចូលរួម​អនុវត្ត​វិធានការ ៣​ កុំ និង​ ៣ ​ការពារ​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​​រីករាលដាល​ជំងឺ​កូវីដ ​១៩ ជាហេតុ​ធ្វើឱ្យ​ស្ថានភាព​អនាម័យ​ទូទាំង​ខេត្តស្វាយរៀង រីកចម្រើន​បានល្អ​ប្រសើរ​យ៉ាង​ឆាប់រហ័ស​។

លោក​បន្តថា​៖ «​មកដល់​បច្ចុប្បន្ននេះ​អត្រា​គ្របដណ្តប់​អនាម័យ​ការបញ្ឈប់​បន្ទោបង់​ពាសវាល​ពាសកាល ​(ODF)​ ទូទាំង​ខេត្ត​សម្រេចបាន​ ១០០ ភាគរយ​»​។

លោក ជុំ ហាត បាន​គូសបញ្ជាក់​ថា កត្តា​ដែលនាំឱ្យ​ការធ្វើការ​បញ្ឈប់​បន្ទោបង់​ពាសវាល​ពាសកាល ទទួល​បាន​ជោគជ័យ ១០០ ​ភាគរយ គឺមាន​កត្តា​សំខាន់ៗ​ចំនួន​ ៥ ​រួមមាន ១ មានការ​សហការ​ល្អប្រសើរ​របស់​ក្រុមការងារ​អនាម័យ​ជនបទ​ថ្នាក់​ខេត្ត ក្រុង ស្រុក ក្នុង​ការផ្សព្វផ្សាយ​តាម​ខ្នង​ផ្ទះ​។

២- ការធ្វើ​បច្ចុប្បន្នភាព​ផែនការ​ជាប្រចាំ និង​ការលើក​ទឹកចិត្ត​ (​ថវិកា និង​សម្ភារ​) ​ដល់​អ្នកអនុវត្ត​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​។

៣- ការធ្វើ​បច្ចុប្បន្នភាព​សៀវភៅ​ទិន្នន័យ​អនាម័យ ការគូស​លើ​ផែនទី​អនាម័យ​ភូមិ​ (​កំណើន​បង្គន់ និង​កន្លែង​លាង​សម្អាត​ដៃ​ថ្មីៗ​) និង​ការរក​ដំណោះស្រាយ​ខ្នង​ផ្ទះ​ដែល​គ្មាន​បង្គន់​។ ៤- ការផ្តល់​សេវាកម្ម ការជំរុញ និង​លើកទឹកចិត្ត​ឱ្យ​សាងសង់ និង​ការស្វែងរក​ការគាំទ្រ​ពី​អង្គការ​ដៃគូ​ក្នុង​ការឧបត្ថម្ភធន​។ លោក​បន្តថា កត្តា​ទី ៥ គឺ​ការពង្រឹង​សមត្ថភាព​ដល់​មន្ត្រី​ថ្នាក់​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុង​ការចុះ​ធ្វើការ​អប់រំ ផ្សព្វផ្សាយ និង​កត់ត្រា​សៀវភៅ​ទិន្នន័យ​អនាម័យ​។

អភិបាលរង​ខេត្តស្វាយរៀង​លោក រស់ ផារិទ្ធ បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា លោក​មាន​មោទនភាព​ចំពោះ​ខេត្ត​របស់លោក​ដែល​អនុវត្ត​សម្រេចបាន ១០០ ​ភាគរយ ក្នុង​ការបញ្ឈប់​ការ​បន្ទោបង់​ពាសវាល​ពាសកាល​។ ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ក៏​បានចេញ​វិញ្ញាបនបត្រ​បញ្ជាក់ថា​មិន​មានការ​បន្ទោបង់​ពាសវាល​ពាសកាល​ទៀត​ទេ​។

លោក​ថា​៖ «​ពី​ដើម​ទម្លាប់​ប្រជាជន​បន្ទោបង់​ពាសវាល​ពាសកាល​នៅតាម​គុម្ព​ព្រៃ តាម​ប្រឡាយទឹក ប៉ុន្តែ​ឥឡូវ​អត់​មាន​ទៀត​ទេ​»៕