​កំពង់់ចាមៈ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការ​ស្រុក​ស្ទឹងត្រង់ និង​ស្រុក​ចំការលើ​ធ្វើការ​បង្ក្រាបបាន​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​៦​នាក់ កាលពី​ថ្ងៃទី ៣ និង​ទី ៤ ខែកុម្ភៈ​នេះ​។

​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ចាម បានឱ្យដឹងថា កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តកំពង់ចាម រួមជាមួយ​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចំការលើ និង​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋ​បាលដ​ង​ក្ដារ បាន​បើក​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប ករណី​ជួញដូរ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន ១​ករណី ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន ៣​នាក់ នៅ​ថ្ងៃទី ៣ ខែកុម្ភៈ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជីវ សេង​រស់ ស្នងការរង ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បានឱ្យដឹងថា ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ៥​កញ្ចប់​, ទូរស័ព្ទដៃ​ចំនួន ២​គ្រឿង និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។

​លោក​បន្តថា រហូតដល់​ថ្ងៃទី​៤ ខែកុម្ភៈ សមត្ថកិច្ច​បាន​បន្ដ​កិច្ចប្រតិបត្តិការ​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៣​នាក់​បន្ថែមទៀត ដែល​ដកហូត​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ៣​កញ្ចប់ និង ទូរស័ព្ទដៃ​ចំនួន ៣​គ្រឿង ។​

​លោក​ស្នងការរង​បញ្ជាក់ថា​៖«​ករណីនេះ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​បាន​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​»៕​