មណ្ឌលគិរីៈ ​ដីសម្បទាន​សង្គមកិច្ច​នៅក្នុង​ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី​ចំនួន ២ ៤០០ ហិកតា ដែល​មិនទាន់​បានធ្វើ​ការបែងចែក​ច្បាស់លាស់​កំពុង​ត្រូវបាន​កាប់​រានទន្ទ្រាន​ជា​បន្តបន្ទាប់ ព្រមទាំង​មានការ​ទិញ​លក់​ជា​លក្ខណៈ​ឯកជន​ទៀតផង​។ អាជ្ញាធរខេត្ត​បញ្ជាក់ថា នឹង​ចាត់​ឱ្យ​មន្ត្រី​ចុះ​ពិនិត្យ​ជាក់ស្តែង​សិន មុននឹង​ចាត់វិធានការ​ណាមួយ​ចំពោះ​អ្នកប្រព្រឹត្ត​បទល្មើស​។

លោក​ វ៉ាង ផូ តំណាង​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង​ភូមិ​ពូលុ ថ្លែង​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ​ថា ដីសម្បទាន​សង្គមកិច្ច​នេះ​មាន​ទំហំ ​៣​ ពាន់​ហិកតា​ស្ថិត​ក្នុង​ភូមិសាស្ត្រ ភូមិ​វ៉ាលយោង ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ដែល​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ស្នើសុំ​ទៅ​ថ្នាក់ជាតិ​កាលពី​ឆ្នាំ​ ២០០៩​។ ដោយសារ​កត្តា​ភូមិសាស្ត្រ​ត្រូវ​កាត់​ផលប៉ះពាល់​ចេញ ​៦០០ ​ហិកតា នៅសល់ ២ ៤០០ ហិកតា ពុំទាន់​មានការ​បែងចែក​នៅឡើយ ប៉ុន្តែ​មាន​ការកាប់​រានទន្រាន​ជា​បន្តបន្ទាប់ ធ្វើ​លំនៅឋាន ស្នាក់នៅ​ដាំដំណាំ ដែល​អ្នក​ទាំងនោះ​មើលទៅ​ជា​អ្នកមាន​ធនធាន​គ្រាន់បើ មិនមាន​អ្នកក្រ​ឡើយ​។

​លោក​បន្តថា ទីតាំង​តំបន់​ដីសម្បទាន​សង្គមកិច្ច​នេះ​ដើមឡើយ ជនជាតិដើម​ភាគតិច​ព្នង​ប្រមាណ ១៦០ ​នាក់​បាន​ធ្វើការ​អាស្រ័យផល​ដោយ​ធ្វើជា​ចម្ការ​វិលជុំ​នៅ​ទីនោះ ប៉ុន្តែ​ក្រោយមក​បានក្លាយ​ជា​ដីសម្បទាន​សង្គមកិច្ច និង​មាន​អ្នកធ្វើ​ការលក់ដូរ ដោយ​អះអាងថា ខ្លួន​ជា​ម្ចាស់​ដី​។ លោក​ថ្លែងថា​៖ «​ខ្ញុំ​ធ្លាប់​ជួប​មនុស្ស​ដែល​អះអាងថា ខ្លួន​ជា​ម្ចាស់​ដី នៅពេល​ខ្ញុំ​ដើរល្បាត​សហគមន៍​។ ប៉ុន្តែ​នៅពេល​សួរ​ជាក់ស្តែង​គេ​ថា គេ​បាន​ទិញ​ដីព្រៃ​នេះ​ក្នុងតម្លៃ ៥០០ ​ដុល្លារ​ក្នុង​ ១​ ហិកតា​»​។

លោក​ វ៉ាង ផូ ឱ្យដឹងទៀតថា ការលក់ដូរ​ដីសម្បទាន​សង្គមកិច្ច និង​ចូលទៅ​កាប់​រាន ដុតបំផ្លាញ ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ​នេះ អាជ្ញាធរ​មូលដ្ឋាន​ធ្លាប់ធ្វើ​ការណែនាំ​ហាមឃាត់ ប៉ុន្តែ​ក្រោយមក​បែរជា​ស្ងាត់​ការទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន​ទៅវិញ​។ ទីតាំង​ដី​ស្ទើរតែ​ទាំងស្រុង​ត្រូវ​បាន​គេ​កាប់​ព្រៃឈើ​រាប​ដល់​ដី សម្រាប់​ធ្វើការ​ដាំ​ដំណាំ​ និង​លក់ដូរ​។

