ភ្នំពេញៈ មេបញ្ជាការកងទ័ពជើង​គោក កម្ពុជា-ថៃ ចុះ​ហត្ថលេខា​លើ «លក្ខខណ្ឌ​ស្តីពី​កិច្ច​សហប្រតិបត្តិការ» រវាង​កងទ័ព​ជើងគោក​នៃ​ប្រទេស​ទាំង ២ ដើម្បី​ពង្រីក​ទំនាក់​ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​ប្រទេស​ទាំង ២ និង​ជំរុញ​ឱ្យ​មាន​កិច្ច​ពិភាក្សា​ដោយ​បើក​ចំហ​លើ​ប្រធានបទ​ដែល​ផ្តល់​ផល​ប្រយោជន៍រួម។

ការ​ចុះ​ហត្ថលេខា​ធ្វើ​ឡើង​រវាង​លោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jittkaewtae) អគ្គមេបញ្ជាការ​កងទ័ព​ជើងគោក​ថៃ និង​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក នា​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ក្នុង​ឱកាស​ដែល លោក ណារ៉ុងផាន់ ជិតកែវធែ មក​បំពេញ​ទស្សន​កិច្ច​រយៈពេល ២ថ្ងៃ នៅ​កម្ពុជា​ជា​លើក​ដំបូង បន្ទាប់​ពី​លោក​បាន​ចូល​កាន់​តំណែង។

កងទ័ព​ជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នា​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ថា ការ​ចុះ​ហត្ថលេខានេះ គឺ​ជា​មូលដ្ឋាន​មួយ​ដ៏​សំខាន់​នៅ​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ដើម្បី ឈាន​ទៅ​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុង​ក្រប​ខ័ណ្ឌ​កងទ័ព​ជើងគោក កម្ពុជា-ថៃ ឱ្យ​មាន​កម្រិត​កាន់តែ​ខ្ពស់​ឡើង​បន្ថែម​ទៀត។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា៖ «ព្រឹត្តិការណ៍​នេះ អាច​ចាត់​ទុក​ថា ជា​ការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត នៃ​កិច្ច​ទំនាក់​ទំនង​រវាង​កងទ័ព​ជើង​គោក​ទាំង ២ ផងដែរ»។

ភាគី​ទាំង ២ បាន​ប្តេជ្ញា​កសាង និង​ពង្រឹង​តំបន់​ព្រំដែន​មិត្តភាព សន្តិភាព សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ដោយ​ឈរ​លើ​ស្មារតី​អត់ធ្មត់ និង​សម្រប​សម្រួល​ដោះស្រាយ​បញ្ហា តាម​យន្តការ គ្រប់​កម្រិត​ក្នុង​គោលការណ៍​គោរព​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​ទៅ​វិញ​ទៅ​មក។

ភាគី​ទាំង ២ បាន​ចាត់​ទុក​សន្តិភាព សន្តិសុខ និង​ ស្ថិរភាព នៅ​តាម​បណ្តោយ​ព្រំដែន គឺ​ពិត​ជា បាន​បង្ក​នូវ​លក្ខណៈ​អំណោយ​ផល ដល់​ការ​ដោះដូរ​ពាណិជ្ជកម្ម​ឆ្លងដែន ដែល​ជា​ការ​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​បង្កើត​ឱកាស​ការងារ និង​ការ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាជន នៃ​ប្រទេស​ទាំង ២។

ភាគី​ទាំង ២ ក៏​បាន​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​គាំទ្រ ជំរុញ និង​លើក​កម្ពស់​ដល់​កិច្ចសហប្រតិបត្តិ ការ​រវាង​កងទ័ព​ជើង​គោក នៃ​ប្រទេស​ទាំង ២ ទាំង​ក្នុង​ក្របខ័ណ្ឌ ទ្វេភាគី និង​តំបន់ ដើម្បី​បន្ត​ចូលរួម​ចំណែក​ថែ​រក្សា​សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុង​តំបន់ ក្រោម​ធ្លុង​សាមគ្គីភាព នៃ​កងទ័ព​ជើងគោក​បណ្តា​ប្រទេស​សមាជិក​អាស៊ាន៕