ភ្នំពេញៈ រាជរដ្ឋាភិបាល បាន​ដាក់​ឱ្យ​ប្រើប្រាស់​គោល​នយោបាយ​ឌីជីថល​កម្ពុជា ឆ្នាំ ២០២២-២០៣៥ ដែល​មាន​គោល​បំណង​បង្កើតបរិយាកាស​អំណោយផល​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ប្រកប​ដោយ​បរិយាបន្ន។

យោងតាម​ឯកសារ​គោលនយោបាយ ដែល​ភ្នំពេញប៉ុស្តិ៍​បាន​ទទួល​នា​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ បាន​ឱ្យ​ដឹង​ថា គោល​នយោបាយ​នេះ មាន​ចក្ខុវិស័យ​កសាង​រដ្ឋាភិបាល​ឌីជីថល ដើម្បី​លើក​កម្ពស់ គុណភាព​ជីវិត​និង​ទំនុក​ចិត្ត ប្រជាពលរដ្ឋ តាម​រយៈការ​បម្រើ​សេវាសាធារណៈ​ឱ្យ​កាន់​តែ​ល្អប្រសើរ។

គោលនយោបាយនេះ មានគោលបំណង កសាង​រដ្ឋាភិបាល​ឆ្លាត ដោយឈរ​លើ​មូលដ្ឋាន នៃ​ការ​ប្រើប្រាស់​ហេដ្ឋារចនា​សម្ព័ន្ធ​និង​បច្ចេក​វិទ្យាឌីជីថល​ជា​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អភិបាលកិច្ច​និង​ការ​កែ​ទម្រង់​លើ​គ្រប់​វិស័យ​ប្រកប​ដោយ​តម្លាភាព​និង​ភាព​ជឿទុកចិត្ត៕