គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឱ្យ​បាតុករ​ដែល​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រមូល​ផ្ដុំ ធ្វើ​បាតុកម្ម ហើយ​ត្រូវ​បន្ត​អនុវត្ត​តាម​វិធានការ​សុខាភិបាល រហូត​ដល់​ធានា​បាន​ថា លែង​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ចូលទៅ​ក្នុង​ចំណោម​បាតុករ និង​ក្រុម​គ្រួសារ។

ការបញ្ជានេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈសេចក្តី​ប្រកាស​ព័ត៌មាន​នា​យប់​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ ២០២២ នេះ ដោយ​រាជធានី​ភ្នំពេញ​ក៏​បានព្រមានថា នឹង​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​បុគ្គល​ណា​ដែល​មិន​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឱ្យ​ដឹង​ថា ក្រសួង​សុខាភិបាល​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្តីពី​ការ​រកឃើញ​នូវ​ករណី​វិជ្ជមាន​កូវីដ​១៩ ប្រភេទ​អូមីក្រុង លើ​បាតុករ​អតីត​បុគ្គលិក​ក្រុមហ៊ុន​ ណាហ្គាវើលដ៍ ជា​ស្រ្តី​មាន​ផ្ទៃពោះ​ម្នាក់ ហើយ​បាន​ណែនាំ​ឱ្យ​បាតុករ​ទាំងអស់​ទៅ​យក​សំណាក​នៅទីតាំង ដែល​បាន​កំណត់ ស្ថិត​នៅ​កោះពេជ្រ ក្នុង​រយៈពេល ០៣ថ្ងៃ។

ប្រភព​ដដែល​បាន​បន្ត​ថា តំណាង​ក្រុម​បាតុករ លោក ជួប ចាន់ណាត បាន​សំណូមពរ​ឱ្យ​ក្រុម​គ្រូពេទ្យ​មក​យក​សំណាក​នៅ​ទីតាំង​ប្រមូល​ផ្តុំ​ធ្វើបាតុកម្ម ប៉ុន្តែ​ជាក់ស្តែង នៅ​ពេល​ក្រុម​គ្រូពេទ្យ​មក​ដល់ ក្រុម​បាតុករ​នៅ​តែ​រឹងរូស មានះមិន​ព្រម​សហការ​ឱ្យ​យក​សំណាក​ទៀត។

រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា៖ «ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ប្រភេទ អូមីក្រុង ឬ​ប្រភេទ​ផ្សេង​ទៀត ចូល​ទៅ​ក្នុងសហគមន៍ ក្នុង​ទ្រង់ទ្រាយ​ធំ តាម​រយៈការ​ប្រមូល​ផ្ដុំ ធ្វើ​បាតុកម្ម​នេះ គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ថ្នាក់​រាជធានី​ភ្នំពេញ ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ប្រមូល​ផ្ដុំ ធ្វើ​បាតុកម្ម ហើយ​ត្រូវ​បន្ត​អនុវត្តតាម​វិធានការ​សុខាភិបាល រហូត​ដល់​ធានា​បាន​ថា លែង​មាន​ការ​ឆ្លង​ជំងឺកូវីដ​១៩ ចូលទៅ​ក្នុង​ចំណោម​បាតុករ និង​ក្រុម​គ្រួសារ»។

បើ​តាម​សេចក្តី​ប្រកាស​នេះ បាន​ឱ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី ០៣-០៤ ខែ​កុម្ភៈ ក្រសួង​សុខាភិបាល បាន​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ១៩ ប្រភេទអូមីក្រុង លើ​បាតុករ​ជា​បន្ត​បន្ទាប់​បន្ថែម​ទៀត។ ដូចនេះ គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី​ភ្នំពេញ បាន​អំពាវនាវ​ដល់​ក្រុមគ្រួសារ និង​អ្នក​ពាក់ព័ន្ធ​ជាមួយ​បាតុករ ត្រូវ​ទៅ​យក​សំណាក​នៅ​ទីតាំង​ដែល​បាន​កំណត់​ជូន ស្ថិត​នៅ​កោះពេជ្រ​បន្ត​ទៀត។

រដ្ឋបាល​រាជធានី​ភ្នំពេញ​ថា៖ «ក្នុង​ករណី​ដែល​បាតុករ​នៅ​តែ​ចចេស រឹងរូស បន្ត​ប្រមូល​ផ្ដុំ ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ១៩ ចូល​ក្នុង​សហគមន៍​ជា​បន្តបន្ទាប់​ទៀត​នោះ បុគ្គល​បង្កហេតុ ដែល​មិនព្រម​អនុវត្ត​វិធានការ​សុខាភិបាល និង​វិធានការ​រដ្ឋបាល​ត្រូវ​ទទួលទោស​តាម​ច្បាប់​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩ និង​ជំងឺ​ឆ្លងកាច​សាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត ដោយ​ក្នុង​នោះ​មាន​ការ​ផាក​ពិន័យ និង​ទោស​ដាក់​ពន្ធនាគារ ដោយ​គ្មាន​ការ​លើកលែង​ឡើយ»។

គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩ ថ្នាក់​រាជធានី​ភ្នំពេញ សង្ឃឹម​និង​ជឿជាក់​លើ​ស្មារតី​ចូលរួម​របស់​ក្រុម​បាតុករ​ដែល​ជា​អតីត​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ដើម្បី​អាយុ​ជីវិត​ផ្ទាល់​ខ្លួន ក្រុម​គ្រួសារ ក៏​ដូចជា ធានា​បាន​នូវ​ការ​រស់នៅ​តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​រាជធានី​ភ្នំពេញ​ជួប​សោកនាដកម្ម​ដូច​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ឆ្នាំ​២០២១ ឡើងវិញ៕