កំ​ពតៈ មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​ក​.​ប​.​ប​.) ខេត្តកំពត រកឃើញ​បង្គា​នាំចូល​ពី​បរទេស​ប្រមាណ​ជាង ១០០​គីឡូក្រាម មាន​សារធាតុ CMC (​ចាហួយ​) នៅ​ច្រកទ្វារព្រំដែន​ខេត្តកំពត​។ ការរកឃើញ​នេះ​គឺ បន្ទាប់ពី​បាន​ត្រួតពិនិត្យ​បង្គា​ស្រស់​នាំចូល​នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក នៅ​ថ្ងៃទី​៤ ខែកុម្ភៈ​។

​ក្រុមការងារ ក​.​ប​.​ប​. បញ្ជាក់ថា មន្ត្រី​ជំនាញ​សា​ខាក​.​ប​.​ប​. ខេត្តកំពត បាន​ចុះ​សហការ​ត្រួតពិនិត្យ​បង្គា​ស្រស់​នាំចូល​នៅ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ខេត្តកំពត នៅ​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២២ នេះ​។ ក្នុងចំណោម​បង្គា​នាំចូល​សរុប​ចំនួន ១៣​តោន ៦២៥​គីឡូក្រាម មន្ត្រី​ជំនាញ​បាន​រកឃើញ​បង្គា​ចំនួន ១២៨​គីឡូក្រាម​មាន​សារធាតុ CMC (​ចាហួយ​) ។

​ក្រុមការងារ​នេះ​បញ្ជាក់ថា​៖«​មន្ត្រី​ជំនាញ​បាន​ដកហូត​បង្គា​ដែលមាន​សារធាតុ CMC ទាំងនោះ​ទៅ​កម្ទេចចោល​តាម​នីតិវិធី​»​។

​ក្រុមការងារ​នេះ​បានឱ្យដឹងថា ការចុះ​បង្ក្រាប​នេះ​ធ្វើឡើង​ដោយ​អនុវត្តតាម ប្រកាស​អន្តរក្រសួង​លេខ​៥៧៤ សហវ​.​ប្រក ស្តីពី​កិច្ចសហការ​រវាង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា និង​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ​នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កាំកុងត្រូល​) និង​យោងតាម​សំណើ​របស់​សាខាគយ និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​៕​