​សៀមរាបៈ ពលរដ្ឋ​នៅ​តំបន់​អង្គរ​នាំគ្នា​ប្រារព្ធ​ពិធី​ឡើង​មាឃ​សុំ​សេចក្តីសុខ ដើម្បី​រក្សា​ប្រពៃណី​ពី​បុរាណ​កាលដែល​បាន​បន្សល់ទុក​ពី​ដូនតា​មកដល់​បច្ចុប្បន្ន​។ អ្នកភូមិ​ជឿថា​ការធ្វើ​ពិធី​នេះ គឺ​នាំឱ្យ​កូនចៅ​សុខ​សប្បាយ ធ្វើស្រែ​ចម្ការ​ទទួលបាន​ភោគផល​ច្រើន និង​ចៀស​ផុតពី​ជំងឺ​។​

​ពលរដ្ឋ​នៅ​តំបន់​អង្គរ​បាន​ទៅ​ជួបជុំគ្នា​នៅមុខ​ប្រាសាទអង្គរវត្ត​កាលពី​ថ្ងៃទី ៤ ខែមករា ដើម្បី​រៀបចំ​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ដែល​អ្នកភូមិ​ជឿថា ពិធី​នេះ​នឹង​នាំឱ្យ​កូនចៅ​សុខ​សប្បាយ ធ្វើ​កសិកម្ម​ទទួលបាន​ផល​ច្រើន និង​ចៀស​ផុតពី​ជំងឺ​ទៀតផង​។

​ស្ត្រី​ចំណាស់​ម្នាក់​ឈ្មោះ កែវ ច​ន្ថូ រស់នៅ​ភូមិ​វាល សង្កាត់​គោកចក បានឱ្យដឹងថា តាម​ទំនៀម​ប្រពៃណី​ពី​បុរាណកាល​មក​មិនដែល​ខកខាន​ឡើយ ឱ្យតែ​ដល់​ថ្ងៃ​៣​កើត ខែមាឃ ប្រជាពលរដ្ឋ​តែងតែមាន​ការជួប​ជុំគ្នា ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ដើម្បី​សុំ​សេចក្តីចម្រើន​ទៅតាម​ជំនឿ​របស់ខ្លួន​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា នៅក្នុង​ឆ្នាំ​២០២២​នេះ ក៏​មិន​ខុសប្លែក​ពី​ឆ្នាំមុនៗ​ប៉ុន្មាន​ដែរ អ្នកស្រុក​ក្នុង​តំបន់​អង្គរ មាន​ក្មេង​ចាស់ ប្រុស​ស្រី បានមក​ជួបជុំគ្នា​នៅ​បរិវេណ​ខាងមុខ​ប្រាសាទ​អង្គរ ប្រាសាទ​វត្ត​អធ្វា អ្នកតា​បាក់រទេះ​ក្នុងភូមិ​នគរ​ក្រៅ និង​ទីតាំង​សំខាន់ៗ​ផ្សេងទៀត​ក្នុង​តំបន់​អង្គរ ដើម្បី​ប្រារព្ធ​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា ដើម្បី​សុំ​សេចក្តីសុខ​ចម្រើន ទាំងនេះ​សបញ្ជាក់​ឱ្យឃើញថា អ្នកស្រុក​អង្គរ​នៅតែ​បន្ត​ថែរក្សា​ប្រពៃណី​ពី​បុរាណ​កាលដែល​បាន​បន្សល់ទុក​ពី​ដូនតា​មកដល់​បច្ចុប្បន្ន​។​

​អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់ថា ៖«​អ្នកភូមិ​ជឿថា ការធ្វើ​ពិធី​ឡើងអ្នកតា គឺ​នាំឱ្យ​កូនចៅ​សុខ​សប្បាយ ធ្វើស្រែ​ចម្ការ​ទទួលបាន​ភោគផល​ច្រើន ចៀស​ផុតពី​ជំងឺ​។ ដូច្នេះហើយ ទើប​ពួកគាត់​ត្រូវ​រៀបចំ​ពិធី​នេះ​មិនដែល​អាក់ខាន​ឆ្នាំ​ណា​ទេ​ទៅតាម​លទ្ធភាព ព្រោះ​អ្នកតា គឺជា​វត្ថុ​ស័ក្ដិសិទ្ធិ អ្នកថែរក្សា​ស្រុក ជា​អ្នក​ឃុំគ្រង​កូនចៅ​ឱ្យបាន​សុខ​សប្បាយ​គួរឱ្យ​គោរពបូជា មិនអាច​មើលងាយ​ឬ​លេងសើច​បានទេ​»​។​

​បើតាម​អាជ្ញាធរ​ជាតិ​អប្សរា ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា ប្រារព្ធ​ឡើង​តាមបែប​ព្រះពុទ្ធសាសនា​ផង និង​តាម​ជំនឿ​បែប​ព្រហ្មញ្ញសាសនា​ផង ដោយពេល​ព្រឹក​ព្រលឹម មាន​ពិធី​និមន្ត​ព្រះសង្ឃ​សូទ្រ​មន្ត​ចម្រើន​ព្រះ​បរិត្ត និង​វេ​ភត្តាហារ​ប្រគេន​ព្រះសង្ឃ និង​ពេល​រសៀល មាន​រៀបចំ​ជា​គ្រឿង​សក្តា​រៈ ដ​ង្វា​យ​បូជា ការប្រគំ​ភ្លេងពិណពាទ្យ និង​មាន​ពិធីបួងសួង​សុំ​សេចក្តីសុខ​ចម្រើន​ដែរ​៕​