ភ្នំពេញៈ អភិបាល​ខេត្ត​បាត់ដំបង​ណែនាំ​មន្ត្រី​សិក្សា​ឱ្យ​បាន​ហ្មតចត់​អំពី​ប្រពៃណី ទំនៀមទម្លាប់ និង​ទម្រង់​ដើម នៃ​ការ​លាបពណ៌​អគារ​បុរាណ រៀប​សណ្តាប់​ធ្នាប់​តាម​សួន តាមផ្សារ ផ្លូវសាធារណៈ និង​រៀបចំ​អាហារ​សុវត្ថិភាព​ទទួល​ភ្ញៀវ ដើម្បី​លើក​កម្ពស់​សណ្តាប់ធ្នាប់​និង​សោភណ្ឌភាព​ខេត្ត។

ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​រៀបចំ​សណ្តាប់ធ្នាប់​សោភ័ណភាព​ក្រុង​បាត់ដំបង កាល​ពី​ថ្ងៃ​ទី ៤ ខែ​មករា​ថា លោក សុខ លូ អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​គណៈកម្មការ​រៀបចំ​សណ្ដាប់ធ្នាប់​សោភ័ណភាព​ខេត្ត សិក្សា​ឱ្យ​បាន​ហ្មត់ចត់ ជាពិសេសអំពី​ប្រពៃណី ទំនៀមទម្លាប់ និង​ទម្រង់​ដើម ដូចជា​ការ​លាបពណ៌​អគារ​បុរាណ ថា​ត្រូវ​រៀបចំ​លាបពណ៌​អ្វី​ដែល​ជា​ទម្រង់​ដើម​នៃ​អគារ ដើម្បីឱ្យ​សណ្តាប់ធ្នាប់​ក្នុង​ក្រុង​កាន់តែ​ប្រសើរ។

លោក​ថា៖«បើ​ចង់​ឱ្យ​មាន​ការ​រៀប​ចំ​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង​កាន់តែ​មាន​ប្រសិទ្ធភាព និង​ឆាប់​រហ័ស ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ទាំងអស់​គ្នា ទាំង​ក្រុម​ការងារ និង​ប្រជាពលរដ្ឋ ធ្វើ​យ៉ាងណា​គឺ​សហការគ្នា​ទៅវិញ​ទៅមក​ទើប​ដំណើរការ​នៃ​ការ​រៀបចំ​បាន​យ៉ាង​រលូន»។

លោក​អភិបាល​ខេត្ត​បាន​លើកឡើង​ទៀត​ថា ម្ហូប​អាហារ​ខេត្ត​បាត់ដំបង ក៏​ជា​ចំណុចមួយ​សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ផងដែរ ហេតុនេះ ម្ហូបអាហារ​នានា​ត្រូវ​ប្រាកដ​ថា​មាន​អនាម័យ​ខ្ពស់ គ្មាន​ជាតិ​គីមី និង​មិន​ប៉ះពាល់​ដល់​សុខភាព ព្រោះ​ខេត្ត​បាត់ដំបង ក៏​ជា​ខេត្ត​មួយ​មាន​ភាព​ល្បីល្បាញ​ខាង​ផ្នែក​ម្ហូប​អាហារ ដូចនេះ​ត្រូវតែ​រៀបចំ​ម្ហូប​អាហារ​ដែល​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​ផងដែរ។

បន្ថែមលើនោះ លោក សុខ លូ បាន​ណែនាំ​ឱ្យ​ក្រុម​ការងារ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់ ក្នុង​ការ​រៀបចំ​ចំណត​រថយន្ត និង​ម៉ូតូ​នៅ​ជុំវិញផ្សារ​ណាត់ (ផ្សារ​ធំ​បាត់ដំបង) ដែល​បច្ចុប្បន្ន​នេះ មាន​ភាព​អនាធិបតេយ្យ​ក្នុង​ការ​ចត​យានយន្ត​ជុំវិញ​ផ្សារ​គ្មាន​សណ្ដាប់ធ្នាប់ ធ្វើ​ឱ្យ​ជុំវិញ​ផ្សារណាត់ មាន​ភាព​រញ៉េរញ៉ៃ ចង្អៀត ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​ថា ក្នុង​នោះក៏​ត្រូវរៀបចំ​បរិស្ថាន​ជុំវិញ​សួនច្បារ​នានា​ក្នុង​ក្រុង ការ​លក់ដូររបស់​អាជីវករ​ដែល​លក់​នៅ​តាម​ផ្លូវ​សាធារណៈ​ផងដែរ៕