លោក ស៊ន សារុន នាយក​រដ្ឋបាល​ខេត្តមណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ​ថា ចំពោះ​រឿងនេះ​លោក​នឹង​ប្រាប់​ទៅ​មន្ត្រី​ស្រុក​ពេជ្រាដា ដើម្បី​ចុះ​ពិនិត្យ​ជាក់ស្តែង​សិន​មុន​នឹងមាន​វិធានការ​យ៉ាងណា ចំពោះ​អ្នកប្រព្រឹត្ត​កាប់​រានទន្ទ្រាន​ដី​​ព្រៃ​រដ្ឋ​នោះ​។

លោក យឺត សារីន មេឃុំ​ប៊ូស្រា ថ្លែង​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ​ថា មួយរយៈពេល​ចុងក្រោយ​នេះ លោក​មិន​បានដឹង​ពី​រឿង​កាប់​រានទន្ទ្រាន​ដី​សម្បទាន​សង្គមកិច្ច​នេះ​ទេ ព្រោះ​មិនបាន​ចុះ​ពិនិត្យ​ជាក់ស្តែង​ដល់​ទីតាំង​។ ​ប៉ុន្តែ​យ៉ាណា​លោក​បញ្ជាក់ថា​​ដី​នៅ​ទីតាំង​នោះ​គ្មានអ្វី​ត្រូវ​ពិនិត្យ​ទៀត​ទេ ព្រោះ​មាន​អ្នក​ចូល​កាប់​រានទន្ទ្រាន​រស់នៅ​ធ្វើ​ចម្ការ​ដាំដំឡូង លែងមាន​ព្រៃ​ទៀតហើយ​។

លោក​ថ្លែងថា​៖ «​មើល​យ៉ាងម៉េច បើ​ឥឡូវ​គេ​ដាំដំឡូង​ឡើង​វាល​អស់ហើយ​មានអី មើលទៅ​ដូច​ទឹករលក​ហ្នឹង​។ គេ​កាប់​រាន​បន្តបន្ទាប់​តាំងពី​ឆ្នាំ​ ២០១៤ មកដល់​ឥឡូវ​ឡើង​វាល​គ្មាន​ព្រៃ​មួយ​ទេ សុទ្ធតែ​ដើម​ដំឡូង​ហ្មង​» ។

លោក វណ្ណា ម៉ាប់ អភិបាលស្រុក​​ពេជ្រាដា ថ្លែង​នៅ​ថ្ងៃទី​ ២ ខែមករា​ថា ចំពោះ​ករណី​ទិញ​លក់​ដីសម្បទាន​សង្គ​កិច្ច​នេះ អាជ្ញាធរ​ស្រុក​មិន​បានដឹង​នោះទេ​។ លោក​ថា រហូតមកដល់​ពេលនេះ​តាម​ក្រឹត្យក្រម​នីតិវីធី​របស់​ក្រសួង​ដែនដី ក៏ដូចជា​មន្ទីរជំនាញ​មិនទាន់​មាន​ធ្វើការ​បែងចែក​ច្បាស់លាស់​នៅឡើយ​។ កន្លងមក​ខាង​ស្រុក​ក៏បាន​ធ្វើការ​ទប់ស្កាត់​រហូត​ដែរ​ចំពោះ​ការកាប់​រានទន្ទ្រាន​ដីព្រៃ ប៉ុន្តែ​ប្រជាជន​ពេលខ្លះ​លួច​ធ្វើ​ពេលយប់​។

លោក​ថ្លែងថា​៖ «​ការងារ​នេះ​ពាក់ព័ន្ធ​នឹង​ជំនាញ បើ​ចង់ដឹង​យ៉ាងម៉េច ហេតុអ្វី​ពេលនេះ​មិនទាន់​បែងចែក​? អាហ្នឹង​ទាល់តែ​ខាង​មន្ទីរ​ដែនដី ក៏​ដូច​ក្រសួង​ដែនដី​បាន​គាត់​ច្បាស់ ព្រោះ​អី​រាល់​ការធ្វើសម្បទាន​ទាំងអស់ វា​មិនមែន​ជា​ជំនាញ​របស់​រដ្ឋបាល​ស្រុក​ទេ​ ប៉ុន្តែ​យើង​បានត្រឹមតែ​អ្នកចូលរួម​សហការ​តែប៉ុណ្ណោះ​» ។

