
ភ្នំពេញៈ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសក្រសួងពិនិត្យពិភាក្សាជំរុញវឌ្ឍនភាពការងារសាងសង់គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨កាលពីថ្ងៃព្រហស្បតិ៍ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈនៅទីស្ដីការក្រសួង ដើម្បីពន្លឿនការសាងសង់។
កិច្ចប្រជុំដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធផងដែរ។
អង្គប្រជុំបានពិភាក្សាអំពីរបាយការណ៍វឌ្ឍនភាពការងារសម្រេចបាន ការកែសម្រួលកាលវិភាគការងារ សម្រាប់ការងារសាងសង់នៅក្នុងរដូវប្រាំង ដើម្បីធ្វើឱ្យប្រសើរឡើងនូវវឌ្ឍនភាពការងារ ការគ្រប់គ្រងគុណភាព ការផ្គត់ផ្គង់សម្ភារគ្រឿងចក្រ និងកម្លាំងពលកម្ម កង្វះអ្នកបច្ចេកទេសរចនាប្លង់ បញ្ហាទាក់ទងនឹងការកាប់ដើមឈើ សំណូមពរ បញ្ហាប្រឈមនិងដំណោះស្រាយរបស់ក្រុមហ៊ុន។
កំណាត់ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិលដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលតភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង។ ផ្លូវជាតិលេខ៤៨ត្រូវបានបើកការដ្ឋានសាងសង់កាលពីដើមខែមុន ដែលត្រូវបានចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិត ក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
លោកសូរ វ៉ិចទ័រ ដែលជាប្រធានគ្រប់គ្រងគម្រោងផងដែរនោះបានណែនាំឱ្យក្រុមហ៊ុនសាងសង់ទាញយកឱកាសនៅក្នុងរដូវប្រាំឆ្នាំនេះ ដើម្បីពន្លឿនវឌ្ឍនភាពការងារសាងសង់របស់ខ្លួន ព្រោះថាស្ថានភាព ភូមិសាស្ត្រផ្លូវជាតិលេខ៤៨នេះមានលក្ខណៈខុសគ្នាពីស្ថានភាពភូមិសាស្ត្រនៃផ្លូវផ្សេងទៀត។ កំណាត់ផ្លូវនេះជាផ្លូវស្ថិតនៅក្នុងភូមិសាស្ត្រជាប់មាត់សមុទ្រ សម្បូរទៅដោយភ្លៀងធ្លាក់ជោកជាំ បង្កការលំបាកដល់ការងារសាងសង់។
លោកបានជំរុញឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះ ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុកឱ្យបានជាដាច់ខាត ជាពិសេសត្រូវអនុលោមតាមលក្ខខណ្ឌអាទិភាពចំនួន២គឺ៖ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ និងក្រុមការងារបច្ចេកទេសរបស់ក្រសួង បានកំណត់ឱ្យក្រុមហ៊ុនសាងសង់ពន្លឿនវឌ្ឍនភាពការងាររបស់ខ្លួនឱ្យបាន១៥% គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខ និងបានជំរុញឱ្យក្រុមហ៊ុនសាងសង់ ក្រុមហ៊ុនប្រឹក្សាបច្ចេកទេសសាងសង់ អ្នកម៉ៅការបន្ត កម្មករនិយោជិត និងភាគីពាក់ព័ន្ធទាំងអស់សហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចបានវឌ្ឍនភាពការងារដែលបានកំណត់ខាងលើនេះ។
លោកក៏បានជំរុញផងដែរឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពបន្ថែមគ្រឿងចក្រ និងកម្លាំងពលកម្មឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុកប្រកបដោយគុណភាពរឹងមាំ។
តំណាងក្រុមហ៊ុនសាងសង់ បានប្តេជ្ញាអនុវត្ត និងទទួលយកការណែនាំពីឯកឧត្តមរដ្ឋ លេខាធិការ និងក្រុមការងារបច្ចេកទេស ដើម្បីឱ្យគម្រោងសាងសង់ផ្លូវទាំងនេះមានគុណភាពរឹងមាំ និង ប្រើប្រាស់ជាប់បានយូរអង្វែង ដោយសហការជាមួយថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន៣២ខែ ហើយគ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យ បច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture។ គម្រោងនេះគ្រោងចំណាយ ថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះស្រាយផលប៉ះពាល់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផងដែរ៕