លោក គ្រើង តុលា អ្នក​ប្រឹក្សា​យោបល់​ក្រុម​បណ្តាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែកុម្ភៈ ថា តាម​ព័ត៌មាន​ដែល​​លោក​ទទួលបាន​ពិតជា​មានការ​ទិញ​លក់​ដី​សង្គមកិច្ច​នោះ​ប្រាកដ​មែន ប៉ុន្តែ​ជាការ​ទិញ​លក់​លក្ខណ​បុគ្គល​គ្នាឯង មិនមាន​ការទទួលស្គាល់​ពី​សំណាក់​អាជ្ញាធរ​មាន​សមត្ថកិច្ច​នោះទេ​។

លោក​ថ្លែងថា​៖ «​ការលក់​ការដូរ​ហ្នឹង​អត់​មាន​ឯកសារ​ទេ ការលក់​ហ្នឹង​គ្រាន់តែ​ចង្អុល​លក់​ចង្អុល​លក់ អ៊ីចឹងទៅ​»​។ ​បើតាម​លោក តុលា អាជ្ញាធរ​មាន​សមត្ថកិច្ច​គួរ​មាន​វិធានការ​ទប់ស្កាត់ ភាពអនាធិបតេយ្យ​នៅ​ទីតាំង​ដី​សង្គមកិច្ច​នេះ និង​ស្វែងរក​អ្នក​ដែល​អះអាង​ថា ជា​ម្ចាស់​ដី​ដើម្បី​សួរនាំ​ និង​ដោះស្រាយ​តាម​​នីតិវិធី​។ ​មិនគួរ​បណ្តែតបណ្តោយ រហូត​ដល់​មាន​ការទិញ​លក់ និង​កាប់​រានទន្ទ្រាន​​ព្រៃ​អស់ ហើយ​ឆ្លើយថា​មិនដឹង​នោះទេ​។

លោក លឹម ចាន់សូភី ប្រធាន​មន្ទីររៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​ និង​សុរិយោដី​ខេត្តមណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃទី​ ២ កុម្ភៈ នេះ​ថា ដីសម្បទាន​សង្គមកិច្ច​គឺ​មិន​តម្រូវឱ្យមាន​ការកាប់​រាន​ ឬ​ទិញ​លក់​នោះទេ ហេតុនេះ​បើ​មាន​បុគ្គល​ចូលទៅ​ទន្ទ្រាន​ទិញ​លក់​នៅ​ទីនោះ​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​នឹង​ចាត់វិធានការ​ទៅតាម​ជាក់ស្តែង​។ ប៉ុន្តែ​លោក​ថា ដីសង្គមកិច្ច​នៅ​ស្រុក​ពេជ្រាដា បើ​ពិនិត្យ​តាម​របាយការណ៍​ក្នុង​ពេល​កន្លងមក​បញ្ជាក់​ថា មិនទាន់មាន​ការបែងចែក​នៅឡើយ​។ ​

លោក​ថ្លែងថា៖ «​យើង​ថ្នាក់​ខេត្ត គ្រាន់តែ​អាច​ចូលរួម​សម្របសម្រួល​វាយតម្លៃថា ដី​ហ្នឹង​វា​​លែងមាន​លទ្ធភាព​ប្រើប្រាស់​ជា​អ្វី​អ៊ីចឹងទៅ វា​តាម​ជាក់ស្តែង​តាម​ស្ថានភាព​ជាមួយ​ក្រុម​ការងារ​ចម្រុះ ប៉ុន្តែ​ខាង​ស្រុក​ពេជ្រាដា បើតាម​របាយការណ៍​កន្លងមក គឺ​អត់​ទាន់​មានការ​បែងចែក អត់​ទាន់​មាន​គម្រោង​ធ្វើ​អ្វី​ទេ​នៅ​ទីនោះ​»៕

វីដេអូ៖